• 2018-07-12 03:22:43
  • ព័ត៌មាន

ប្រុង​យ៉ាង​ម៉េច​អីចេះ! យុគ ចិន្តា ស្រាប់​តែ​ចង់​ឲ្យ​កូន​ស្រី​ក្លាយ​ជា​​អ្នក​សារព័ត៌មាន​ល្បី

  • 2018-07-12 03:22:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាម​ជា​អាណាព្យាបាល យុគ ចិន្តា បាន​ផ្ចុងផ្ដើម​កូន​ច្រើន ដោយ​បាន​ជំរុញ​ឲ្យ​កូន​ស្រី​តែ​មួយ ចេះ​ជំនាញ​ជា​ច្រើន​ក្នុង​សិល្បៈ ប៉ុន្តែ​នៅ​មាន​ចំណុច​មួយ​ទៀត ដែល​អ្នក​នាង ចង់​ជំរុញ​កូន​ស្រី​ដែរ​នោះ គឺ​ធ្វើ​ជា​អ្នក​សារព័ត៌មាន។

យុគ ចិន្តា មាន​បំណង​បែប​នេះ ទន្ទឹម​នឹង​ខ្លួន​ឯង​ជា​អ្នក​សិល្បៈ​ផង និង​ជា​អ្នក​ធ្វើ​ការ​ក្នុង​ជួរ​អ្នក​សារព័ត៌មាន​ផង ពោល​គឺ​ជា​ពិធីការិនី​ទូរទស្សន៍។ អ្នក​ម្ដាយ​រូប​នេះ អះអាង​ថា អាជីព​ជា​អ្នក​សារព័ត៌មាន គឺ​ជា​អាជីព​គួរ​ឲ្យ​មោទនភាព​មួយ​សម្រាប់​ស្ត្រី ជាក់​ស្ដែង អ្នក​នាង​មាន​មុខ​មក​ដល់​សព្វ​ថ្ងៃ ក៏​ដោយ​សារ​ការងារ​ជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ទូរទស្សន៍​នេះ​មួយ​ផ្នែក​ដែរ។

“សម្រាប់​ខ្ញុំ គឺ​ជា​អ្នក​និយាយ​ព័ត៌មាន អីចឹង​ចង់​ឲ្យ​គាត់​ក្លាយ​ជា​អ្នក​សារព័ត៌មាន គឺ​ចង់​ខ្លាំង​តែ​ម្ដង ហើយ​ចង់​ឲ្យ​គាត់​ក្លាយ​អ្នក​សារព័ត៌មាន​ល្បី​តែ​ម្ដង ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ អម​គាត់​អត់​ព្រម"។ យុគ ចិន្តា ថ្លែង។

អតីត​ពិធីការិនី​ទូរទស្សន៍ IBC រូប​នេះ បាន​បញ្ជាក់​ថា ជាប់​ជា​មួយ​បំណង​នេះ អ្នក​នាង ធ្លាប់​បាន​និយាយ​ជាមួយ​កូន​ស្រី​ហើយ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល ព្រោះ​កូន​ស្រី​បដិសេធន៍។ "សម្រាប់ អម គាត់​អត់​ចង់​មក​ខាង​នេះ​ទេ គឺ​គាត់​ចូល​ចិត្ត​តែ​សិល្បៈ​ប៉ុណ្ណោះ ពិសេស​គឺ​ការ​ច្រៀង គាត់​ចូល​ចិត្ត​ខ្លាំង​តែ​ម្ដង!”។

ចិញ្ចឹម​កូន​ស្រី ដោយ​ឲ្យ​សេរីភាព​លើ​ការ​សម្រេច​ចិត្ត យុគ ចិន្តា ប្រាប់​ថា ក៏​មិន​បង្ខំ​កូន​ស្រី​ដែរ។ បច្ចុប្បន្ន អ្នក​នាង​ជំរុញ​បន្ថែម​លើ​អ្វី​ដែល អម ចូល​ចិត្ត គឺ​សិល្បៈ ដែល​មក​ទល់​នឹង​ពេល​នេះ កូន​ស្រី​ចេះ​ចាំ​ជំនាញ​ជា​ច្រើន ដូច​ជា​តន្ត្រី ច្រៀង រាំ ជា​ដើម។ ជំនាញ​មួយ​ៗ​សុទ្ធ​តែ​ចូល​សិក្សា​សាលា​ជំនាញ ខ្លះ​ចំណាយ​ពេល​សិក្សា​ដល់​ទៅ ៥-៦​ឆ្នាំ​ឯណោះ។

យ៉ាង​នេះ​ក្ដី មាន​ចំណុច​មួយ​ដែល​អ្នក​នាង ព្យាយាម​ទប់​កូន​ស្រី​នោះ គឺ​ការ​ចូល​ប្រឡូក​សិល្បៈ បើ​ទោះ​ជា​កូន​ស្រី​មាន​សមត្ថភាព និង​ការ​ជឿជាក់​ថា​អាច​ធ្វើ​បាន​ក៏​ដោយ នោះ​ក៏​ព្រោះ​តែ​អ្នក​នាង ចង់​ឲ្យ​កូន​ស្រី​តែ​មួយ​រូប​នេះ រៀន​សូត្រ​បាន​ជ្រៅ​ជ្រះ​សិន។

បច្ចុប្បន្ន អម ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជីជាតិ​ថា យុគ ដាពេជ្រ កំពុង​សិក្សា​ចំណេះ​ទូទៅ​ថ្នាក់​ទី៨ ​នៅ​សាលា​ឯកជន​មួយ​នា​រាជធានី​ភ្នំពេញ​។ យុគ ចិន្តា បញ្ជាក់​ថា ក្រោយ​បញ្ចប់​ចំណេះ​ទូទៅ​នៅ​ក្នុង​ស្រុក អ្នក​នាង គ្រោង​បញ្ជូន​កូន​ទៅ​សិក្សា​នៅ​បរទេស​ទៀត មុន​ពេល​បណ្ដោយ​ឲ្យ អម ចង់​ធ្វើ​អ្វី​ដែល​គេ​ចង់​ក្នុង​សិល្បៈ៕

អត្ថបទ៖ ទារិកា

មតិយោបល់