• 2018-06-04 07:41:31
  • ភាពយន្ត

ផ្ទុះ​រឿង​"ចិញ្ចៀន​​ខ្មោច​" ចម្លង​ពី​ប្រលោម​លោក​​ដ៏​ល្បី ក្រោយ​ដាក់​បញ្ចាំង​នៅ​រោងកុន​

  • 2018-06-04 07:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ភាពយន្ត​ខ្នាត​ធំ​រឿង"ចិញ្ចៀន​ខ្មោច" របស់​ផលិតកម្ម​ LD​ និពន្ធ​ និង​ដឹក​នាំ​សម្ដែង​ដោយ នាយ ពែកមី ​ដាក់​បញ្ចាំង​នៅ​រោង​កុន​មិន​បាន​ប៉ុន្មាន​ផង ក៏​ផ្ទុះ​ព័ត៌មាន​​ថា​ រឿង​ខាង​លើ​​លួច​ចម្លង​ស្នាដៃ​ពី​ប្រលោម​លោក​ដ៏​ល្បី​ឈ្មោះ​ "ខ្មោច​ទារ​របស់"។

បើ​តាម​​ សយ ស៊ីណា អ្នក​និពន្ធ​​ប្រលោម​លោក​ "ខ្មោច​ទារ​របស់" ឲ្យ​ដឹង​ថា រឿង"ចិញ្ចៀន​ខ្មោច" និពន្ធ​ និង​ដឹក​នាំ​សម្ដែង​ដោយ នាយ ពែកមី មាន​សាច់​រឿង​ស្ទើរ​តែ​ដូច​គ្នា​ទាំង​ស្រុង​​ទៅ​ហ្នឹង​ប្រលោម​លោក​ ខ្លួន​​ដែល​បាន​និពន្ធ​ឡើង​​នៅ​ឆ្នាំ ២០១៥ និង​បាន​ផ្ដល់​សិទ្ធ​ឲ្យ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​មួយ​ធ្វើ​ការ​ចុះផ្សាយ​​​ជា​សាធារណៈ​​។

អំឡុង​ពេល​នេះ​ប្រលោម​លោក​ ខ្លួន​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ រហូត​ទទួល​បាន​ពាន​ជា​អ្នក​និពន្ធ​ឆ្នើម​ថែម​ទៀត​ផង។ មូល​ហេតុ​ សយ ស៊ីណា ហ៊ាន​អះ​អាង​ថា​​រឿង "ចិញ្ចៀន​ខ្មោច" នាយ​ ពែកមី ស្ទើរ​តែ​ទាំង​ស្រុង​ដូច​ប្រលោម​លោក"ខ្មោច​ទារ​របស់" ដោយ​សារ​តែ​រឿង​ទាំង​ពីរ​គឺ​មាន​គំនិត​រួម​តែមួយ​ និយាយ​អំពី​​នារី​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ ហើយ​ស្រាប់​តែ​មាន​ក្មេង​ស្ទាវ​​មក​ដោះ​ចិញ្ចៀន​ពី​ដៃ​នាង ធ្វើ​ឲ្យ​ខ្មោច​ស្រី​នោះ​តាម​ទារ​ចិញ្ចៀន​ខ្លួន​មកវិញ។

ទោះ​បី​ជា​ប្រលោម​លោក​ខ្លួន​មាន​សាច់​រឿង​ស្ទើរ​តែ​ទាំង​ស្រុង​ ដូច​នាយ​ ពែកមី ក្ដី​តែ​អ្នក​និពន្ធ​វ័យ ២៥ ឆ្នាំ​រូប​នេះ​មិន​បាន​ន័យ​ថា តារា​កំប្លែង​រូប​នេះ​លួច​ចម្លង​ស្នាដៃ​ខ្លួន​នោះ​ទេ។ គ្រប់​យ៉ាង​លោក គិត​ថា​ជា​រឿង​គាប់​ជួន​ទៅវិញ។

ចំណែក​ឯ​នាយ ពែកមី ជា​ភាគី​​ពាក់​ព័ន្ធ​​ ឲ្យ​ដឹង​ថា រឿង​"ចិញ្ចៀន​ខ្មោច" ជា​ស្នាដៃ​និពន្ធ​ និង​ដឹក​នាំ​សម្ដែង​ដោយ​ខ្លួន​ពិត​ៗ មិន​បាន​​ទៅ​លួច​ចម្លង​ស្នាដៃ​ពី​​អ្នក​និពន្ធ​ណា​ម្នាក់​ឡើយ ត្បិត​សាច់​រឿង​​​ស្ទើរ​តែ​ដូច​គ្នា​ទាំង​ស្រុង​ពិត​មែន​នាយ ​គិត​ថា​នេះ​គឺ​ជា​រឿង​គាប់​ជួន​ប៉ុណ្ណោះ។ ដូច្នេះ​សូម​មហា​ជន​កុំ​យល់​ច្រឡំ។

លោក​ថា៖"ខ្ញុំ​មិន​ដែល​បាន​ដឹង​ថា មាន​ប្រលោម​លោក​ "ខ្មោច​ទារ​របស់​" នោះ​ទេ​ព្រោះ​ខ្ញុំ​អត់​ដែល​បាន​អាន​ផង។ម្យ៉ាង​វិញ​ទៀត​រឿង"​ចិញ្ចៀន​ខ្មោច" របស់​ខ្ញុំ​គឺ​មាន​ឈុត​ឆាក​កំប្លែង​ច្រើន​ រឿង​គាត់​មាន​កំប្លែង​ច្រើន​ឬ​អត់​ខ្ញុំ​អត់​ដឹង​ទេ"។

​​

​ការ​ផ្ទុះ​រឿង​រ៉ាវ​ចម្លង​ស្នាដៃ​រវាង​តារា​​កំប្លែង​ និង​អ្នក​និពន្ធ​វ័យ​ក្មេង​ខាង​លើ លោក ឆាយ បូរ៉ា ប្រធាន​សមាគម​ភាព​យន្ត​ បាន​មាន​ប្រសាសន៍​ថា ខណៈ​ពេល​នេះ​លោក​ មិន​អាច​ធ្វើ​ការ​ចោទ​ប្រកាន់​​ទៅ​លើ​អ្នក​ទាំង​ពីរ​ថា​បុគ្គល​ណា​ជា​អ្នក​ចម្លង​ស្នាដៃ។ ប៉ុន្តែ​​ប្រសិន​បើ​​អ្នក​និពន្ធ​ ប្រលោម​លោក​មិន​សុខ​ ចិត្ត​ហើយ​ដាក់​បណ្ដឹង​មក​កាន់​​សមាគម​ភាពយន្ត​ ខាង​សមាគម​នឹង​ស្វែង​រក​នីតិវិធី​ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​ជូន។

ប្រធាន​សមាគម​ភាពយន្ត​រូប​នេះ​ថា៖" ប្រសិន​​ប្រលោម​លោក​ វា​ស្រដៀង​ទៅ​ហ្នឹង​រឿង​ផលិតករ​ យក​ទៅ​ផលិត​​ ហើយ​យើង​ធ្វើ​ការ​រួម​គ្នា​ជាមួយ​ផលិតករ​ នាយកដ្ឋាន​ភាពយន្ត​ ដើម្បី​រក​ដំណោះ​ស្រាយ​ ព្រោះ​តួ​នាទី​របស់​សមាគម​ យើង​មាន​ត្រឹម​ប៉ុណ្ណឹង​ ប្រសិន​បើ​យើង​មាន​ពាក្យ​បណ្ដឹង​ពី​អ្នក​និពន្ធ។ នេះ​ជា​ភាព​ត្រឹម​ត្រូវ​មួយ​សម្រាប់​អ្នក​និពន្ធ ដែល​គាត់​ចេញ​មុខ​ការ​ពារ​ស្នាដៃ​គាត់"៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់