• 2018-07-12 07:35:14
  • ព័ត៌មាន

មនុស្ស​រាប់​ពាន់​ចុះធ្វើយុទ្ធនាការ​បិទ​សារព័ត៌មាន Dispatch ក្រោយមានបញ្ហាជាមួយ YG

  • 2018-07-12 07:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dispatch គឺ​ជា​សារព័ត៌មាន​មួយ​ប្រចាំ​ប្រទេស​កូរ៉េ​ដែល​ផ្ដោត​សំខាន់​លើ​ព័ត៌មាន​ទាន់​ហេតុការណ៍​នៃ​សង្គម​សិល្បៈ​កម្សាន្ត​កូរ៉េ។ កាល​ពី​ពេល​ថ្មីៗ​នេះ ខាង​សារព័ត៌មាន​មួយ​នេះ បាន​ចុះ​ផ្សាយ​បញ្ហា​ព័ត៌មាន​ផ្លូវ​ក្នុង​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​តារា​ៗ​ក្នុង​ផលិតកម្ម YG បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

ព័ត៌មាន​ដំបូង​ដែល​ខាង​សារព័ត៌មាន​នេះ​លើក​ឡើង​មក​នោះ គឺ​ពាក់ព័ន្ធ​នឹង​តារា​ចម្រៀង G-Dragon ដោយ​ចោទ​ថា​លោក​បាន​ទទួល​ការ​ព្យាបាល​ជា​ពិសេស​ក្នុង​មន្ទីរពេទ្យ​ទាហាន។ រំលង​ប្រហែល​បាន​១​សប្ដាហ៍ ខាង​សារព័ត៌មាន Dispatch បាន​ចេញ​ព័ត៌មាន​មួយ​ទៀត និយាយ​ពី​តារា​ចម្រៀង Song Min Ho បាន​តាម​ដាន​គណនី Instagram មួយ​ដែល​បង្ហោះ​រូបភាព​អាសអាភាស។ ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ​នោះ ខាង Dispatch បាន​ទម្លាយ​រឿងរ៉ាវ​ផ្ទៃ​ក្នុង​ពាក់ព័ន្ធ​នឹង​អត្តសញ្ញាណ​ពិត​ប្រាកដ​របស់​ស្វាមី​តារា​សម្ដែង Choi Ji Woo ថែម​ទៀត។

ព័ត៌មាន​ទាំង​៣​នេះ បាន​ធ្វើ​ឲ្យ​មាន​ជម្លោះ​ទាស់​ទែង​ពាក្យ​សម្ដី​ជា​ច្រើន​លើ​បណ្ដាញ​សង្គម​អន​ឡាញ ខណៈ អ្នក​គាំទ្រ​ជា​ច្រើន​បាន​រិះគន់​សារព័ត៌មាន​មួយ​នេះ​​ថា​បាន​បំពាន​សិទ្ធិ​ឯកជន​របស់​សិល្បករ ហើយ​ថែម​ទាំង​បាន​ចេញ​ផ្សាយ​ព័ត៌មាន​ដោយ​គ្មាន​បាន​ស៊ើប​រក​ការ​ពិត​ឲ្យ​បាន​ច្បាស់​លាស់​មុន​ទៀត​ផង។

ជា​លទ្ធផល ខាង Blue House បាន​ធ្វើ​យុទ្ធនាការ​មួយ​ដោយ​ទាមទារ​ឲ្យ​មាន​ការ​បិទ​សារព័ត៌មាន​ Dispatch នេះ​ចោល។ រហូត​មក​ទល់​ពេល​នេះ មាន​មនុស្ស​ជិត ១៧០ ០០០នាក់​ហើយ បាន​ចុះ​ហត្ថលេខា​យល់​ព្រម​នឹង​ការ​ទាមទារ​មួយ​នេះ។

យុទ្ធនាការ​ទាម​ទារ​នោះ​បាន​សរសេរ​ថា៖ "អ្នក​សិល្បៈ​ក៏​ជា​មនុស្ស​ដែរ។ មាន​ចំណែក​ខ្លះ​ដែល​ពួក​គេ​មិន​ចង់​បង្ហាញ ដោយ​ពួក​គេ​ក៏​មាន​ជីវិត​ផ្ទាល់​ខ្លួន​ដែរ ហើយ​ភាព​ជា​ឯកជន​របស់​ពួក​គេ​នេះ​ក៏​មាន​សិទ្ធិ​ក្នុង​ការ​ការពារ ព្រោះ​ពួកគេ​ជា​ពលរដ្ឋ​របស់​ប្រទេស​កូរ៉េ"៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់