• 2018-05-21 01:23:21
  • ភាពយន្ត

ខ្សែ​ភាព​យន្ត បានជួយផ្សព្វ​ផ្សាយ​ពី​អត្ត​សញ្ញាណ​ជាតិ​ច្រើ​នស្មានមិនដល់

  • 2018-05-21 01:23:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ ភាព​យន្ត​ជា​ទម្រង់​សិល្បៈ​​ទី​៧​ ដែល​ជាចំណែក​​បង្ហាញ​ពី​អត្ត​សញ្ញាណ​ជាតិ​ តាមរយៈ​ការ​បង្ហាញ​ពី​ជំនឿ​ ទំនៀម​ទម្លាប់​ជាតិ​ បន្ទាប់​ពី​ទម្រង់​សិល្បៈ​ផ្សេងទៀត។

ឈុតមួយនៃការសម្តែងភាពយន្តនៅប្រាសាទបាយ័ន (រូបភាពហ្វេសប៊ុក ហ្វែ សំអាង)

លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌  បាន​លើកឡើងថា ​ភាពយន្ត​គឺ​ជា​ផលិត​ផល​វប្ប​ធម៌​ដែល​បង្ហាញ​ពី​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​។ ក្នុង​នោះ​លោក​បានបញ្ជាក់ថា ភាពយន្ត​ ក៏​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់ ព្រោះ​វា​បាន​ផ្សព្វ​ផ្សាយ​ពី​​ភាសា​ ទំនៀម​ទម្លាប់​ មាន​ការ​ស្លៀក​ពាក់​ ដេក​ដើរ​ឈរ អង្គុយ​ ផ្នត់​គំនិត​ បរិយាកាស​សង្គម​ និងរឿង​រ៉ាវ​តាម​ប្រវត្តិ​ផ្សេង​ៗ​ ។ រវាង​ភាព​យន្ត​បុរាណ​និង​ សម័យ​ សុទ្ធ​បង្ហាញ​ពី​ផល​ល្អ​រៀងខ្លួន​ តែ​លោក​បាន​បញ្ជាក់​ រឿង​បុរាណ​គឺ​ជា​ប្រភេទ​រឿង​មួយ​ដែល​បង្ហាញ​ពី​ឫស​គល់​ប្រទេស​ជាតិ​ច្រើន ទៅ​តាម​សម័យ​កាល​នីមួយ​ៗ តំបន់​ប្រវត្តិ​សាស្រ្ត​ របៀប​ការ​រស់​នៅ ផ្នត់​គំនិត​ ជំនឿ​ជាដើម។

ដូច​គ្នា​នេះ​ដែរ ឯក​ឧត្តម ម៉ៅ អាយុទ្ធ ប្រធានសមាគមទូរទស្សន៍កម្ពុជា ​បានលើក​ឡើង​ថា​ ភាព​យន្ត​​​​ ​បាន​បង្ហាញ​ពី​វប្ប​ធម៌​ និង​របៀប​​រស់​នៅ អប់​រំ​មនុស្ស ដែល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​​។ ក្នុង​នោះ​លោក​បញ្ជាក់​ថា​ដើម្បី​ឲ្យ​ការ​ផ្តល់​នូវ​ចំណេះ​ដឹង​ផ្នែក​វប្បធម៌​នេះ​បាន​ត្រឹម​ត្រូវ​ចំពោះ​សារធារណៈជន តាម​រយៈ​ភាពយន្ត​ លោក​ថា​ទាល់តែ​អ្នក​និពន្ធ​ និង​អ្នក​ដឹក​នាំរឿង ត្រូវមាន​ចំណេះ​ទូទៅ​ទូលាយ និងមាន​ការ​ស្រាវ​ជ្រាវ​​ទាំង​អស់​ មិន​ត្រឹម​តែ​ការ​តុប​តែង​ខ្លួន​ របស់​ប្រើប្រាស់​ទេ តែ​យល់ដឹង​ពី​ផ្នត់​គំនិត ឲ្យ​បាន​ត្រឹម​ត្រូវ​មុន​ការ​ផលិត​ ដើម្បី​ជៀស​វាងមាន​ការ​ភាន់ច្រឡំ។

ភាពយន្ត​ប្រៀប​បាន​ទៅ​នឹង​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ ដែល​គេ​តែ​តែ​លើក​ឡើង​ថា រឿង​ជាផ្នែក​មួយ​នៃ​ការ​ពិត​ រួម​នឹង​ប្រឌិត​បន្ថែមរបស់​អ្នក​និពន្ធ៕​​

​​​​​​​​​​​

អត្ថបទ៖ ច្រឹក ស្រីអូន

មតិយោបល់