• 2018-02-07 03:06:50
  • ព័ត៌មាន

ឆ្នាំ ២០១៨ នេះ អៀង ចេនឡា ស្រាប់​តែ​ជួស​តំណែង​នាយ កុយ ក្នុង​រឿង​កំប្លែង​១​រឿង

  • 2018-02-07 03:06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង អៀង ចេនឡា បាន​បង្ហាញ​ពី​រីកចម្រើន​អាជីព​កំប្លែង​របស់​ខ្លួន នា​ឆ្នាំ ២០១៨ នេះ ដោយ​អាច​ស្នង​តំណែង​លោក ជួង ជី ហៅ នាយ កុយ ផង​ក្នុង​ខ្សែ​ភាពយន្ត​បែប​កំប្លែង "ជ័យ​គ្រត"។

នោះ​ជា​ខ្សែ​ភាពយន្ត​កំប្លែង​ថ្មី​មួយ​ទៀត ដែល​ផលិត​ដោយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​នា​ឆ្នាំ ២០១៨​នេះ។ ចេនឡា ប្រាប់​ថា លោក​បាន​តំណែង​ជា​តួឯក ក្នុង​រឿង​ថ្មី​នេះ ខណៈ​ដើម​ឡើយ សម្ដែង​ដោយ​នាយ កុយ និង​នាង គ្រត កាល​អតីតកាល។ តារា​សម្ដែង​ភាពយន្ត និង​បាន​ប្ដូរ​មក​កំប្លែង​រូប​នេះ លើក​ឡើង​ថា លោក​រីករាយ​ណាស់ ព្រោះ​នោះ​ជា​តំណែង​តួឯក​លើក​ដំបូង។

កន្លង​មក ចេនឡា ធ្លាប់​តែ​សម្ដែង​កំប្លែង​លើ​ឆាក និង​សម្ដែង​ក្នុង​វីដេអូ​សំណើច​ខ្លី​ៗ​មួយ​ចំនួន ក្នុង​នាម​ជា​តារា​កំប្លែង។ ដោយ​ឡែក​ការ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​នានា គឺ​ធ្លាប់​តែ​សម្ដែង​ជា​តួ​អង្គ​ឪពុក ឬ​អ្នក​បម្រើ​ប៉ុណ្ណោះ មិន​ធ្លាប់​សម្ដែង​ជា​តួឯក​ឡើយ។ អៀង ចេនឡា បាន​ចាប់​ដៃ​គូ​ជា​មួយ នី មុន្នីនាថ នាម​ជា​តួឯក​ស្រី​ប្រុស​ក្នុង​រឿង "ជ័យ​គ្រត" ឆ្នាំ ២០១៨​នេះ រួម​ជា​តារា​ប្រុស​ស្រី ក្មេង​ចាស់​ជា​ច្រើន​រូប​ទៀត ត្រៀម​នឹង​បញ្ចាំង​ជូន​ទស្សនា​ឆាប់​ៗ​នេះ​លើ​កញ្ចក់​ទូរទស្សន៍​ថោន។

និយាយ​ពី​ខ្សែ​ភាពយន្ត​បែប​កំប្លែង "ជ័យ​គ្រត" ធ្លាប់​ត្រូវ​បាន​លើក​យក​មក​សម្ដែង ឬ​ក៏​យក​មក​ថត​ដោយ​ក្រុម​ផលិត​ជា​ច្រើន​រួច​មក​ហើយ។ ដំបូង​ឡើយ លោក ជួង ជី ហៅ កុយ បាន​យក​ផលិត​ក្នុង​អំឡុង​ឆ្នាំ ២០១៣ ដោយ​លោក​បាន​ចូល​រួម​សម្ដែង​ដោយ​ខ្លួន​ឯង​តែ​ម្ដង ជា​មួយ​អ្នក​ស្រី អ៊ុន សុភឿន ដែល​ជាប់​ឈ្មោះ "នាង​គ្រត" មក​ដល់​បច្ចុប្បន្ន ក្រោយ​សម្ដែង​ជា​តួអង្គ "នាង​គ្រត" រឿង​នេះ។

បន្ត​មក​ទៀត "ជ័យ​គ្រត" ក៏​ត្រូវ​លើក​យក​មក​សម្ដែង​ដោយ​ក្រុម​កំប្លែង​នាយ​ពែកមី​ដែរ​កាល​ពី​ឆ្នាំ ២០១៦ មុន​ពេល មាន​ការ​ផលិត​ជា​ថ្មី​ទៀត​ដែល អៀង ចេនឡា ឆក់​បាន​តំណែង​ជា​តួឯក​នា​ពេល​នេះ ជាមួយ​តារា​ស្រី​ដែល​កំពុង​ជាប់​ក្ដី​ក្ដាំ​រឿង "បោក​ប្រាស់​ទំនុក​ចិត្ត" ជាមួយ​អតីត​គូ​ស្នេហ៍ គឺ​កញ្ញា នី មុន្នីនាថ។

វិល​មក​លោក អៀង ចេនឡា ដើម​ឡើយ គឺ​ជា​តារា​ចម្រៀង និង​សម្ដែង​ភាពយន្ត។ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៥ ដោយ​មើល​ឃើញ​ថា ទីផ្សារ​កំប្លែង លោក​ក៏​បាន​ប្ដូរ​មក​ជា​តារា​កំប្លែង​វិញ ដោយ​លេង​ជាមួយ​ក្រុម​នាយ​កុយ ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍។ សាមីខ្លួន​អះអាង​ថា ក្រោយ​ប្ដូរ​អាជីព ទីផ្សារ​ការងារ​របស់​លោក កាន់​តែ​រីក​ចម្រើន កេរ្តិ៍​ឈ្មោះ​របស់​កាន់​តែ​ល្បី​មែន។

លោក​ថា ប្រជាប្រិយ​របស់​លោក​កាន់​តែ​ល្បី​ខ្លាំង មាន​គេ​ស្គាល់​ច្រើន គឺ​ក្រោយ​ចូល​សម្ដែង​ក្នុង​ឈុត​កំប្លែង​ខ្លី​ៗ​របស់​កម្មវិធី "ដូច្នឹង​ផង" និង "ប្រហុក​ធីវី"៕

រូបថត៖ ផ្ដល់​សិទ្ធិ​ដោយ​ ចេនឡា

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី