• 2018-07-10 07:19:44
  • ព័ត៌មាន

នារី​ជប៉ុន​ម្នាក់​ ស្រលាញ់​របាំ​ខ្មែរ ខំ​ហាត់​រៀន​អស់​ពេល​ជាង​២០​ឆ្នាំ​ (វីដេអូ)

  • 2018-07-10 07:19:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 59

ចន្លោះមិនឃើញ

នារី​ជន​ជាតិ​ជប៉ុន​ម្នាក់​ធ្វើឲ្យ​ទស្សនិកជន​ខ្មែរ​ជា​ច្រើន​នាក់​រំភើប​ចិត្ត​ជា​ខ្លាំង បន្ទាប់​ពី​បាន​ទស្សនា​ក្បាច់​របាំ​ខ្មែរ​យ៉ាង​រស់រវើក​ នៅ​លើ​ឆាក​ក្នុង​ពិធី​បុណ្យ​ តា​ណា​បា​តា ដែល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន កាល​ពី​ថ្មីៗ​នេះ។ ក្នុង​ពិធី​នោះ នារី​​ជប៉ុន​បាន​រាំ​របាំ​ខ្មែរ​លក្ខណៈ​ច្នៃប្រឌិត​ថ្មី​ចំនួន​២​បទ គឺ​បទព្រហ្មគីតិ និង​បទ​ឥទ្រ្ទ​ជិត ​ដោយ​ទទួល​បាន​ការ​សាទរ​ និង​កោតសរសើរ​ពី​អ្នក​ទស្សនា​យ៉ាង​ខ្លាំង។

បើ​តាម​អ្នក​ស្រី ឱម យុ​វណ្ណា សាស្ត្រាចារ្យ​ផ្នែក​របាំ​នៅ​សាលា​ភូមិន្ទវិចិត្រ​សិល្បៈ​ ជា​គ្រូ​របស់​នារី​ជប៉ុន​រូប​នេះ ឲ្យ​ដឹង​ថា កូន​សិស្ស​អ្នក​គ្រូ​មាន​ឈ្មោះ​ថា យ៉ា​ម៉ា​ណា​កា ហ៊ី​តូ​មិ បាន​ហាត់​រៀន​ផ្នែក​របាំ​ខ្មែរ​ អស់​ជាង​២០​ឆ្នាំ​មក​ហើយ។ កញ្ញា យ៉ា​ម៉ា​ណា​កា ហ៊ី​តូ​មិ ចូលចិត្ត​ និង​ស្រលាញ់​របាំ​ខ្មែរ​ខ្លាំង​ណាស់ ម្ល៉ោះ​ហើយ​រូប​នាង​ឧស្សាហ៍​ឡើង​ចុះ​កម្ពុជា- ជប៉ុន ដើម្បី​សិក្សា​និង​រៀន​ផ្នែក​នេះ​ឲ្យ​បាន​ច្រើន។ រយៈពេល​ហាត់​រៀន​អស់​ច្រើន​ឆ្នាំ​មក​នេះ កញ្ញា ចេះ​របាំ​ខ្មែរ​បាន​ច្រើន និង​ថែម​ទាំង​បាន​ចូល​ប្រឡង​នៅ​សាលាវិចិត្រសិល្បៈ​ដោយ​ទទួល​បាន​លទ្ធ​ផល​ល្អ​ថែម​ទៀត​ផង។

អ្នក​គ្រូ​វ័យ​៧០​រូប​នេះ បន្ត​ថា យ៉ា​ម៉ា​ណា​កា ហ៊ី​តូ​មិ ​អាច​និយាយ​ភាសា​ខ្មែរ​បាន​តិចតួច​ តែ​ជា​មនុស្ស​ស្រលាញ់​សិល្បៈ​របាំ​ខ្មែរ​ណាស់ ព្រោះ​សូម្បី​នៅ​ប្រទេស​ជប៉ុន​ ក៏​រូប​នាង​ខំ​ប្រឹង​បង្កើត​សមាគម​​របាំ​ខ្មែរ​មួយ​ផង​ដែរ ដោយ​រ៉ាប់​រង​ម្នាក់​ឯង ហើយ​តែង​បញ្ជូន​សិស្ស​ឲ្យ​មក​ហាត់​រៀន​មួយ​ឆ្នាំ​ម្ដង​នៅ​កម្ពុជា ដើម្បី​សិក្សា​ស្វែង​យល់​ស៊ី​ជម្រៅ​ពី​របាំ​បុរាណ​ខ្មែរ​ទៀត​ផង។ ​​​

កញ្ញា យ៉ា​ម៉ា​ណា​កា ហ៊ី​តូ​មិ កំពុងហាត់របាំជាមួយអ្នកគ្រូ ឱម យុ​វណ្ណា

ចំពោះ​របាំ​ដែល​កញ្ញា យ៉ា​ម៉ា​ណា​កា បង្ហាញ​ជូន​ទស្សនិកជន​ទស្សនា​ នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិ​ការ​កម្ពុជា-ជប៉ុន កាល​ពី​ថ្មីៗ​នោះ បាន​ចំណាយ​ពេល​ហាត់​រៀន​ជាង​មួយ​ខែ យ៉ាង​យកចិត្ត​ទុក​ដាក់​បំ​ផុត​ ដោយ​មាន​ការ​ចូល​រួម​ស្មូត​ដោយ​លោក​គ្រូ​ យ៉ាន់ បូ​រិន និង​បំបែក​ក្បាច់​ដោយ​អ្នក​គ្រូ វណ្ណា។ ក្រៅ​ពី​នេះ យ៉ា​ម៉ា​ណា​កា ធ្លាប់​បាន​បង្ហាញ​សមត្ថភាព​តាម​កម្មវិធី​ជា​ច្រើន​ដូច​ជា ពិធី​បុណ្យ​ប្រពៃ​ណី​ផ្សេង​ៗ​ទាក់​ទង​នឹង​ប្រទេស​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា សិក្ខា​សាលា និង​កម្មវិធី​មួយ​ចំនួន ​នៅ​តាម​សាលា​ជា​ច្រើន៕​​

ទស្សនាកញ្ញា យ៉ា​ម៉ា​ណា​កា ហ៊ី​តូ​មិ រាំរបាំ​ខ្មែរ នៅ​លើ​ឆាក​ក្នុង​ពិធី​បុណ្យ​ តា​ណា​បា​តា៖

អត្ថបទ៖ លឹម សុនា

មតិយោបល់