• 2018-05-18 08:16:00
  • ភាពយន្ត

មកស្គាល់អ្នកដឹកនាំ និងផលិតរឿង ជានារីវ័យក្មេង ៥ រូបរបស់កម្ពុជា

  • 2018-05-18 08:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដឹកនាំរឿង មិនមែនមានតែបុរសនោះទេ ដែលអាចធ្វើជាអ្នកដឹកនាំរឿងបាន តាមពិតមាន​អ្នក​ដឹក​នាំរឿង​ និងជាផលិតករភាពយន្ត​នារី​ជា​ច្រើន​ ដូចជា លោកស្រី ឌី សាវ៉េត លោកស្រី ពាន់ ភួងបុប្ផា អ្នកនាង ម៉ម កល្យាណី និងអ្នកស្រី ច័ន្ទ លីដា ជាដើម ដែលមានស្នាដៃផលិត និងដឹកនាំរឿងមិនចាញ់បុរសនោះទេ​។

តែខាងក្រោមនេះ Sabay សូមបង្ហាញអ្នកដឹកនាំរឿង និងផលិតករភាពយន្តជានារីខ្មែរ វ័យក្រោម ៣០ ឆ្នាំ មកបង្ហាញ៖

១. អ្នកនាង មាស ស្រីលីន

រូបកណ្តាល មាស ស្រីលីន

ផ្តើមធ្វើការងារក្នុងការផលិតភាពយន្ត តាំងពីឆ្នាំ ២០០៩ ក្នងតួនាទីផ្សេងៗគ្នា ចាប់ពីអ្នកថតក្រៅឆាក រហូតដល់ជាជំនួយការអ្នកដឹកនាំរឿង ដែលអាចនិយាយបានថា ស្ត្រីវ័យ ២៨ឆ្នាំ រូបនេះ ធ្វើការងារគ្រប់ជ្រុង គ្រប់តួនាទីអស់ហើយក្នុងការផលិតកុន។

កាលដើមឡើយ ស្រីលីន ចង់ក្លាយខ្លួនជាអ្នកចម្រៀង ជាតារាបង្ហាញម៉ូដ និងសិល្បករ ហើយក៏ធ្លាប់បានព្យាយាមចូលប្រឡងដែរ តែមិនបានទទួលជោគជ័យដូចចិត្តប្រាថ្នា ឯការផលិតភាពយន្តហាក់មាននិស្ស័យជាមួយខ្លួនខ្លាំង។ តែបច្ចុប្បន្ន អ្នកនាង មាស ស្រីលីន បានសម្រេចគោលបំណង​ផលិត​ភាពយន្ត​ដោយខ្លួនឯង តាមរយៈការស្វែងរកជំនួយឧបត្ថម្ភពីកម្មវិធី Indiegogo បានជោគជ័យក្នុងដើមឆ្នាំ ២០១៨នេះ។

២. កញ្ញា សុធា អីុនេស

កញ្ញា សុធា អីុនេស

បច្ចុប្បន្ន កញ្ញា អីុនេស ជាផលិតករ នៅក្នុងក្រុមផលិតភាពយន្ត cametogetherfilm ដែលទើបនឹងផលិតរឿង «វីបល្លាស/ រចនា» ចាក់លើរោងកុនហើយថ្មីៗ។ ក្រោយបញ្ចប់ការសិក្សារបរិញ្ញាប័ត្រ ជំនាញផ្សព្វផ្សាយ ផលិតកររូបនេះ ធ្លាប់បានផលិតរឿង ខ្លីមួយ ចំណងជើងថា «Rice» ហើយទទួលបានពានរង្វាន់ភាពយន្តឆ្នើម ពីមហោស្រពអន្តរជាតិមួយក្នុងតំបន់អាស៊ី។ នារី ម្នាក់នេះ ក៏បន្តបង្កើតស្នាដៃ និង​ឈានជើង​លើវិស័យ ផលិតភាពយន្តតាំងពីពេលនោះ រហូតមកដល់បច្ចុប្បន្ន។

៣. កញ្ញា រិទ្ធី លំអរពេជ្រ

កញ្ញា រិទ្ធី លំអរពេជ្រ

ស្គាល់ នារី វ័យក្មេងម្នាក់នេះច្បាស់ហើយថា ជាស្ថាបនិក បុណ្យភូមិ តែកូនស្រីខ្មែរម្នាក់នេះ​ក៏មានស្នាដៃផលិត និងដឹកនាំភាពយន្តខ្លី ស៉្បត់ពាណិជ្ជកម្ម វីដេអូបទចម្រៀង និងមានទេពកោសល្យតែងនិពន្ធភាពយន្តទៀតផង។ Sabay ល្បីថា កញ្ញា លំអរពេជ្រ ឈ្មោះហៅក្រៅ យូគី ត្រៀមបង្ហាញភាពយន្តខ្នាតវែង មួយក្នុងឆ្នាំ២០១៨នេះ ឬដើមឆ្នាំក្រោយ។ នារី វ័យក្មេង ឆ្លាតវ័យម្នាក់នេះ ធ្លាប់បានបង្ហាញស្នាដៃភាពយន្តខ្លីរបស់ខ្លួនកាលពីកំពុង​រៀន​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានផលិតក្នុងប្រទេសថៃ ខណៈកញ្ញា បានជាប់អាហារូបករណ៍រយៈ​ពេល​ខ្លីមួយនៅទីក្រុងបាងកក់។

៤. កញ្ញា សាន ដានិច

កញ្ញា សាន ដានិច

យុវនារី វ័យ២៦ឆ្នាំ កញ្ញា សាន ដាណិច មានស្រុកកំណើតពីខេត្តបាត់ដំបង ដើមឡើយជានិស្សិតបរិញ្ញាប័ត្រផ្នែក Interior Design ពីវិទ្យាស្ថាន SETEC ។ កញ្ញាធ្លាប់ចូលរួមផលិតភាពយន្តខ្លីដូចជារឿង «កង់បី» ជាអ្នកគ្រប់គ្រងការផលិត ឬ ជា Production Manager ដែលកាលពីដើមឆ្នាំ ២០១៤ និស្សិតផ្នែក Interior Design រូបនេះទទួលបានបទពិសោធន៍ក្នុងការគ្រប់គ្រងការផលិតនេះពីក្រុមហ៊ុនមួយដែលធ្វើការផលិតវីដេអូស្ប៉ត់ពាណិជ្ជកម្មខ្លីៗ។ កញ្ញា ដាណិច ឆ្លងកាត់ការងារសព្វបែបយ៉ាងក្នុងវិស័យភាពយន្ត តែក្នុងឆ្នាំ២០១៨ នេះ​ កញ្ញា ទទួលបានឱកាសផលិត និងដឹកនាំសម្តែងភាពយន្តខ្លីមួយខ្លួនឯង។ គួរបញ្ជាក់ថា កញ្ញា ដានិច បានថតរឿងខ្លីនោះចប់ហើយ នៅឡើយតែការកាត់ត ហើយសង្ឃឹមថានឹងមានឱកាសបង្ហាញស្នាដៃនេះក្នុងពេលឆាប់ៗ។

៥. កញ្ញា ជា ចាន់ថានី

កញ្ញា ជា ចាន់ថានី

អ្នកផលិតភាពយន្តជើងថ្មី កញ្ញា ជា ចាន់ថានី ជាអ្នកបាត់ដំបង និងកំពុងបំពេញការងារក្នុងអង្គការមួយកន្លែង។ ភាពយន្តខ្លីដែលនាងទទួលបានការគាំទ្រផលិតនេះ មានចំណងជើងថា «ខ្សែម៉ែត្រ»  ហើយក៏ទទួលបាន​ពាន​មហោជនពី Soyo Short film contest season 2 ក្នុងមហោស្រពភាពយន្តអន្តរជាតិ។ ជោគជ័យ​លើ​ស្នាដៃសិល្បៈនៃការផលិតភាពយន្ត ជាការងារលើកទឹកចិត្ត និងជំរុញកញ្ញា ឱ្យឈានរកការងារផ្នែកផលិត​ និងតែងនិពន្ធ សម្រាប់ភាពយន្តថ្មីៗជាបន្ត៕

អត្ថបទ៖ Sunny

មតិយោបល់