• 2018-05-19 03:53:35
  • ព័ត៌មាន

ផ្អើលពេញប្រទេសកូរ៉េ បន្ទាប់ពីតារាស្រីរូបនេះ ត្រូវបុរស២០នាក់ បៀតបៀនផ្លូវភេទ

  • 2018-05-19 03:53:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​ ១៦ ខែឧសភា​ នារី​ម្នាក់​ដែល​ជា​តារា​ YouTube បាន​ចេញ​មុខ​ទម្លាយ​ការពិត​ទាក់ទង​នឹង​ប្រវត្តិ​ជូរចត់​របស់​ខ្លួន​កាល​ពី​អតីតកាល។

Yang Ye Won ​តារា​ YouTube ជនជាតិ​កូរ៉េ​ បាន​ទទួល​ស្គាល់​ការ​ពិត​ថា​​នាង​គឺ​ជា​នារី​ម្នាក់​ស្ថិត​ក្នុង​រូបភាព​អាក្រាត​ដែល​ត្រូវ​បាន​បង្ហោះ​ពេញ​បណ្ដាញ​អ៊ីនធឺណិត​កាល​ពី​ថ្ងៃ​ទី​ ០៨ ខែ​ឧសភា។ តាម​ពិត​ វា​មាន​រឿង​រ៉ាវ​ជា​ច្រើន​លាក់​នៅ​ពី​ក្រោយ​រូបថត​ទាំង​នោះ​ រហូត​នាង​ទ្រាំ​មិន​បាន​ក៏​ទម្លាយ​ចេញ​នា​ពេល​នេះ​តែ​ម្ដង។

រឿង​រ៉ាវ​ចាប់​ផ្ដើម​ កាល​ពី​៣ឆ្នាំ​មុន​ នៅ​ពេល​ Ye Won ទើប​មាន​អាយុ​ ២០​ឆ្នាំ​ និង​មាន​បំណង​ចង់​ក្លាយ​ជា​តារា​សម្ដែង​ម្នាក់។ ពេល​នោះ​នាង​បាន​ចុះ​កុងត្រា​ ទទួល​យក​ការងារ​​ក្រៅ​ម៉ោង​ ជា​តារាម៉ូដែល​ម្នាក់។ ក្នុង​នោះ​ នារី​រូប​នេះ​ យល់​ព្រម​​ថត​ម៉ូដ​តែ​ ៥​សន្លឹក​ប៉ុណ្ណោះ។ ចំណែកនាយក​គ្រប់​គ្រង​នាង​ក៏​បាន​និយាយ​ដែរ​ថា៖ "អ្វីដែល​កំណត់​ឲ្យ​គឺ​សាមញ្ញ​ផ្សេងៗ​គ្នា​ ប៉ុន្តែ​ ១សន្លឹក​ក្នុង​ចំណោម​នោះ​ ត្រូវ​មាន​ភាព​សិចស៊ី​ជាង​គេ។ ​​​​​​តារាៗ​ត្រូវ​សាកល្បង​គ្រប់​លក្ខខណ្ឌ​ដែល​ដាក់​ឲ្យ​ បើ​អ្នក​ចង់​ចាប់​ផ្ដើម​សម្ដែង​ អ៊ីចឹង​ពួក​យើង​នឹង​ថត​រូបភាព​ដែល​មាន​លក្ខណៈ​ពិសេស​ និង​ថ្លៃ​បំផុត​ឲ្យ​ ដោយ​មិន​គិត​ថ្លៃ"។

ប៉ុន្តែ​តាម​ការពិត​គ្មាន​រូប​មួយ​ណា​ដែល​ថត​សាមញ្ញ​ដូច​និយាយ​នោះទេ។ Ye Won បាន​ឈាន​ជើង​ចូល​ក្នុង​ស្ទូឌីយូ​ ដោយ​ទ្វារ​ទាំង​អស់​ត្រូវ​ចាក់​សោ​ និង​មាន​មនុស្ស​ប្រុស​ ២០​នាក់​នៅ​ពីក្រោយ​កាមេរ៉ា។ អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ​ នាង​ត្រូវ​ស្រាត​សម្លៀកបំពាក់​ចោល​ទាំង​អស់។

ក្រោយ​មក​មិន​បាន​ប៉ុន្មាន​ផង​ នាយក​គ្រប់គ្រង​នាង​នោះ​ ស្រាប់​តែ​គម្រាម​ Ye Won ថា​ នាង​អាច​ត្រូវ​មាន​ទោស​ ប្រសិន​នាង​មិន​ធ្វើ​តាម​អ្វី​ដែល​បាន​កំណត់​ឲ្យ ហើយ​លោក​នឹង​លុប​សិទ្ធិ​នាង​មិន​ឲ្យ​ក្លាយ​ជា​តារា។

Ye Won បន្ត​ទៀត​ថា​ នាង​ត្រូវ​ប​ង្ខំ​ចិត្ត​ធ្វើ​រឿង​គូរ​ឲ្យ​រអើម​ទាំង​នោះ​ ហើយ​ពេល​ដែល​នាង​ជំទាស់​មិន​ធ្វើ​ត្រូវ​តាម​អ្វី​ដែល​ពួកគេ​ចង់​បាន​ អ្នក​ទាំង​នោះ​ថែម​ទាំង​គម្រាម​ធ្វើបាប​នាង​ច្រើន​ដងទៀត។

នេះ​ជា​រឿង​ដ៏​ឈឺ​ចាប់​មិន​អាច​បំភ្លេច​បាន​ សម្រាប់​នារី​ម្នាក់​នេះ​ ហើយ​នាង​បាន​បៀម​ទុក្ខ​ក្នុង​ចិត្ត​អស់​រយៈ​ជា​យូរ​រហូត​ទ្រាំ​លែង​បាន​ ទើប​ចេញ​មក​បក​ស្រាយ​នៅពេល​នេះ។

វីដេអូ​ដែល​នាង​បង្ហោះ​នោះ​ មាន​ចំណងជើង​ថា​ "ខ្ញុំ​ជា​ជន​រងគ្រោះ​នៃ​ឧក្រិដ្ឋកម្មផ្លូវភេទ​ សូម​ស្ដាប់​រឿង​រ៉ាវ​របស់​ខ្ញុំ” មាន​អ្នក​ចូល​​មើល​យ៉ាង​តិច​ ២,៩លានដង​​លើ​ YouTube ត្រឹម​រយៈ​ពេល​ ២​ថ្ងៃ​ដំបូង។ គ្រប់​គ្នា​ដែល​បាន​ចូល​មើល​ បាន​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​នាង​មាន​ភាព​រឹង​មាំ​ឡើង។ ក្នុង​ចំណោម​អ្នក​លើក​ទឹក​ចិត្ត​ទាំង​នោះ​ ក៏​មាន​តារា​ចម្រៀង​ K-Pop គឺ Suzy ម្នាក់​ដែរ។

ក្នុង​សំណេរ​ខមមិន​លើក​ទឹក​ចិត្ត​ទាំង​នោះ​ ក៏​បាន​ផ្ដុំ​មតិ​គ្នា​ និង​សំណូម​ពរ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល​ ដើម្បី​ដោះ​ស្រាយ​ករណី​នេះ​ឲ្យ​បាន​ឆាប់៕

ប្រភព៖ nextshark ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់