• 2018-07-18 04:30:59
  • ចម្រៀង

បងប្អូន ម៉េង ប៊ុនលី ម៉េង ប៊ុនឡូ ដឹកដៃគ្នាទៅ ផលិត Original Song ដល់​ប្រទេសបារាំង (វីដេអូ)

  • 2018-07-18 04:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​តិច​មាន​បទ​ MV ចំនួន​៣បទ ដែល​សុទ្ធតែ​ជា Original song​​ ត្រូវ​បាន​តារា​ចម្រៀង​ពីរ​នាក់​បង​ប្អូន​ គឺលោក ​ម៉េង ប៊ុនលី ម៉េង ប៊ុនឡូ ​កំពុងតែ​សម្រុក​ថត ​​និង​ថត​បាន​សម្រេច​ខ្លះ​ហើយ។ ​វីដេអូ​និង​អត្ថន័យ​បទ​ចម្រៀង​ទាំង​នោះ បង្ហាញ​ពី​សម្រស់​នៃ​ប្រទេស​បារាំង ក្នុង​គោលបំណង​​យក​​បង្ហាញ​ដល់​អ្នក​​គាំទ្រ​របស់​លោក​បាន​ទស្សនា​ក៏​ដូច​ជា​ស្ដាប់​កម្សាន្ត ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក ម៉េង ប៊ុនលី ដែល​ជា​ប្អូន។

លោក ម៉េង ប៊ុនលី បាន​ថ្លែង​ពី​ប្រទេស​បារាំង​ឲ្យ​ដឹង​ថា បទ​ចម្រៀង​ទាំង​៣បទ​ដែល​បងប្អូន​របស់​លោក​​កំពុងតែ​ថត​នៅ​ប្រទេស​បារាំង​នោះ មាន​២បទ​ជា​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​របស់​លោក និង​១បទ​​ជា​បទ​ចម្រៀង របស់ លោក ម៉េង ប៊ុនឡូ​ ដែល​ជា​បង​ប្រុស។ បទ​​ចម្រៀង​របស់​លោក​មាន​បទ​"ស្ទឹង​សែន​ដែនសមុទ្រ" និង​បទ"ជួប​ស្នេហ៍​ចៃដន្យ" ចំណែក​បទ​លោក ម៉េង ប៊ុនឡូ គឺ​បទ"​LA ROSE DE PARIS" ​សុទ្ធតែ​ជា ​Original song​​ រៀបរាប់​ពី​សម្រស់​នៃ​ទី​ក្រុង និង​ស្នេហា នៅ​ប្រទេស​បារាំង។

លោក​ថា សម្រាប់​បទ​បទ "​LA ROSE DE PARIS" បាន​ផលិត​រួច និង ទើបតែ​បង្ហោះ​លើ​ Youtube កាល​ពី​ប៉ុន្មាន​ថ្ងៃ​នេះ ចំណែក​២បទ​ផ្សេង​ទៀត​​របស់​លោក​កំពុង​តែ​សម្រុក​ថត ក្រោយ​ពី​ថត​រួច​ នឹង​យក​មក​កាត់​នៅ​ស្រុក​ខ្មែរ ហើយ​គ្រោង​​បង្ហោះ​លើ​ Youtube នៅ​ក្នុង​អំឡុង​ខែ សីហា ខាង​មុខ​​នេះ។

វត្តមាន​តារា​ចម្រៀង​ត្រកូល​ម៉េង​២នាក់​បង​ប្អូន​លើ​ទឹក​ដី​បារាំង​នេះ មិនមែន​​ការ​ចេញ​ទៅ​ផលិត​បទ​ចម្រៀង​ដោយ​ចំណាយ​ប្រាក់​ពី​ហោប៉ៅ​ខ្លួន​ឯង​ឡើយ ពោល​គឺ​ពួក​គេ​មាន​សមាគម​ខ្មែរ​នៅ​ទី​នោះ​ជា អ្នក​រ៉ាប់រង។ ជា​មួយ​គ្នា​នោះ​ដែរ​តារា​ដែល​ចូល​រួម​សម្ដែង​​ក្នុង ​MV​ ខាង​លើ សុទ្ធតែ​ជា​កូន​ខ្មែរ​រស់​នៅ​ទី​នោះ ហើយ​ការ​ចូល​រួម​សម្ដែង​មិន​គិត​ពី​តម្លៃ​ខ្លួន​ឡើយ។

លោក ម៉េង ប៊ុនលី បាន​ចេញ​ទៅប្រទេស​តាំង​ពី​ដើម​ខែ ឧសភា ហើយ​គ្រោង​ត្រលបប់​មក​វិញ​នៅ​ចុង​ខែ កក្កដា នេះ​បន្ទាប់​ពី​ថត ​MV រួច។ ​ក្រៅ​ពី​ការ​ផលិត​បទ​ចម្រៀង លោក ម៉េង ប៊ុនលី ​ក៏​មាន​បេសកកម្ម​ច្រៀង​នៅ​ទី​នោះ តាម​ការ​រៀបចំ​របស់​ម្ចាស់​ស្ពុនស័រ​ ​ចំណែក​លោក ប៊ុនឡូ ទៅ​ក្នុង​នាទី​ជា​អ្នក​ថតវីដេអូ និងដឹក​នាំ​ការ​សម្ដែង​ MV ប៉ុណ្ណោះ។

លោក ម៉េង ប៊ុនលី បាន​លើក​ឡើង​ឲ្យ​ដឹង​ទៀត​ថា តាម​បំណង​របស់​ខ្លួន​ទៅ​ប្រទេស​ណា លោក​ចង់​ផលិត​បទ​ចម្រៀង​យ៉ាង​តិច​ឲ្យ​បាន​១បទ ក្នុង​ប្រទេស​នោះ​កន្លង​មក​លោក​ក៏​ធ្លាប់​ផលិត​បទ"សូម​លើក​ទូរស័ព្ទ​បង​ផង" លើ​ទឹក​ដី​អាមេរិក​ផង​ដែរ។ ទន្ទឹម​​គ្នា​នោះ​ដែរ លោក​​ក៏​មាន​បំណង​ចង់​ផលិត​បទ​ចម្រៀង​នៅ​​ក្នុង​ប្រទេស​​កម្ពុជា ឲ្យ​បាន​យ៉ាង​តិច​១បទ និយាយ​ពី​ខេត្ត​នីមួយៗ​ផង​ដែរ។

ការ​ដាក់​មហិច្ឆតា​ដូច​បាន​លើក​ឡើង​ខាង​លើ ក៏​ព្រោះ​តែ​លោក​រំពឹង​ថា បទ​ចម្រៀង​​ទាំង​នោះ ក្រោយ​ចេ​ផ្សាយ​នឹង​ជួយ​បំបែក​ភាព​ស្ងប់​ស្ងាត់​របស់​លោក​ឡើង​​វិញ​ជាក់​ជា​មិន​ខាន៕

ទស្សនាវីដេអូចម្រៀង "​LA ROSE DE PARIS" ដែលបានផ្តិតយករូបភាពនៅប្រទេសបារាំងខាងក្រោមនេះ៖

អត្ថបទៈ ស៊ុនហួត

មតិយោបល់