• 2018-05-17 04:06:06
  • ព័ត៌មាន

ក្រសួង​វប្បធម៌​នឹង​បង្ហាញ​វីដេអូឯកសារ ប្រវត្តិ​បុរាណ​ដ្ឋាន​ខ្មែរដ៏​ល្អ​ឯក​មួយ​

  • 2018-05-17 04:06:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រះ​ដំរី​ គឺ​ជា​រមណីយដ្ឋានមួយ​ដែល​ក្រសួង​វប្ប​ធម៌​ និងវិចិត្រសិល្បៈ កំពុង​ធ្វើ​វីដេអូឯក​សារ ក្នុង​គោល​បំណង​បង្ហាញ​នូវ​សម្រស់​ដ៏​ស្រស់​ត្រកាល​ និងប្រវត្តិនៃ​តំបន់​មួយ​នេះ។

បុរាណ​ដ្ឋាន​ដែល​បាន​លាក់​ខ្លួន​នៅ​ក្នុង​ដែន​មួយ​យ៉ាង​ជ្រៅ​ក្នុង​ព្រៃ​ភ្នំ​ ស្ថិតក្នុង​ឃុំខ្នង​ភ្នំ​ ស្រុកស្វាយលើ ខេត្ត​សៀម​រាប​ មិន​សូវ​មាន​អ្នក​ស្គាល់​ ឬអ្នក​ទៅ​ដល់​នោះ​ទេ​។ ពេល​នេះ​ក្រសួង​វប្បធម៌​ និងវិចិត្រសិល្បៈ កំពុង​ធ្វី​វីដេអូឯក​សារ​ដើម្បី​ផ្សព្វ​ផ្សាយ​ឲ្យ​សាធារណៈ​បាន​ស្គាល់​ បាន​ដឹង​ពី​ជំនឿ​វប្បធម៌​នៅ​ក្នុង​តំបន់​មួយ​នេះ​ និង​បង្ហាញ​ប្រវត្តិ។ នេះ​តាម​ការ​បញ្ជាក់​លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌។

លោក​បន្ថែមឲ្យ​ដឹង​ថា​ គម្រោ​ងវីដេអូឯកសារនេះនេះ​ក្រសួង​ធ្វើ​មាន​រយៈ​ពេល​១៥ ទៅ​២០​នាទី​ ។​ លោក​បាន​បញ្ជាក់​ បុរាណ​ដ្ឋាន​មួយ​នេះ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ចូល​ទៅ​ដល់​បន្តិច​ ព្រោះ​ត្រូវ​ជិះឡាន ម៉ូតូ និងដើរ​កាត់​ព្រៃ​ជាដើម។ លោក​បន្ត​ថា​ ទម្រាំ​តែ​អាច​ផ្ដិត​យក​រូបភាព​បុរាណ​ដ្ឋាន​ដែល​មាន​អាយុ​​កាល​រាប់ពាន់​ឆ្នាំ​នេះ គឺ​ត្រូវ​ធ្វើ​ដំណើរដល់​ទៅ​៣លើក ព្រោះ​នៅ​តំបន់​ភ្នំ​តែង​មាន​ភ្លៀង​ធ្លាក់​ញឹក​ញាប់​។

ការលះបង់​ ការតស៊ូ​ជំនះការលំបាក​ និងការតាំងចិត្តដ៏មោះមុត​ របស់ក្រុមការងារក្នុងការផលិតលើកនេះលោក​សង្ឃឹម​ថា​ វី​ដេអូនេះ​នឹង​អាច​​ជា​ចំណែក​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​ទស្សនា​តំបន់​ដ៏​ប្រសិទ្ធ​នេះទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ។​ ​​​​

រមណីយដ្ឋាន​ស្រះ​ដំរី​ មាន​ចម្លាក់​ថ្មភ្នំ​ មាន​រូប​សត្វ​ដំរី​ដ៏​ធំ​ បែរ​មុខ​ទៅ​ទិស​ខាង​លិច​ដែល​មាន​ស្រះទឹក​នៅ​ពីមុខ​ និង​មានចម្លាក់សត្វ​កង្កែប តោ គោ ខ្លា នៅ​ជិត​គ្នា​។ តា​ម​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​បារាំង​ លោក​ ប៊ូល បេ​ (Boul Bet) សន្និដ្ឋាន​ថា តំបន់​នេះ​អាច​មានកើត​ឡើង​ក្នុង​សតវត្ស​ទី ៩​ ។ ប៉ុន្តែ​បើ​តាម​សិលា​ចារិក​ ដែល​បាន​ចារ​ក្រោម​រូប​សត្វ​ដំរី​ មួយ​ឃ្លា​ថា​ «ឥន្ទ្រតបតិសីហ» បង្ហាញ​ថា​ អក្សរ​នេះ​មាន​អាយុកាល​មុន​សម័យ​អង្គរ​ ប្រហែល​ជា​កើត​ឡើង​ក្នុង សតវត្ស​ទី​៨ ហើយ​ពាក្យ​នេះ​ អាច​សម្គាល់​ដល់​ឈ្មោះ​ ព្រះ​មហាក្សត្រ​ ឬ​ជា​ឈ្មោះ អ្នក​ណា​ម្នាក់​ដែល​គេ​ហៅ​ថា​ សីហ​ ហើយ​ក៏​អាចជា​ឈ្មោះ​តំបន់​នេះ​ពី​សម័យ​មុន​ក៏​ថា​បាន​៕​​​​​

អត្ថបទ៖ ច្រឹក ស្រីអូន

រូប​ភាពៈ ហ្វេសប៊ុក Vegik Ivan

មតិយោបល់