• 2018-06-26 09:44:28
  • ជីវិតតារា

សាយ សៀរ៉ា ​មានបំណង​បើក​មុខ​ជំនួញ​ធំប្លែកគេ

  • 2018-06-26 09:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​​តារា​ជា​ច្រើន​បាន​បើក​មុខ​ជំនួញ​ដូចជា ហាង​លក់​សំលៀក​បំពាក់ ហាង​ផឹក​ស៊ី និង​គ្រឿង​សម្អាង​ជា​ដើម ដោយ​ឡែក​​លោក សាយ សៀរ៉ា បែរ​ជា​ចង់​បើក​មុខ​ជំនួញ​ប្លែក​ខុស​ពី​តារា​ផ្សេង​ទៅ​វិញ។

តារា​សម្ដែង​រូប​នេះ ប្រាប់​ថា បើ​លោក​មាន​ដើម​ទុន​គ្រប់​គ្រាន់ បំណង​ប្រាថ្នា​របស់​លោក​ចង់​បើក​ហ្គារ៉ាស​សាំង មាន​ម៉ាត និង​កន្លែង​លាង​រថយន្ត​ព្រម​ទាំង​មាន​សេវា​ប្ដូរចំ​ប្រេង​ម៉ាស៊ីន​​ជាមួយ​គ្នា​តែ​ម្ដង។ ស្ដាប់​មើល​ទៅ​ ដូចជា​ធំ​បន្តិច តែ​តារា​សម្ដែង​អាយុ​៣៦​ឆ្នាំ​រូប​នេះ សម្លឹង​ឃើញ​ថា ជំនួញ​នេះ​មិន​ងាយ​ខាត​ ព្រោះ​ធម្មតា​ អ្នក​មាន​ឡាន​និង​ម៉ូតូ​ត្រូវ​ចាក់​សាំង​រាល់​ថ្ងៃ ហើយ​ពេល​គេ​ត្រូវ​ការ​លាង​ឡាន​ឬ​ម៉ូតូ​ រង់​ចាំ​យូរ គេ​អាច​ចូល​ទិញ​ទំនិញ​ឬ​ហូប​ចំណី​តិច​តួច​ក្នុង​ម៉ាត។ ដូច្នេះ​ អាច​ប្រមូល​បាន​មូល​តែ​ម្ដង។

ចំពោះ​ទី​តាំង​វិញ លោក​គ្មាន​គម្រោង​បើក​ក្នុង​រាជ​ធានី​ភ្នំពេញ​នោះ​ទេ ដោយ​តារា​ប្រុស​រូប​នេះ​សម្លឹង​ឃើញ​នៅ​តាម​ជាយ​ក្រុង​ច្រើន​ជាង ព្រោះ​ដី​ក្នុង​ទីក្រុង​ថ្លៃ ខ្លាច​​ពិបាក​​ទប់​ទល់។ ​មែន​ទែន​ទៅ របរ​នេះ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​រហូត​ដល់​​ខ្ទង់​ម៉ឺន​ដុល្លារ ជា​ហេតុ​ធ្វើ​ឲ្យ​​តួ​ឯក​ក្នុង​រឿង "នាង​នាថ​បាត់​ដំបង" គិត​ថា ក្តី​ស្រមៃ​ហាក់​នៅ​ឆ្ងាយ។ ប៉ុន្តែ លោក សៀ​រ៉ា ប្រាប់​ថា​បាន​សន្សំ​ប្រាក់​ខ្លះ​ៗ ហើយ​ប្រ​ហែល​ជា​អាច​ចូល​ហ៊ុន​ជាមួយ​បង​ប្អូន ឬ​មិត្តភ័ក្ដិ ដើម្បី​បង្កើត​របរ​នេះ​ ។ចំពោះ​ពល​វេលា​វិញ ​តារា​ញញឹម​ស្រស់​​​មិន​ទាន់​កំណត់​ថា​ពេល​ណា​នោះ​ទេ។​​

“ខ្ញុំ​ស្រលាញ់​របរ​នេះ​ចង់​បើក​ឆាប់ៗ​ណាស់ តែ​អត់​មាន​ទុន​គ្រប់​ពិបាក​ដែរ។ ហ្គារាស​សាំង​ ខ្ញុំ​លឺ​គេ​ថា បើ​បើក​នៅ​ជាយ​ក្រុង​ ចំណាយ​មិន​តិច​ជាង​៣០​ម៉ឺន​ដុល្លារ​​ទេ។ ទុន​យើង​តិច​ពេក គ្រាន់​លឺ​ចឹង​អស់​អារម្មណ៍​ម្មង។ តែ​ស្រលាញ់​ហើយ​មិន​ចោល​ទេ គ្រាន់​តែ​ថា​ម្នាក់​ឯង​ប្រហែល​គ្មាន​លទ្ធ​ភាព​ទេ មាន​តែ​ចូល​ហ៊ុន​ជាមួយ​អ្នក​ស្គាល់​គ្នា ទើប​អាច​ទៅ​រួច"។​​

គម្រោង​បើក​មុខ​ជំនួញ​បន្ថែម​លើ​ការងារ​សិល្បៈ​នេះ លោក​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ដែរ ដោយសារ​ឃើញ​មិត្ត​សិល្បករ​ខ្លះ​​បរាជ័យ បិទ​ទ្វារ​ហាង​បន្ត​បន្ទាប់ ធ្វើ​ឲ្យ​​ខាត​ប្រាក់​អស់​សន្ធឹក ហើយ​ដើម​ទុន​លោក​មាន​តិចតួច បើ​ខាត​ទៅ​ ពិត​ជា​ស្ដាយ​ខ្លាំង​ណាស់៕

អត្ថបទ៖ លឹម សុនា

មតិយោបល់