• 2018-05-17 03:15:00
  • ភាពយន្ត

ភាពយន្ត​ទាំង​១១​អ្នក​គួរ​តែ​មើល​ ពេល​គិត​ថា​ជីវិត​ខ្លួន​​ឯង​កំពុង​តែ​គ្មាន​ន័យ

  • 2018-05-17 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើង​ទាំង​អស់​គ្នា​តែង​តែ​ឆ្លង​កាត់​នូវ​បទ​ពិសោធន៍​លំបាកៗ​ផ្សេងៗ​គ្នា ក្នុង​នោះ​មិន​ថា​ជា​ជំងឺ​ធ្ងន់ ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ​ បញ្ហា​បេះដូង​ ជាដើម។ វា​ពិត​ជា​លំបាក​ណាស់​ដើម្បី​ត្រៀម​ខ្លួន​ទប់ទល់​នឹង​ហេតុការណ៍​ទាំង​នោះ​ ប៉ុន្តែ​វា​ពិត​ជា​សំខាន់​ដើម្បី​ដឹង​ថា​ជីវិត​អ្នក​នៅ​តែ​អាច​បន្ត​ទៅ​មុខ។

ទាំង​នេះ​ជា​ភាពយន្ត​ខ្លះ​ៗ ដែល​អាច​ជួយ​ឲ្យ​អ្នក​គិត​ថា​ជីវិត​របស់​អ្នក​ពិត​ជា​មាន​តម្លៃ​ដើម្បី​រស់​បន្ត​ទៀត។

១. “If I Stay”

ភាពយន្ត​រៀប​រាប់​ពី​តួអង្គ Mia ជា​ក្មេង​ស្រី​វ័យ​ជំទង់​ម្នាក់​ដែល​មាន​ទេពកោសល្យ​ក្នុង​ការ​លេង​ឧបករណ៍​ភ្លេង Cello និង​ចូលចិត្ត​បទ​ចម្រៀង​បុរាណ ដោយ​មាន​ស្នេហា​ជាមួយ​តួ​ប្រុស Adam ជា​អ្នក​ចម្រៀង​ Rock។ ជីវិត​របស់​នាង​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​បន្ទាប់​ពី​ គ្រោះ​ថ្នាក់​រថយន្ត​បុក​ធ្វើ​ឲ្យ​នាង​ដេក​មិន​ដឹង​ខ្លួន​នៅ​មន្ទីរពេទ្យ។ ដូច្នេះ​នាង​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​គូរ​តែ​ភ្ញាក់​ឡើង​វិញ​ហើយ​រស់​នៅ​ក្នុង​ជីវិត​ថ្មី​មួយ ឬ​ក៏​ត្រូវ​ធ្វើ​តាម​បង្គាប់​របស់​គ្រួសារ​នាង។

២. “Unconditional”

រៀប​រាប់​ពី​តួអង្គ​ឈ្មោះ Samantha Crawford ដែល​រស់​នៅ​ដោយ​សប្បាយ​រីករាយ​ជាមួយ​ស្វាមី​។ ប៉ុន្តែ​ជីវិត​របស់​នាង​ត្រូវ​ ប្រឈម​មុន​នឹង​បញ្ហា​ខ្លាំង​ដោយ​សារ​តែ​ស្វាមី​នាង​ត្រូវ​ស្លាប់​ក្នុង​ហេតុការណ៍​អាក្រក់​មួយ។ នាង​បាត់​បង់​ក្ដី​សង្ឃឹម​ក្នុង​ជីវិត​ ហើយ​មិន​ចង់​បន្ត​រស់​នៅ​ទៅ​មុខ​ទៀត​ ប៉ុន្តែ​នាង​ក៏​បាន​ជួប​ជាមួយ​មិត្ត​ចាស់​ម្នាក់​ឈ្មោះ Joe ដែល​បាន​ក្លាយ​ជា​ផ្ដល់​ក្ដី​សង្ឃឹម​ឲ្យ​នាង​ និង​ជា​ពន្លឺ​ទៅ​ថ្ងៃ​អនាគត។

៣. “My Sister's Keeper”

មេធាវី​ម្នាក់​បាន​ទទួល​ពាក្យ​បណ្ដឹង​ដោយ​មិន​នឹក​ស្មាន​មួយ ដោយ​ក្មេង​ស្រី​វ័យ​១១​ឆ្នាំ​ម្នាក់​បាន​ប្ដឹង​ឪពុក​ម្ដាយ​ខ្លួន ក្រោយ​បាន​ដឹង​ថា​នាង​​មាន​ជីវិត​រស់​នៅ​គឺ​ដោយ​សារ​តែ​ត្រូវ​ការ​ផ្នែក​ខ្លះ​នៃ​រាង​កាយ​នាង​​ ដើម្បី​ជួយ​បង​ស្រី​នាង​ Kate ដែល​មាន​ជំងឺ​មហារីក​ឲ្យ​មាន​ជីវិត​រស់​នៅ។

៤. “The Fault in Out Stars”

តួអង្គ Hazel ជា​ស្រី​ជំទង់​ម្នាក់​មាន​ជំងឺ​មហារីក​ ទោះ​បី​ជា​ជំងឺ​នាង​មិន​សូវ​ជា​ធ្ងន់ធ្ងរ​ក៏​ដោយ ក៏​នាង​មិន​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ដែរ។ នាង​បាន​ទៅ​ទស្សនា​ក្រុម​មនុស្ស​មាន​ជំងឺ​មហារីក​មួយ​​ក្រុម ជា​កន្លែង​ដែល​នាង​​បាន​ជួប​តួ​ប្រុស Augustus ហើយ​ក៏​ចាប់​ចិត្ត​ស្រលាញ់​លោក​។ Hazel និង Augustus បាន​ធ្វើ​ដំណើរ​កម្សាន្ត​ចុង​ក្រោយ​ក្នុង​ជីវិត​របស់​គេ​​នៅ​ទីក្រុង​ Amsterdam។

៥. “Soul Kitchen”

លោក Zinos Kazantsakis គឺ​ជា​អ្នក​កាន់កាប់​ភោជនីយដ្ឋាន​មិន​សូវ​ល្បី​ឈ្មោះ​មួយ​នៅ​ Hamburg ជា​ទីក្រុង​មួយ​នៅ​ប្រទេស​អាល្លឺម៉ង់។ រឿង​រ៉ាវ​ទាំង​អស់​បាន​ចាប់​ផ្ដើម​មាន​ភាព​មិន​ប្រក្រតី​ពេល​លោក​បាន​ជួល​ចុងភៅ​ល្បី​ឈ្មោះ​ម្នាក់​។ ជោគជ័យ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​លោក​ជួប​ជាមួយ​នឹង​បញ្ហា​ជា​ច្រើន​នឹក​ស្មាន​មិន​ដល់។

៦. “Now Is Good”

នារី​ជំទង់​ម្នាក់​ឈ្មោះ Tessa វ័យ​១៧​ឆ្នាំ កំពុង​តែ​រង​គ្រោះ​ដោយ​សារ​ជំងឺ Leukemia ប៉ុន្តែ​នាង​ក៏​ចង់​ធ្វើ​រឿង​រ៉ាវ​ផ្សេងៗ​ដូច​ជា​ក្មេង​ស្រី​ជំទង់​ធម្មតា​ដែរ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​នាង​ចង់​ រួម​ភេទ​ជាមួយ​បុរស​ម្នាក់​ដើម្បី​ឲ្យ​បាត់បង់​ព្រហ្មចារី​មុន​ស្លាប់។

៧. “Still Alice”

Alice Howland គឺ​ជា​សាស្ត្រាចារ្យ​ដ៏​ឆ្នើម​ម្នាក់​ នាង​រស់​នៅ​ក្នុង​គ្រួសារ​ដ៏​មាន​សុភមង្គល​មួយ​ជាមួយ​កូន​ទាំង​បី ប៉ុន្តែ​អ្វីៗ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​នៅ​ពេល​នាង​ចាប់​ផ្ដើម​ភ្លេច​ពាក្យ​ពេចន៍​ពេល​និយាយ​ម្ដងៗ។

៨. “My Life Without Me”

Ann វ័យ ២៣​ឆ្នាំ​មាន​កូន​ស្រី​ពីរ​រូប និង​ស្វាមី​ម្នាក់​ដែល​គ្មាន​មុខ​របរ​និង​ស្អប់​មនុស្ស​គ្រប់​គ្នា​ និង​ឪពុក​ម្នាក់​ដែល​ទើប​តែ​ចេញ​ពី​គុក​។ នាង​ធ្វើ​ការ​នៅ​ក្នុង​សកលវិទ្យាល័យ​មួយ ហើយ​អ្វី​ៗ​ក្នុង​ជីវិត​នាង​ត្រូវ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​នៅ​ពេល​ដែល​នាង​ដឹង​ថា​ខ្លួន​មាន​ជំងឺ​មហារីក​ ហើយ​អាច​រស់​នៅ​ក្នុង​រយៈ​ពេល​តែ​៣​ខែ​ទៀត​តែ​ប៉ុណ្ណោះ​ ដូច្នេះ​ហើយ​ទើប​នាង​សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ​ជីវិត​ខ្លួន​ឯង​ទាំង​ស្រុង។

៩. “The Book Thief”

នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​២ ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់​ឈ្មោះ Liesel បាន​ផ្លាស់​ប្ដូរ​ទី​លំនៅ​ទៅ​ទីក្រុង Munich ជាមួយ​នឹង​ឪពុក​ម្ដាយ​ចិញ្ចឹម​របស់​នាង​និង​ព្យាយាម​រៀន​អាន​អក្សរ។ សៀវភៅ​ក្លាយ​ជា​អត្ថន័យ​ក្នុង​ជីវិត​នាង​ ហើយ​​នាង​ក៏​ចាប់​ផ្ដើម​លួច​សៀវភៅ​តែ​ម្ដង​។ អ្វី​ដែល​នាង​រៀន​ពី​សៀវភៅ​បាន​ធ្វើ​ឲ្យ​នាង​យល់​ពី​ហេតុការណ៍​ផ្សេងៗ​ដែល​កើត​ឡើង​ជុំវិញ​ខ្លួន។

១០. “Restless”

Enoch ជា​ក្មេង​ប្រុស​ជំទង់​​មួយ​រួប​ដែល​រស់រាន​មាន​ជីវិត​ ខណៈ​ពេល​ឪពុក​ម្ដាយ​ខ្លួន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ ហើយ​ក៏​បាន​ជួប​ជាមួយ​តួ​អង្គ​ស្រី Annabel នៅ​ពិធី​បុណ្យ​សព។ ភ្លាមៗ​នោះ​អ្នក​ទាំង​ពីរ​ក៏​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​ ប៉ុន្តែ Annabel ស្រាប់​តែ​ដឹង​ខ្លួន​ថា​នាង​មាន​ជំងឺ​ធ្ងន់​ ដូច្នេះ Enoch បាន​ជួយ​​គូស្នេហ៍​ខ្លួន​ដើម្បី​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់។

១១. “Lion”

Saroo បាន​កើត​នៅ​ក្នុង​គ្រួសារ​ដ៏​ក្រ​មួយ​នៅ​ប្រទេស​ឥណ្ឌា​ ហើយ​ក៏​បាន​វង្វេង​មិន​ដឹង​ថា​ខ្លួន​គួរ​ធ្វើ​អ្វី​ពេល​មាន​អាយុ ៥​ឆ្នាំ។ លោក​បាន​ដើរ​រសាត់​ជុំវិញ​តំបន់ Calcutta ហើយ​បាន​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន​ មុន​ពេល​លោក​បាន​ត្រូវ​ប្ដី​ប្រពន្ធ​មួយ​គូ​យក​លោក​ទៅ​ចិញ្ចឹម។ ២៥​ឆ្នាំ​ក្រោយ​មក​ លោក​បាន​ចាប់​ផ្ដើម​បេសកកម្ម​ដើម្បី​ស្វែង​រក​សមាជិក​គ្រួសារ​ខ្លួន​ ហើយ​រឿង​រ៉ាវ​ទាំង​អស់​នៃ​រឿង​នេះ​គឺ​ដក​ស្រង់​ពី​ព្រឹត្តិការណ៍​ពិត​ប្រាកដ៕

​​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់