• 2018-06-11 09:10:00
  • ព័ត៌មាន

ខំ​ជួយរកយុត្តិធម៌ជួយជនរងគ្រោះ​បៀតបៀនផ្លូវភេទ តែ Suzy បែរជា​ជាប់ជង់​ខ្លួនឯងទៅវិញ

  • 2018-06-11 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សេចក្ដី​រាយការណ៍​មួយ​ថា​ ស្ទូឌីយោ​ Once Picture បាន​ដាក់​ពាក្យ​បណ្ដឹងទៅ​កាន់​តារាចម្រៀង​ Suzy បន្ទាប់​ពី​ផ្សព្វផ្សាយ​ឲ្យ​មាន​ការ​ប្ដឹង​តវ៉ា​ចោទ​ប្រកាន់​មក​កាន់​ស្ទូឌីយោ​ ដែល​មាន​រឿង​រ៉ាវ​ជាប់​ពាក់ព័ន្ធនឹង​ករណី​បៀតបៀន​ផ្លូវភេទ​ជាមួយ​នារី​ម្នាក់​ឈ្មោះ​ Yang Ye Won។

Suzy

តារា​ YouTube ម្នាក់​ដែល​មាន​ឈ្មោះ​ Yang Ye Won បាន​បង្ហោះ​វីដេអូ​មួយ​ ដោយ​បើកកកាយ​ខ្ទេច​គ្មាន​សល់​ថា​​​​​បុរស​ ២០​នាក់​បាន​មក​បៀតបៀន​រាងកាយ​នាង​ជា​​ច្រើន​លើក​ច្រើន​សា។ បន្ទាប់​បាន​ស្រាវជ្រាវ​អស់​មួយ​រយៈ​មក​ អ្នក​ប្រើ​បណ្ដាញ​អ៊ីនធឺណិត​ក៏​បាន​រក​ឃើញ​ថា​ ស្ទូឌីយោ​ដែល​បាន​ប្រព្រឹត្តិ​អំពើ​មិន​ល្អ​ដាក់​នារី​ភេទ​នេះ​ មាន​ទី​តាំង​ស្ថិត​នៅ​តំបន់​ Hapjeong ទីក្រុង​សេអ៊ូល។

Yang Ye Won

គ្រប់​គ្នា​ថែម​ទាំង​បាន​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការដាក់​ពាក្យ​ប្ដឹង​ទាមទារ​យុត្តិធម៌​ឲ្យ​ Yang Ye Won ទៀត​ផង ដោយ​ថែម​ទាំង​ស្រង់​ឈ្មោះ​ស្ទូឌីយោ​នៅ​ទី​តាំង​ខាង​លើ​ទៀត​ផង។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ ក៏​មាន​ការ​ចូលរួម​ពី​ Suzy ដែរ។ នាង​បាន​បង្ហោះ​រូបភាព​បញ្ជាក់​ ពី​បំណង​គាំទ្រ​យុទ្ធនាការ​នេះ​លើ​ Instagram Story ​ទៀត​ផង។

ជាអកុសល​ លិខិត​ប្ដឹង​នោះ​​បាន​ចុះ​ឈ្មោះ​ស្ទូឌីយោ​ខុស។ ដោយសារ​ការ​យល់​ច្រឡំ​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​ស្ទូឌីយោ​ផ្សេង​ទៀតដែល​មាន​ទីតាំង​នៅ​តំបន់​នោះ​ដែរ ឈ្មោះ​ ថា​ Once Picture ត្អូញត្អែរ​ថា​ខ្លួន​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ ខណៈ​គ្រប់​គ្នា​គិត​មិន​ល្អ​មក​កាន់​ស្ទូឌីយោ។ ដោយសារ​ហេតុផល​នេះ​ ទើប​ស្ទូឌីយោ​នេះ​សម្រេច​ដាក់​ពាក្យ​ប្ដឹង​តប​ Suzy និង​មនុស្ស​ ២​នាក់​ផ្សេង​ទៀត​ដែល​ជាប់​ពាក់​ព័ន្ធ​ និង​បង្កើត​ពាក្យ​ប្ដឹង​នេះ​ឡើង។

Once Picture Studio

ចំណែក​ខាង​ផលិតកម្ម​ JYP វិញ​ ក៏​បាន​បង្ហើប​ដែរ​ថា​ Suzy មិន​ទាន់ទទួល​រឿង​ក្ដី​អ្វី​នៅ​ឡើយ​ទេ ប៉ុន្តែ​ក្រុម​ហ៊ុន​នឹង​មើល​ការ​ខុស​ត្រូវ​ពី​បញ្ហា​នេះ។

ជាមួយ​គ្នា​នោះ​ដែរ Suzy ក៏​បាន​សុំទោស​សម្រាប់​ការ​គាំទ្រ​ការ​ទាមទារ​យុត្តិធម៌​ និង​ប្ដឹង​ច្រឡំ​ស្ទូឌីយោ​ដែល​គ្មាន​កំហុស​នេះ។ នាង​បាន​បន្ថែម​ថា​នេះ​ជា​កំហុស​របស់​នាង​ ដែល​មិន​បាន​ពិនិត្យ​ព័ត៌មាន​ឲ្យ​ល្អិតល្អន់​ជាមុន​ មុន​ជឿ។

នេះ​ជា​មេរៀន​មួយ​សម្រាប់​មហាជន​ដទៃ​ទៀត​ ពោល​មិន​មែន​តែ​តារា​ តែ​ក៏​សម្រាប់​សាធារណជន​ទូទៅ មុន​បង្ហាញ និង​គាំទ្រ​អ្វី​មួយ​ ត្រូវ​ពិនិត្យ​បាន​ច្បាស់​សិន៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់