• 2018-06-06 04:03:24
  • ព័ត៌មាន

ស្ដាប់ អ៊ីណូ និយាយ​ពី​គុណ​សម្បត្តិ​​សង្សារ ទើប​ដឹង​ថា អ្នក​គ្រូ​ពេទ្យសម​នឹង​ស្រឡាញ់​មែន!

  • 2018-06-06 04:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង អ៊ីណូ បាន​បើក​បង្ហាញ​ចំណង​ស្នេហ៍​ជាមួយ​អ្នក​គ្រូ​ពេទ្យ​យ៉ាង​ចំហ​គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ ក្រោយ​ពី​សេព​គប់​គ្នា​អស់​រយៈ​ពេល​ប្រមាណ​២​ឆ្នាំ ក្នុង​នោះ​លោក​អះអាង​ថា ដល់​ពេល​ហើយ ហើយ​ថា ទេពធីតា​របស់​លោក មាន​គុណ​សម្បត្តិ​ច្រើន​យ៉ាង​ដែល​ទាក់​ចិត្ត​លោក។

“មាន​ក្ដី ក្រ​ក្ដី ខ្ញុំ​អត់​ខ្វល់​ទេ...ព្រោះ​គ្រួសារ​គាត់​ជា​អ្នក​មធ្យម គ្រួសារ​ខ្ញុំ​ក៏​មធ្យម​ដែរ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ស្រឡាញ់ គឺ​ទឹក​ចិត្ត និង​អត្តចរិត​របស់​គាត់ គាត់​ជា​មនុស្ស​មិន​ចេះ​រញ៉េរញ៉ៃ មិន​ចេះ​ឡូយ​ឆាយ​ទេ ត្រូវ​នឹង​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត គឺ​ខ្ញុំ​មិន​ចូល​ចិត្ត​អ្វី​ដែល​ឡូយឆាយ​ពេក ឬ​អស្ចារ្យ​ពេក​នោះ​ទេ​បង!"។

តារា​ចម្រៀង​ដែល​មាន​ឈ្មោះ​ដើម​ថា សាន្ត​ពេជ្រ សុភារិទ្ធិ បន្ត​ថា អ្នក​គ្រូ​ពេទ្យ បញ្ញា របស់​លោក ជា​នារី​រម្យទម រួសរាយ ម៉ត់​ចត់​ក្នុង​ការងារ ចេះ​យល់​កាលៈទេសៈ និង​ចំណុច​សំខាន់​មួយ​ទៀត ដែល​លោក​មើល​ឃើញ និង​ឲ្យ​តម្លៃ​ដែរ​នោះ គឺ​មាន​ចំណេះ​ដឹង និង​សមត្ថភាព​ខ្ពស់។

"គាត់​ជា​បុគ្គល​ការងារ​សាហាវ...ពេល​ខ្លះ ខ្ញុំ​អត់​សូវ​យល់​ការងារ​អ្វី​មួយ គាត់​ពន្យល់​ខ្ញុំ​វិញ​ណា​បង មួយ​ទៀត ខ្ញុំ​ស្រឡាញ់​ការ​ឲ្យ​តម្លៃ​របស់​គាត់ ពេល​ទៅ​ណា​មក​ណា ឬ​នៅ​មុខ​ចាស់​ទុំ​អី គាត់​ឲ្យ​តម្លៃ​​យើង គោរព​យើង!”។

អ្នក​គ្រូ​ពេទ្យ​គូ​ស្នេហ៍​របស់ អ៊ីណូ ឈ្មោះ បញ្ញា សុជាតា វ័យ ២៥​ឆ្នាំ បាន​បញ្ចប់​បរិញ្ញាបត្រ​រង​ពេទ្យ​ឆ្មប និង​ត្រៀម​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ពេទ្យ​ឆាប់​ៗ។ បច្ចុប្បន្ន​អ្នក​គ្រូ​ពេទ្យ កំពុង​បម្រើ​ការ​នៅ​ក្នុង​ពេទ្យ​ធំ​នា​ខេត្ត​បាត់ដំបង។ និយាយ​ពី​កំណើត​ស្នេហ៍​វិញ អ៊ីណូ បង្ហើប​ថា ដើម​ឡើយ អ្នក​គ្រូ​ពេទ្យ គឺ​គ្រាន់​ជា​អ្នក​គាំទ្រ​របស់​លោក​ប៉ុណ្ណោះ។

ប៉ុន្តែ​ដោយ​សារ មើល​ឃើញ​គុណ​សម្បត្តិ​ទាំង​ឡាយ​ដូច​ខាង​លើ លោក​ក៏​បាន​​ផ្ញើ​សារ​តាម​ឆាត សួរនាំ ជជែក​លេង​ពី​នោះ​ពី​នោះ ក្នុង​ន័យ​បង្កើត​ទំនាក់ទំនង។ ក្រោយ​ពី​បាន​ស្គាល់​ចិត្ត​គ្នា​ខ្លះ​ហើយ ចុង​ក្រោយ ពួក​លោក​ក៏​បាន​ណាត់​គ្នា​ញុំា​អី ហើយ​ក៏​បាន​រក្សា​ទំនាក់ទំនង​ជាមួយ​គ្នា​រហូត​មក អស់​រយៈ​ប្រមាណ​២​ឆ្នាំ​មក​ហើយ។

រូបភាព៖ (ហ្វេសប៊ុក៖ អ្នក​គ្រូពេទ្យ​ សុជាតា)

ក្រោយ​បើក​ចំហ​ពី​ទំនាក់ទំនង​ជាមួយ​គូ​ស្នេហ៍​ជា​អ្នក​គ្រូ​ពេទ្យ​ក្រមុំ​នៅ​ខេត្ត​បាត់ដំបង អ៊ីណូ ប្រាប់​ថា បើ​អ្វី​ៗ​មិន​រាំង​ស្ទះ​ទេ លោក​គម្រោង​កាន់​ដៃ​មិត្ត​ស្រី​ចូល​រោងការ​នៅ​ឆ្នាំ​ក្រោយ​នេះ​ហើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់