• 2018-06-25 03:36:40
  • ព័ត៌មាន

សមាជិក​ក្រុម​រាំ​មួយ​រូប ធ្វើ​ឲ្យតារា​ចម្រៀងអាជីព អ៊ីណូ ភ្ញាក់​ខ្លួនក្រញាង!

  • 2018-06-25 03:36:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សាន់ដេ អ៊ីណូ បាន​ប្រាប់​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង ក្រោយ​ម្នាក់​ក្នុង​ចំណោម​អ្នក​រាំ​ផ្ទាល់​ខ្លួន​របស់​លោក មាន​សមត្ថភាព​ខ្ពស់​អាច​និពន្ធ​បទ​ភ្លេង និង​ច្រៀង​ផង រ៉េប​ផង បាន​យ៉ាង​ល្អ​មិន​គួរ​ឲ្យ​ជឿ។

សមាជិក​ក្រុម​រាំ​របស់ អ៊ីណូ រូប​នោះ គឺ Deeo ដែល​ទើប​ចេញ​បទ​ចម្រៀង​ដំបូង​បំផុត​របស់​ខ្លួន​កាល​ពី​ខែ​មុន​មាន​ចំណង​ជើង​ថា "ទេពធីតា" ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន។ អ្នក​រាំ​រូប​នេះ បាន​មក​រួម​ការងារ​ជាមួយ អ៊ីណូ អស់​រយៈ​ប្រមាណ​ជិត ១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ដែល​ឲ្យ​ដឹង​ឡើយ​ថា គេ​អាច​និពន្ធ​ចម្រៀង និង​​ច្រៀង​បាន​ដូច្នេះ​ រហូត​ដល់​ចេញ​បទ​មក ធ្វើ​ឲ្យ​សិស្ស​ច្បង​ភ្ញាក់​ក្រញាង។

អ៊ីណូ អះអាង​ថា លោក​ពិត​ជា​ភ្ញាក់​ផ្អើល និង​មិន​ចង់​ជឿ​ទេ​ថា សមាជិក​ក្រុម​រាំ​របស់​លោក​នេះ អាច​ធ្វើ​បាន ព្រោះ​លោក​មិន​ដែល​ដឹង​ឡើយ។ "គាត់​ដើរ​ជាមួយ​ខ្ញុំ​យូរ​ហើយ​បង តែ​ខ្ញុំ​អត់​ដែល​ដឹង​សោះ​ថា គាត់​ចេះ​និពន្ធ​ផង ដល់​និពន្ធ​ចេញ​មក មាន​អី​គ្រាន់​បើ​របស់​គាត់​ដែរ​តើ​បង ដល់​អីចឹង​ខ្ញុំ​ចង់​...ចង់​បាក់​ដែរ...គ្រាន់​បើ...ចេះ​លួច​ចំណេះ​វិជ្ជា​ពី​បង(សើច)"។ អ៊ីណូ ថ្លែង។

អ៊ីណូ បាន​នាំ​យក Deeoរួម​ជាមួយ​មិត្តភ័ក្ដិ​គេ​ពីរ​នាក់​ទៀត គឺ ភ័ក្ត្រា និង រដ្ឋា មក​ចូល​ក្នុង​ក្រុម​រាំ​ផ្ទាល់​ខ្លួន​លោក កាល​ពី​៥-៦​ឆ្នាំ​មុន ក្រោយ​ពួក​គេ​បាន​បង្ហាញ​សមត្ថភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​កម្មវិធី​ប្រឡង​រាំ​របស់ MyTV។ លោក​ថា ពេល​នោះ គឺ​​លោក​បាន​ប្រកាស​ជ្រើសរើស​ក្រុម​រាំ​ផ្ទាល់​ខ្លួន ក្រោយ​មក ដោយ​មាន​ការ​ណែនាំ​ពី Deeo ដោយ​បុគ្គល​ម្នាក់​នៅ CTN លោក​ក៏​បាន​នាំ​យក​រូប​គេ​មក។

“ពេល​នោះ ខ្ញុំ​ត្រូវ​ការ​ក្រុម​រាំ​សម្រាប់​បទ​ញាក់​ដំបូង​របស់​ខ្ញុំ ក្រោយ​មក មាន​មនុស្ស​ម្នាក់​នៅ CTN ណែ​នាំ​គាត់​មក​ខ្ញុំ។ អីចឹង​ខ្ញុំ​ក៏​បាន​ជួប​គាត់ ហើយ​ក្រោយ​ពេល​បាន​ជួប​ហើយ ​ឃើញ​ថា គាត់​ពិត​ជា​ល្អ ពិត​ជា​មាន​សមត្ថភាព​មែន អីចឹង​ខ្ញុំ ក៏​នាំ​គាត់​មក​ចូល​រួម​ជាមួយ​ខ្ញុំ​តែ​ម្ដង​ទៅ"។

តារា​រាំ និង​ចម្រៀង Deeo(រូបថត៖ ហ្វេសប៊ុក អ៊ីណូ)

នាម​ជា​ក្រុម​រាំ​របស់ អ៊ីណូ លោក Deeo និង​សមាជិក​ផ្សេង​ទៀត​មាន​នាទី​ជា​អ្នក​បំបែក​ក្បាច់​រាំ​សម្រាប់​បទ​ចម្រៀង អ៊ីណូ ដែល​ពេល​នោះ តាម​ការ​អះអាង​របស់​សិស្ស​ច្បង គឺ​ក្រុម​លោក​បាន​ចេញ​ច្រៀង និង​រាំ​តាម​បណ្ដា​ខេត្ត​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន។ ប៉ុន្តែ​ក្រោយ​មក Deeo បាន​សុំ​បែក​ក្រុម ទៅ​ចូល​រួម​ជាមួយ​ក្រុម Super Dream របស់​ផលិតកម្ម Rock វិញ។

យ៉ាង​នេះ​ក្ដី បន្ទាប់​ពី​នោះ​មួយ​រយៈ អ៊ីណូ ប្រាប់​ថា លោក​ក៏​បាន​នាំ​យក Deeo ត្រឡប់​មក​វិញ និង​បន្ត​ធ្វើ​ការ​ជាមួយ​គ្នា​មក​ទល់​បច្ចុប្បន្ន នាម​ជា​ក្រុម​រាំ​ដដែល។ លុះ​រហូត​ដល់ សមាជិក​ក្រុម​រាំ​រូប​នេះ ចេញ​បទ​ចម្រៀង​ដំបូង​របស់​ខ្លួន ទើប​ម្ចាស់​បទ "ឈ្មោះ​ជា​ពលករ" ប្រាប់​ថា លោក​ភ្ញាក់​ខ្លួន​ក្រញាង​តែ​ម្ដង៕

អត្ថបទ៖ ទារិកា

មតិយោបល់