- 2017-12-21 11:21:00
- ជីវិតតារា
តាមបានដឹង អ៊ីណូ តម្លៃខ្លួនប្រែប្រួល៣ដំណាក់កាលតាំងពីចាប់ផ្ដើមមកដល់បច្ចុប្បន្ន
- 2017-12-21 11:21:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមបានដឹង អ៊ីណូ តម្លៃខ្លួនប្រែប្រួល៣ដំណាក់កាលតាំងពីចាប់ផ្ដើមមកដល់បច្ចុប្បន្ន
ចន្លោះមិនឃើញ
តាំងពីបានចូលប្រឡូកក្នុងពិភពសិល្បៈចម្រៀងអស់ពេលជិត១០ឆ្នាំ មកទល់បច្ចុប្បន្នតារាចម្រៀងសាន់ដេ លោក អ៊ីណូ មានការប្រែប្រួលខ្លាំងលើតម្លៃខ្លួនតាំងពីពេលចាប់ផ្ដើមរហូតដល់បច្ចុប្បន្ន។
តាមការបង្ហើបរបស់លោក អ៊ីណូ ផ្ទាល់ គឺចាប់ចូលសិល្បៈនៅឆ្នាំ ២០០៨ ក្រោយប្រឡងជាប់ចំណាត់ថ្នាក់លេខ២ផ្នែកចម្រៀង ក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍បាយ័ននោះ លោកទទួលបានថ្លៃពលកម្មជិត១ពាន់ដុល្លារ គឺចន្លោះពី ៤០០-៥០០ដុល្លារអាមេរិក។ តម្លៃឈ្នួលនេះ គឺសម្រាប់ការចេញច្រៀងតាមកម្មវិធីតន្ត្រីនានា។
ក្រោយមក ប្រែប្រួលតាមទីផ្សារ លោកថាតម្លៃអត់នឿយរបស់លោក បានឡើងមកដល់ចន្លោះ ៧០០ ទៅ ៨០០ដុល្លារអាមេរិកអំឡុង។ ដោយឡែកតម្លៃខ្លួនចុងក្រោយ ដែលបានប្រែប្រួលតាំងពីចុងឆ្នាំ ២០១៦ មកទល់បច្ចុប្បន្នវិញនោះ គឺចន្លោះពី ១៣០០ ទៅ ១៥០០ដុល្លារ សម្រាប់ការងារចម្រៀងតាមកម្មវិធីតន្ត្រីនានា តាមបណ្ដាខេត្ត រាជធានីក្នុងប្រទេសកម្ពុជា។
បើទោះតម្លៃខ្លួនប្រែប្រួលដូច្នេះក៏ដោយ ប៉ុន្តែ អ៊ីណូ ប្រាប់ថា ទីផ្សារការងាររបស់លោកនៅល្អណាស់ ដោយមួយខែៗរកពេលសម្រាកគ្មាន។ ចំណុចសំខាន់ គឺលោកមានទម្លាប់ផ្ទាល់ខ្លួនមួយ។ "តម្លៃខ្លួនប៉ុណ្ណឹង ខ្ញុំអត់មានកំណត់បទចម្រៀងទេ អោយតែបានចាប់កាន់ក្បាលមេក្រូហ្វូនហើយ ខ្ញុំដឹងតែច្រៀងហើយ អត់ខ្លាចអត់បទទេ អោយតែបងប្អូនសប្បាយ។ បទក៏អត់កំណត់ ម៉ោងក៏អត់កំណត់ ខ្ញុំចង់ឲ្យម្ចាស់កម្មវិធី ម្ចាស់ឧបត្ថម្ភមានពេលច្រើនក្នុងការផ្សព្វផ្សាយ ឬលក់ផលិតផលរបស់គាត់"។
ទម្លាប់ផ្ទាល់ខ្លួនមួយនេះ អ៊ីណូ ប្រាប់ថា ប្រកាន់ខ្ជាប់ច្រើនឆ្នាំមកហើយ ហើយដោយសារតែបែបនេះ លោកថា ម្ចាស់កម្មវិធី ក៏ដូចជាម្ចាស់ឧបត្ថម្ភពេញចិត្តក្នុងការធ្វើការជាមួយលោកណាស់។ ដូច្នេះហើយ ទើបលោកនៅអាចរក្សាទីផ្សារការងារបានល្អមកទល់បច្ចុប្បន្ន។
ក្រោយចូលសិល្បៈឆ្នាំ ២០០៨ លោកបានតស៊ូច្រៀងនៅតាមក្លឹបកម្សាន្តនានាជាច្រើនឆ្នាំ មុនពេលលោកបានក្លាយជាតារាចម្រៀង ផលិតកម្មសាន់ដេអំឡុងឆ្នាំ ២០១៣។ ក្នុងនាមជាតារាចម្រៀងអាជីពរបស់ផលិតកម្មមួយនេះ អ៊ីណូ បានចេញបទចម្រៀងច្រើន។ បទដែលពេញនិយមមានបទ "ប្រុសក្រញ៉ាញ់ខូចចិត្ត" “ក្បាច់គុនមនុស្សស្មោះ" “អូនកុំយំ កុំយំ" និងបទ "កំពង់សោមបងនឹកអូនជាដើម"។
នៅចុងឆ្នាំ ២០១៧ នេះលោកទើបចេញបទចម្រៀងថ្មីមួយបទទៀត គឺ "ឈ្មោះជាពលករ" ដែលកំពុងពេញនិយមថែមទៀត៕