- 2018-01-15 05:30:00
- ព័ត៌មាន
កំពូលតារាអាស៊ីជើងខ្លាំង ១២រូបបំបែកកំណត់ត្រាប្រវត្តិសាស្ត្រសម្រុកចូលហូលីវូដ
- 2018-01-15 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលតារាអាស៊ីជើងខ្លាំង ១២រូបបំបែកកំណត់ត្រាប្រវត្តិសាស្ត្រសម្រុកចូលហូលីវូដ
ចន្លោះមិនឃើញ
វិស័យសិល្បៈអាស៊ីមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសតារាប្រុសស្រីមួយចំនួនកាន់តែមានការទទួលស្គាល់ និងលើកតម្កើងខ្លាំងឡើងៗពីខាងហូលីវូដ។
ដោយសារសមត្ថភាពមិនអាចកាត់ថ្លៃបានរបស់តារាអាស៊ីទាំងនោះ ពិតជាត្រូវប៉ាន់ខ្លាំងក្នុងវិស័យហក់លោត និយាយឲ្យចំគឺសម្រាប់ភាពយន្តហូលីវូដតែម្ដង។ ជាការពិតមានតារាប្រុសស្រីជាច្រើន ដែលទទួលបានភាពជោគជ័យក្នុងវិស័យនេះនាពេលកន្លងមក ហើយរហូតមកទល់ពេលបច្ចុប្បន្ននេះ ក៏នៅមានតារាៗមានមុខជាបន្តបន្ទាប់ដែរ។ តើមានតារាមកពីអាស៊ីណាខ្លះ ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ពេលលេចមុខក្នុងហូលីវូដ?
១. តារាសម្ដែងហុងកុង Jackie Chan
តារាជើងចាស់ ផ្ការីកគ្រប់រដូវ Jackie Chan ឈានជើងចូលក្នុងហូលីវូដដំបូងក្នុងឆ្នាំ ១៩៩៨ តាមរយៈរឿង "Rush Hour”។ លោកបានក្លាយជាតារាដែលមានការគាំទ្រ និងស្រឡាញ់ចូលចិត្តពីអ្នកគាំទ្រជាច្រើនជុំវិញពិភពលោក ដោយសារការសម្ដែង និងទេពកោសល្យក្បាច់គុនរបស់លោក។ ជាពិសេសដោយសារសមត្ថភាពពិសេសនេះហើយ ទើបឈិនឡុង ត្រូវអញ្ជើញឲ្យសម្ដែងក្នុងភាពយន្តបែបហក់លោត វាយតប់របស់ហូលីវូដជាច្រើន។ ដោយឡែក សម្រាប់បច្ចុប្បន្នវិញ តារាប្រុសវ័យ ៦៣ឆ្នាំរូបនេះ ក៏នឹងត្រៀមសមិទ្ធិផលថ្មីចំនួន ២ទៀតគឺ “Shanghai Dawn” និង “Rush Hour 4“។
២. តារាសម្ដែងចិន Zhang Ziyi
តារាចិនរូបនេះលេចមុខដំបូងក្នុងខ្សែភាពយន្តហូលីវូដដំបូងក្នុងឆ្នាំ ២០០១ តាមរយៈរឿង "Rush Hour 2”។ Ziyi ជាតារាស្រីដែលមានភាពល្បីល្បាញគួរសម ក្នុងអំឡុងឆ្នាំ ២០០០ បន្ទាប់ពីសម្ដែងរឿងហូលីវូដដំបូងរបស់នាង។ កាន់តែពិសេសក្នុងឆ្នាំ ២០០៩ នាងរឹតតែទទួលបានការគាំទ្រខ្លាំង ពេលសម្ដែងក្នុងរឿង "The Horsemen”។ សម្រាប់ឆ្នាំ ២០១៨ នេះ Ziyi ក៏នឹងបង្ហាញខ្លួនជាថ្មីក្នុងរឿងហូលីវូដ២ទៀតមាន “God Particle” និងរឿង “Godzilla: King of the Monsters” ដែលត្រៀមផលិតឆ្នាំ ២០១៩។
៣. តារាសម្ដែងចិន Jet Li
រឿងហូលីវូដដំបូងដែល Jet Li ឫ លីលានជា សម្ដែងមានចំណងជើងថា "Lethal Weapon 4” ចេញក្នុងឆ្នាំ ១៩៩៨។ ដោយសារមើលឃើញពីទេពកោសល្យសម្ដែងដ៏អស្ចារ្យរបស់ លីលានជា ទើបលោកទទួលបានការគាំទ្រជាខ្លាំងនឹកស្មានមិនដល់នាពេលនោះ រហូតដល់ថ្នាក់ត្រូវផលិតករអញ្ជើញឲ្យថតរឿងថ្មីមួយទៀតមានចំណងជើងថា "Romeo Must Die” ហើយក៏កក្រើកជាថ្មីទៀត។ ក្រៅពីនោះ នៅមានរឿងល្បីៗជាច្រើនទៀតដូចជា "The Expendables” ឆ្នាំ ២០១០, “The Expendables 2” ក្នុងឆ្នាំ ២០១២, “The Expendables 3” ឆ្នាំ ២០១៤, “The One”, “Kiss of the Dragon”, “Cradle 2 the Grave” និង “The War” ជាដើម។
៤. តារាសម្ដែងចិន Fan Bingbing
ខ្សែភាពយន្តដែលតារាស្រីរូបនេះបង្ហាញខ្លួនដំបូងក្នុងវិស័យហូលីវូដគឺ "Iron Man 3” ផលិតឆ្នាំ ២០១៣។ ក្រោយពីកេរ្តិ៍ឈ្មោះបោះសំឡេងរបស់ Fan Bingbing ល្បីសុសសាយពេញទ្វីបអាស៊ីមក នាងបានបន្តស្វែងរកភាពជោគជ័យជាបន្តលើឆាកហូលីវូដ។ ដោយសាររូបសម្រស់ បូករួមនឹងសមត្ថភាពពិសេសពីកំណើត ក៏បានធ្វើឲ្យនាងទទួលបានភាពជោគជ័យមិនធម្មតា ហើយត្រូវអ្នកដឹកនាំខាងប៉ែកហូលីវូដហៅថតរឿងជាច្រើនទៀតដូចជា៖ "X-Men: Days of Future Past”, “The Meg”, “Stretch” និងរឿង “My Way”។ ដោយឡែក ក្នុងឆ្នាំ ២០១៨នេះ នាងក៏មានស្នាដៃជូនដល់អ្នកគាំទ្ររបស់ខ្លួនទៀតដែរមានចំណងជើងថា "The King’s Daughter”។
៥. តារាសម្ដែងហុងកុង Donnie Yen
រឿងដំបូងរបស់ Donnie Yen ឫកុំកុំ មានចំណងជើងថា "Shanghai Knights” ផលិតក្នុងឆ្នាំ ២០០៣។ តារាប្រុសរូបនេះក៏តែងលេចមុខជារឿយៗក្នុងពិភពហូលីវូដ តួយ៉ាងដូចឆ្នាំមុន Donnie បានចូលរួមសម្ដែងក្នុងរឿងល្បីមួយមានចំណងជើងថា "xXx: Return of Xander Cage”។ យ៉ាងណាមិញស្នាដៃជាប្រវត្តិសាស្ត្រថ្មី២ទៀតក៏ជិតលេចរូបរាងដែរសម្រាប់ Donnie Yen មានដូចជា "IP-Man 4”, និង “American Revenge” ដែលសុទ្ធតែបញ្ចាំងក្នុងឆ្នាំ ២០១៨។
៦. តារាសម្ដែងចិន Lui Yi Fei
កាលពីឆ្នាំ ២០០៨ Yi Fei បានសម្ដែងក្នុងរឿងហូលីវូដ១មានចំណងជើងថា “The Forbidden Kingdom”។ ប៉ុន្តែថ្មីៗនេះ នាងធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយដឹងព័ត៌មានថានាងនឹងដើរជាតួឯកក្នុងភាពយន្តហូលីវូដដល់ទៅ ២គឺ “Inversion” និង “Mulan”។ ភាពយន្តឆ្នាំ ២០១៨ "Inversion" តារាស្រីវ័យ ៣០ឆ្នាំរូបនេះ នឹងសម្ដែងជាតួជារូបវិទូម្នាក់ ដែលព្យាយាមជួយសង្គ្រោះផែនដីពីការគំរាមកំហែងផ្សេងៗ ជាមួយតួអង្គជនជាតិអាមេរិកម្នាក់សម្ដែងដោយតារាសម្ដែង Samuel Leroy Jackson។ រីឯរឿងបញ្ចាំងឆ្នាំ ២០១៩ "Mulan” វិញ កាន់តែពិសេស ព្រោះជារឿងហូលីវូដដំបូងក្នុងប្រវត្តិសាស្រ្តដែលយកលំនាំតាមរឿងចិន ហើយផ្ដោតសំខាន់លើតួឯកស្រីខ្លាំងជាងគេ ខុសពីសព្វដង។
៧. តារាសម្ដែងកូរ៉េ Rain
Rain បានធ្វើឲ្យអ្នកគាំទ្រខ្លួនទាំងអស់ភ្ញាក់ផ្អើលគ្រប់គ្នាពេលសម្ដែងក្នុងរឿងហូលីវូដ១មានចំណងជើងថា "Speed Racer” បញ្ចាំងក្នុងឆ្នាំ ២០០៨។ ឈានចូលឆ្នាំ ២០០៩ តារាប្រុសកូរ៉េរូបនេះ ក៏ទទួលបានឱកាសពិសេសថ្មី១ទៀត ដោយបានសម្ដែងក្នុងរឿងថ្មីទៀតគឺ រឿង “Ninja Assassin” រហូតធ្វើឲ្យលោកក្លាយជាតារាកូរ៉េដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រដែលសម្ដែងជាតួសំខាន់ក្នុងរឿងហូលីវូដ។ រយៈពេល ៣ឆ្នាំក្រោយ Rain លេចមុខជាថ្មីក្នុងវិស័យភាពយន្តលោតផ្លោះនេះ ជាមួយតារាសម្ដែង Bruce Willis និង John Crusack តាមរយៈរឿង "The Prince”។
៨. តារាសម្ដែងកូរ៉េ Lee Byung Hun
ក្នុងឆ្នាំ ២០០៩ Byung Hun បានវិវត្តខ្លួនចូលក្នុងវិស័យហូលីវូដតាមរយៈរឿង "G.I. Joe: The Rise of Cobra” ដោយបានទាក់ទាញចំណាប់អារម្មណ៍មហាជនជាច្រើនជុំវិញពិភពលោក។ ក្រៅពីរឿងល្បីនេះ លោកក៏បានសម្ដែងក្នុងរឿងហូលីវូដចាច្រើនទៀតដែរដូចជា "Red 2” បញ្ចាំងឆ្នាំ ២០១៣ និងរឿង "The Magnificent Seven” ឆ្នាំ ២០១៦។
៩. តារាសម្ដែងចិន Kris Wu
ក្រោយចាកចេញពីក្រុមចម្រៀង EXO ប្រុសសង្ហារាងខ្ពស់សន្លឹមរូបនេះ បានត្រឡប់មកប្រទេសចិនវិញ ដើម្បីចាប់អាជីពជាតារាចម្រៀង និងសម្ដែង។ អ្វីដែលជាជោគជ័យសម្រាប់លោក គឺឱកាសសម្ដែងក្នុងរឿងហូលីវូដមានចំណងជើងថា "xXx: Return of Xander Cage”។ ក្រៅពីនោះ Kris ក៏បានបង្ហាញខ្លួនជាថ្មីក្នុងប្រភេទរឿងថ្មីមួយទៀត គឺ ”Valerian and the City of a Thousand Planets”។
១០. តារាសម្ដែងម៉ាឡេស៊ី Michelle Yeoh
រឿងហូលីវូដដំបូងដែល Michelle សម្ដែងមានចំណងជើងថា "Tomorrow Never Dies” ផលិតឆ្នាំ ១៩៩៧។ តាមរយៈរឿងនេះ កេរ្តិ៍ឈ្មោះរបស់តារាស្រីជនជាតិម៉ាឡេស៊ីរូបនេះហក់ឡើងគួរឲ្យកត់សម្គាល់ ព្រោះនាងបានក្លាយជាតារាស្រីអាស៊ីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រដែលគ្រងជាតួអង្គសំខាន់ម្នាក់ក្នុងរឿងរបស់តួអង្គ "James Bond” មួយនេះ។ក្រោយមក តារាស្រីវ័យ ៥៥ឆ្នាំរូបនេះ តែងលេចមុខជារឿយៗក្នុងភាពយន្តល្បីៗជាច្រើនដូចជា "Memoirs of a Geisha”, “Sunshine” និង “The Mummy: Tomb of the Dragon Emperor”ជាដើម ហើយថ្មីៗនេះ លោកស្រីក៏បានលេចមុខជាថ្មីក្នុងរឿង "Crazy Rich Asians” ដែរ។
១១. តារាសម្ដែងចិន Angelababy
ភរិយាតារាសម្ដែង Huang Xiaoming ក៏មានសមត្ថភាពអស្ចារ្យមិនចាញ់តារាអាស៊ីផ្សេងទៀតដែរ។ នាងបានបង្ហាញខ្លួនដំបូងក្នុងរឿង "Hitman: Agent 47” ក្នុងឆ្នាំ ២០១៥។ ក្រោយមក១ឆ្នាំ Angelababy ក៏បានលេចមុខជាថ្មីក្នុងរឿងហូលីវូដប្រភេទ Sci-Fi មានចំណងជើងថា "Independence Day: Resurgence”។
១២. តារាសម្ដែងតៃវ៉ាន់ Hannah Quinlivan
តារាតៃវ៉ាន់ត្រូវគេស្គាល់ច្បាស់ពេលសម្ដែងរឿង “S.M.A.R.T. Chase“ ក្នុងឆ្នាំ ២០១៧ ជាមួយតារាសម្ដែង Orlando Bloom និង Lynn Hung។ ក្នុងឆ្នាំ ២០១៨ នេះ នាងក៏នឹងបន្តការងារក្នុងវិស័យនេះទៀតដែរ គឺតាមរយៈរឿង "Skyscraper” ជាមួយ Dwayne Johnson, Neve Campbell, Byron Mann និងតារាប្រុសស្រីល្បីៗជាច្រើនទៀត៕