• 2018-07-11 04:09:04
  • ជីវិតតារា

រំលឹក​ពី​អតីត​តារា​សម្ដែង​ល្បី​ឈ្មោះ ពេញ​វង្ស រស្មី ដែល​ឃ្លាត​មាតុភូមិ​ ឆ្ងាយ​សិល្បៈ​ជិត ២០​ឆ្នាំ

  • 2018-07-11 04:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង​ល្បី​ឈ្មោះ អ្នក​ស្រី ពេញ​វង្ស រស្មី ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ប្រទេស​បារាំង បាន​ពោល​នឹក​រលឹក​ដី​ប្រទេស​កំណើត ក្រោយ​បាន​ចាក​ចេញ​ពី​អស់​កាល​ជិត​២០​ឆ្នាំ​រួច​មក។

ផ្ដើម​ពី​ហេតុ​ផល​នេះ​អ្នក​ស្រី ពេញ​វង្ស រស្មី រមែង​បង្ហោះ​សារ​នានា​ពី​កម្ពុជា។ "អរុណ​សួស្ដី ប្រទេស​កម្ពុជា មាតុភូមិ​ជា​ទី​ស្នេហា​នៃ​ខ្ញុំ"។ សារ​ចុង​ក្រោយ​បង្អស់​អ្នក​ស្រី​ពី​កម្ពុជា ទើប​បង្ហោះ​នា​ថ្ងៃ​ម្សិល​មិញ។ បន្ថែម​ពី​លើ​នេះ អ្នក​ស្រី​នៅ​បាន​ឆ្លើយ​ប្រាប់ Sabay ទៀត​ថា ច្បាស់​ណាស់ អ្នក​ស្រី​ពិត​ជា​នឹករលឹក​ទឹក​ដី​កំណើត​ខ្លាំង​ពិត​មែន! បើ​ទោះ​ធ្លាប់​ចេញ​ចូល​មក​លេង​ប្រទេស​កំណើត និង​ក្រុម​គ្រួសារ​២-៣​លើក​ហើយ​ក៏​ដោយ។

អ្នក​ស្រី​ទើប​ឡើង​មក​កម្ពុជា​ចុង​ក្រោយ​កាល​ពី​២​ឆ្នាំ​មុន មក​លេង​ក្រុម​គ្រួសារ ប៉ុន្តែ​នៅ​តែ​មិន​អាច​ផ្ដាច់​អារម្មណ៍​នឹក​រលឹក​ទឹកដី​កំណើត​បាន​ឡើយ។ “នៅ​ស្រុក​គេ ឃើញ​គេ​រីក​ចម្រើន​ជឿន​លឿន ដល់​អីចឹង​ក៏​ចេះ​តែ​មាន​អារម្មណ៍​នឹក​គិត ចង់​ឲ្យ​ស្រុក​យើង​មាន​ការ​រីកចម្រើន​ដូច​គេ​អីចឹង​ណា ហើយ​មួយ​ទៀត គឺ​នឹក​បង​នឹក​ប្អូន នឹក​អនុស្សាវរីយ​ទាំង​ឡាយ​នៅ​ស្រុក​កំណើត ក៏​ដូច​ជា​ប្រទេស​កំណើត!”។

អតីត​តារា​សម្ដែង​មាន​ទម្រង់​មុខ​មូល​ពេញ​ដោយ​មន្ត​ស្នេហ៍​រូប​នេះ បញ្ជាក់​ថា ជាមួយ​អារម្មណ៍​នឹក​មិន​ដាច់​នេះ អ្នក​ស្រី​គ្រោង​នឹង​ឡើង​មក​កម្ពុជា​ទៀត នៅ​ពេល​មិន​យូរ​នា​ពេល​ខាង​មុខ។ បើ​មិន​ដូច្នេះ ហោច​ណាស់ ក៏​ស្នើ​ឲ្យ​អ្នក​ម្ដាយ និង​បង​ស្រី​ឡើង​ទៅ​លេង​នៅ​បារាំង​វិញ​ដែរ ប្រសិន​បើ​ជាក់​ស្ដែង​មាន​ធុរៈ​មិន​អាច​ឡើង​មក​បាន។

ពេញ​វង្ស រស្មី មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ធំ។ អ្នក​ស្រី​គឺ​ជា​អតីត​តារា​សម្ដែង និង​ជា​ពិធី​ការិនី​ទូរទស្សន៍ ប្រសូត​ចេញ​ពី​ការ​ប្រឡង​កម្មវិធី​បវរកញ្ញា​មួយ​នា​ឆ្នាំ ១៩៩៤ ដែល​ពេល​នោះ អ្នក​ស្រី បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​២ (First Runner Up) ។ ក្រោយ​មក១​ឆ្នាំ ​អ្នក​ស្រី​ក៏​បាន​ប្រឡូក​សិល្បៈ​ធ្វើ​ជា​តារា​សម្ដែង និង​ពិធី​ការិនី​ទូរទស្សន៍។

ស្នាដៃ​លេច​ធ្លោ​របស់​អ្នក​ស្រី​នា​ពេល​នោះ មាន​តាម​រយៈ​រឿង​ជា​ច្រើន​ដូច​ជា "ជាតិ​ស្ត្រី" របស់​លោក ហ្វៃ សំអាង និង​រឿង "ចាប​ស្រុក ចាប​ព្រៃ" ជា​ដើម មុន​ពេល​ចាក​ចេញ​ទៅ​រស់​នៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ ២០០០។ នៅ​ដើម​ឆ្នាំ ២០០៩ អ្នក​ស្រី​ក៏​បាន​រៀប​អាពាហ៍ពិពាហ៍ ជា​មួយ​អាណិកជន​ខ្មែរ​នៅ​បារាំង​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​កំពង់ធំ​ដូច​គ្នា។ មក​ដល់​បច្ចុប្បន្ន អ្នក​ទាំង​ពីរ​មិន​ទាន់​មាន​បុត្រ​ទេ។

ពេញវង្ស រស្មី អតីតកាល និង​បច្ចុប្បន្ន

តាម​ការ​បញ្ជាក់​របស់ ពេញ​វង្ស រស្មី គឺ​អ្នក​ស្រី គ្រោង​នឹង​វិល​មក​រស់​នៅ​ស្រុក​ខ្មែរ​វិញ​នៅ​ពេល​ជីវិត​ឈាន​ចូល​ដល់​វ័យ​ចាស់ ជាមួយ​នឹង​ការ​តាំង​ចិត្ត​ថា "មិន​ព្រម​ស្លាប់​ចោល​ឆ្អឹង​លើ​ដី​ស្រុក​គេ​ដាច់​ខាត"។ នៅ​ពេល​នោះ អ្នក​ស្រី​អះអាង​ទៀត​ថា នឹង​មាន​គម្រោង​ខ្លះ​ៗ ដើម្បី​ចូល​រួម​ចំណែក​ស្ថាបនា​សង្គម​ជាតិ និង​ប្រទេស​កំណើត​របស់​អ្នក​ស្រី៕

ពេញ​វង្ស រស្មី(រូប​ស្លៀករ៉ូប​ពណ៌​ផ្កា​ត្របែក​ព្រៃ) នៅ​ក្នុង​ការ​ប្រឡង​នា​ឆ្នាំ ១៩៩៤(រូបភាព៖ ផ្ដល់​ដោយ​អ្នក​ស្រី ពេញវង្ស រស្មី)

អត្ថបទ៖ ទារិកា

មតិយោបល់