• 2018-06-14 03:22:48
  • ព័ត៌មាន

បញ្ហា​ពិត​ជា​កើត​មាន​មែន នេន ទុំ ចូល​មន្ទីរ​នៅ​សហរដ្ឋ​អាមេរិក​នា​ថ្ងៃ​ម្សិលមិញ

  • 2018-06-14 03:22:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​នឹង​ការ​ខ្វល់​ខ្វាយ​តាំង​ពី​មុន​ចេញ​ដំណើរ​ពី​កម្ពុជា​ទៅ​ម្ល៉េះ នេន ទុំ ប្រាប់​ថា លោក​មាន​ការ​បារម្ភ​ច្រើន​រឿង​ក្នុង​ការ​បង្ហាញ​ខ្លួន​លើ​ទឹក​ដី​ថ្មី មនុស្ស​ថ្មី បរិយាកាស​ថ្មី។ ជាក់​ស្ដែង បញ្ហា​មួយ​ចេញ​ពី​កង្វល់​ទាំង​នោះ ពិត​ជា​កើត​ឡើង​មែន រហូត​ដល់​លោក​ត្រូវ​បង្ខំ​ចិត្ត​ចូល​ទៅ​មន្ទីរ​ពេទ្យ​ទាល់​តែ​បាន។

នេន ទុំ ប្រាប់​ថា តាំង​ពី​ជាន់​ដី​អាមេរិក​ថ្ងៃ​ទី​១ លោក​ដឹង​ថា​ខ្លួន​ឯង​មាន​បញ្ហា​ប្លែក​ទៅ​ហើយ នោះ​គឺ​ការ​ចាញ់​អាកាស​ធាតុ។ "គ្រាន់​តែ​ទៅ​ដល់​ឈឺ​រហូត​បង​អើយ...ចាញ់​អាកាស​ធាតុ នៅ​នេះ​ត្រជាក់​ពេក តឹង​ច្រមុះ ផ្ដាសាយ ផ្សំ​នឹង​ការងារ​រវល់​ជាប់​ផង អត់​បាន​ពេល​សម្រាក​លេប​ថ្នាំ​ជាប់​រហូត"។

នេះ​ជា​ស្ថានភាព​សម្រាប់​អ្នក​ទៅ​ដល់​ទឹក​ដី​ថ្មី​លើក​ដំបូង ដែល​តាម​ការ​សាក​សួរ​លោក​ថា គ្រប់​គ្នា​សុទ្ធ​តែ​ជួប​បញ្ហា​នេះ​ដូច​គ្នា ក្នុង​នោះ​អ្នក​ខ្លះ​យូរ អ្នក​ខ្លះ​ឆាប់​ៗ​ជាង​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ នេន ទុំ បញ្ជាក់​ថា ស្ថានភាព​លោក​កាន់​តែ​វិវត្ត ទើប​ត្រូវ​តែ​បង្ខំ​ចិត្ត​ទៅ​រក​គ្រូពេទ្យ​ថ្មី​ៗ​នេះ។ "វា​អត់​បាត់​សោះ អីចឹង​ក៏​ទៅ​ជួប​ពេទ្យ​ម្សិលមិញ​ហ្នឹង ក្រោយ​ពេល​ពិនិត្យ​ហើយ ពេទ្យ​ប្រាប់​ថា អត់​អី​ទេ វា​ជា​ជំងឺ​ចាញ់​អាកាស​ធាតុ​ធម្មតា ហើយ​គេ​ឲ្យ​លេប​ថ្នាំ​ជាប់​ចំនួន ១២​ថ្ងៃ​ជា​វិញ​ហើយ"។

នេន ទុំ បាន​ដល់​អាមេរិក​លើក​ទី​១​បំផុត​ក្នុង​ឆាក​ជីវិត កាល​ពី​ថ្ងៃ​ទី ០៩ ឧសភា ក្នុង​បេសកកម្ម​រយៈ​ពេល​វែង​មួយ​ដល់​ទៅ​ជាង ៣ខែ។ នៅ​ទី​នោះ​លោក​ថា ប្លែក​ភ្នែក ចម្លែក​អារម្មណ៍ និង​សប្បាយ​រីករាយ​ខ្លាំង ក្នុង​នោះ បង​ប្អូន​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក​ស្វាគមន៍​ និង​រាប់​អាន​លោក​ណាស់ ដោយ​ពួក​គេ​បាន​នាំ​លោក​ដើរ​កម្សាន្ត​ស្ទើរ​គ្រប់​កន្លែង ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​កក់ក្ដៅ​មែន​ទែន។

លោក​ថា បញ្ហា​តែ​មួយ​គត់​ដែល​រំខាន​បេសកកម្ម​របស់​លោក​លើ​ទឹក​ដី​អាមេរិក​លើក​នេះ គឺ​ជំងឺ​ពី​ការ​ចាញ់​អាកាសធាតុ​នោះ​ឯង។ "វា​ធ្វើ​ទុក្ខ​ខ្លាំង​ពេក តឹង​ច្រមុះ តឹង​ទៅ​ៗ មាន​ពេល​ខ្លះ ទាល់​តែ​លួច​ក្រេប​ស្រា​បន្តិច​ឲ្យ​ក្ដៅ បាន​ច្រៀង​កើត​ណា​បង!"។

រយៈ​ពេល​ប្រមាណ​១​ខែ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក នេន ទុំ បាន​ចេញ​ច្រៀង​តាម​បណ្ដា​រដ្ឋ និង​ក្រុង​ដែល​មាន​បង​ប្អូន​ខ្មែរ​រស់​នៅ បាន​ជា​ច្រើន​រួច​មក​ហើយ ហើយ​ថា លោក​នៅ​មាន​បេសកកម្ម​ច្រើន​ទៀត មុន​ពេល​ដល់​វេលា​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​រង្វង់​ប្រមាណ ២​ខែ​ទៀត៕

រូបភាព៖ ផ្ដល់​ដោយ​ នេន ទុំ

អត្ថបទ៖ ទារិកា

មតិយោបល់