• 2018-05-21 05:13:54
  • ជីវិតតារា

គួរ​ឲ្យ​សរសើរ ត្រឹម​ប៉ុន្មាន​ឆ្នាំ​កូន​ប្រុស ពៅ គីសាន់ ផ្លាស់​ពី​រត់​កង់​បី មក​ជា​ប្រធាន​ក្រុម​ពិធីការ​មួយមាន​សមាជិក​ជាង៥០នាក់

  • 2018-05-21 05:13:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​តារា​ជើង​ចាស់ ពៅ គី​សាន់ គឺ​លោក គីសាន់ រ៉ៃយ៉ា ដែល​ប៉ុន្មាន​ឆ្នាំ​មុន ប្រិយមិត្ត​ខ្លោច​ចិត្ត​អាណិត ត្បិត​ធ្លាក់​ខ្លួន​ពី​តារា​ទៅ​រត់​រ៉ឺម៉ក​កង់​បី​យក​កម្រៃ​ជួយ​គ្រួសារ​នោះ ឥឡូវ​លោក​រក​ឃើញ​ជីវិត​ប្រសើរ​ជាង​មុន​បន្តិច​ហើយ ក្រោយ​តស៊ូ​ប៉ុន្មាន​ឆ្នាំ។

កូន​ប្រុស​លោក ពៅ គីសាន់ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​ចំពោះ​ការ​ប្រែ​ប្រួល​ជីវិត ក្រោយ​ពី​លោក​បាន​ប្រកាស​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ទទួល​រៀប​ចំ​កម្មវិធី​នានា ដូច​ជា​មង្គល​ការ ខួប​កំណើត ឬ​ពិធី​ជប់​លៀង​ផ្សេង​ៗ ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន លោក​ត្រឹម​ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី​នៅ​ម្ដុំ​ព្រែក​ប្រា បន្ថែម​ពី​លើ​អាជីព​ជា​តារា​ដែល​មិន​សូវ​មាន​ផ្លែ​ផ្កា។

ឆ្លើយ​ប្រាប់ Sabay គីសាន់ រ៉ៃយ៉ា ថា លោក​គឺ​ជា​ប្រធាន​នៃ​ក្រុម​ពិធីការ​មួយ​មែន ឈ្មោះ​ថា "គីសាន់ រ៉ៃយ៉ា តន្ត្រី"។ បច្ចុប្បន្ន ក្រុម​នេះ មាន​សមាជិក​តារា​ចម្រៀង​ដល់​ទៅ​ជាង ៥០នាក់ មាន​ទាំង​ជើង​ចាស់ ជើង​ថ្មី និង​តារា​ចម្រៀង ប្រភេទ Original Songទៀត។ "បាទ​បង ខ្ញុំ​អាច​និយាយ​បាន​ថា​ជា​ប្រធាន ព្រោះ​ខ្ញុំ​ជា​អ្នក​ទទួល​ការងារ​ពី​អតិថិជន និង​ចាត់​ចែង​អ្វី​ៗ​ទាំង​អស់"។

ក្រុម​ពិធីការ​របស់ រ៉ៃយ៉ា ទើប​តែ​ចាប់​ផ្ដើម​លេច​មុខ​លេច​មាត់​នៅ​ឆ្នាំ ២០១៨ នេះ ក្រោយ​អតិថិជន​ក៏​ចាប់​ផ្ដើម​ស្គាល់ និង​ទទួល​យក​សេវាកម្ម​របស់​លោក​ជា​បន្ត​បន្ទាប់។ យ៉ាង​ណា ក្រុម​នេះ​មិន​មែន​ទើប​តែ​កើត​ឡើង​នៅ​ឆ្នាំ​នេះ​ទេ។ តាម​ប្រធាន​ក្រុម​វ័យ ៣២​ឆ្នាំ​រូប​នេះ គឺ​បាន​កើត​ឡើង​តាំង​ពី​មុន​លោក​ប្រកប​អាជីព​រត់​រ៉ឺម៉ក​កង់​បី​ទៅ​ទៀត។

“ខ្ញុំ​ធ្វើ​ការងារ​នេះ​យូរ​ហើយ​បង គឺ​៧-៨​ឆ្នាំ​ហើយ គ្រាន់​តែ​តិចតួច​តូចតាច ផ្សំ​នឹង​យើង​កាល​ណោះ​នៅ​ក្មេង​ខ្ចី មិន​សូវ​មាន​បទ​ពិសោធន៍​ផង ក៏​មិន​បាន​បញ្ចេញ​ឲ្យ​គេ​ដឹង​ចឹង​ណា​បង ទើប​តែ​ឥឡូវ​យើង​មាន​បទ​ពិសោធន៍​ច្រើន អាច​ធ្វើ​វា​បាន ទើប​បញ្ចេញ​ឲ្យ​គេ​ដឹង​ទៅ!”។

បែប​នេះ​ក្ដី កូន​ប្រុស​ច្បង​ក្នុង​គ្រួសារ​រូប​នេះ​អះអាង​ថា ក្រុម​របស់​លោក​មិន​ទាន់​ជា​ក្រុម​ធំ​មួយ​ដូច​ក្រុម​របស់​រៀម​ច្បង​ផ្សេង​ទៀត​នោះ​ទេ ព្រោះ​លទ្ធភាព​របស់​លោក​នៅ​ទាប​ដែរ។ ប៉ុន្តែ​លោក​អះអាង​ថា អាច​ទទួល​រៀប​កម្មវិធី​របស់​អតិថិជន​បាន​គ្រប់​ទាំង​អស់។ "ខ្ញុំ​អាច​រៀប​ចំ​បាន​ទាំង​អស់​បង ហើយ​មួយ​វិញ​ទៀត ឧទាហរណ៍​ថា បើ​អតិថិជន​ទាក់​ទង​ថ្ងៃ​នេះ ហើយ​ចង់​រៀប​ចំ​ស្អែក ពោល​គឺ​រយៈ​ពេល​តែ​មួយ​ថ្ងៃ ក៏​ខ្ញុំ​អាច​រៀប​ចំ​ធ្វើ​ឲ្យ​ទាន់​ដែរ​បង...ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ខ្ញុំ​នឹង​រៀប​ចំ​កម្មវិធី​ធំ​មួយ​ឲ្យ​ស្ថាន​ទូត​អាមេរិក​ដែរ"។

គីសាន់ រ៉ៃយ៉ា មុជ​ទឹក​ឲ្យ​លោក​ឪពុក ពៅ គីសាន់

គី​សាន់ រ៉ៃយ៉ា គឺ​ជា​តារា​សម្ដែង​មួយ​រូប ភាគ​ច្រើន​ប្រិយមិត្ត​ឃើញ​ការ​សម្ដែង​របស់​លោក​ជា​តួ​អ្នក​លេង។ ដោយ​សារ​កម្រៃ​ពី​សិល្បៈ​តិច​តួច​ពេក ក្នុង​នាម​ជា​បង្គោល​គ្រួសារ លោក​ក៏​បំបែក​មុខ​របរ​លក់​បាយ​មួយ​ទៀត រួម​ទាំង​ឆ្លៀត​រត់​រ៉ឺម៉ក​កង់​បី​យប់​ៗ​ទៀត​អំឡុង​ឆ្នាំ២០១៥។ យ៉ាង​ណា​ក៏​ដោយ ចំណូល​ពី​មុខ​របរ​ទាំង​ពីរ​ខាង​លើ ក៏​មិន​អាច​ជួយ​គ្រួសារ​លោក​ឲ្យ​រស់​នៅ​ស្រួល​ឡើយ។

រហូត​មក​ដល់​ឆ្នាំ ២០១៤ លោក​បាន​ចូល​ធ្វើ​ការ​នៅ​ទូរទស្សន៍ MyTV ក្រោម​ការ​ផ្ចុងផ្ដើម​ពី​បង​ប្រុស​ម្នាក់ ដែល​មាន​ឱកាស​ឲ្យ​លោក​រៀន​សូត្រ​ការងារ​ផ្សេង​ៗ រហូត​បាន​ពង្រីក​ក្រុម​ទទួល​រៀប​ចំ​ពិធីការ ទើប​ជីវភាព​បាន​ប្រសើរ​បន្តិច។ "គ្រាន់​ជាង​មុន​បន្តិច ប៉ុន្តែ​មិន​ទាន់​ផុត​ពិបាក​ទេ​បង រាល់​ថ្ងៃ​ខ្ញុំ​រក​តែ​ឯង ប៉ា​ក៏​ឈឺ ម៉ាក់​ក៏​ឈឺ​នៅ​ពេទ្យ តិច​ទៀត​ជិះ​ម៉ូតូ​យក​លុយ​ទៅ​ឲ្យ​ម៉ាក់​នៅ​ពេទ្យ​ទៀត​ឥឡូវ​ហើយ!"។

រ៉ៃយ៉ា អះអាង​ថា នឹង​ប្រឹង​ប្រែង​មិន​ឲ្យ​អតិថិជន​ខក​ចិត្ត និង​រំពឹង​ថា ក្រុម​ពិធីការ​របស់​លោក​នឹង​មាន​ការ​ទទួល​ស្គាល់ ជា​បច្ច័យ​ជីវភាព​គ្រួសារ​កាន់​តែ​ប្រសើរ​ដែរ៕

រូបភាព​៖ ផ្ដល់​ដោយ រ៉ៃយ៉ា

អត្ថបទ៖ ទារិកា

មតិយោបល់