• 2018-07-18 07:16:45
  • ជីវិតតារា

ស្រី​ស្អាត Jimmy ទម្លាយ​អាថ៌កំបាំង​យីអ៊ុន​ឡើង​ក្រឺតៗ ទិញ​ផ្ទះ​​ច្រើន​កន្លែង​ជិត​កន្លះ​លាន​ដុល្លារ

  • 2018-07-18 07:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​២០១៨ នេះ មាន​ព័ត៌មាន​លេច​ឮ​ថា ពិធីការិរី​ពូកែ​វោហារ​សព្ទ​ប្រចាំ​ទូរទស្សន៍ PNN កញ្ញា Jimmy កំពុង​មាន​យីអ៊ុន​ឡើង​ក្រឺតៗ​យ៉ាង​សម្បើម​មិន​ថា​ការងារ​សិល្បៈ និង​ជំនួញ​អចលនទ្រព្យ​រាប់​សិប​ម៉ឺន​ដុល្លារ​ឯ​ណោះ រហូត​ដល់​មាន​មនុស្ស​ជា​ច្រើន​លាន់​មាត់​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។

តប​នឹង​ពាក្យ​ចចាមអារ៉ាម​នេះ ស្រី​ស្អាត​រូប​នេះ​បាន​បញ្ជាក់​ប្រាប់ Sabay ក្នុង​កម្មវិធី​ខួប​កំណើត​របស់​គ្រូ​ហុងស៊ុយ​ល្បី​ឈ្មោះ​ម្នាក់​នៅ​កម្ពុជា កាល​ពី​ល្ងាច​អាទិត្យ​មុន ថា រឿង​ទាំង​អស់​នេះ ជា​ការ​ពិត។

ពិធីការិនី​​ឆ្នើម​សមត្ថភាព​មិន​ធម្មតា​ចេះ​ច្រើន​ភាសា​ទាំង​ខ្មែរ អង់គ្លេស ថៃ ចិន រូប​នេះ និយាយ​ថា៖ "ក្នុង​ឆ្នាំ​នេះ ខ្ញុំ​ទិញ​ផ្ទះ​បាន ៣ កន្លែង​ធំៗ...មួយ​នៅ​ទីក្រុង OCIC [ទីក្រុង​រណប​ជ្រោយ​ចង្វារ] មួយ​ទៀត​នៅ​អ៊ីអន​២ មួយ​ទៀត​នៅ​ជិត​អ៊ីអន៣ ដែល​គ្រាន់​តែ​ទិញ​រួច​ភ្លាម គេ​មាន​គម្រោង​ឡើង​អ៊ីអន៣ ភ្លាម​ម៉ង"។

Jimmy ផ្ដល់​បទ​សម្ភាស​ដល់ Sabay ក្នុង​កម្មវិធី​ខួប​កំណើត​អ្នកគ្រូ​ហុងស៊ុយ ណាលី កាល​ពី​ថ្ងៃទី ១៥ កក្កដា ២០១៨

តម្លៃ​ទិញ​អចលនទ្រព្យ​ទាំង​នេះ មាន​សរុប​ទាំង​អស់​ប្រមាណ​ជិត ៥០ ម៉ឺន​ដុល្លារ ដោយ​មិន​ទាន់​គិត​ខុនដូ​មួយ​នៅ​កំពង់សោម និង​ខុនដូ​មួយ​នៅ​ម្ដុំ​ផ្លូវ​៦០ ម៉ែត្រ ខណៈ​ដែល​ការងារ​សិល្បៈ​របស់ Jimmy ឆ្នាំ​នេះ ហូរ​ចូល​ច្រើន​រវល់​ដល់​ថ្នាក់​រក​ពេល​សម្រាក​ស្ទើរ​គ្មាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ Jimmy។

ពេល​ត្រូវ​បាន​ចោទ​សួរ​ថា​អ្វី​ជា​អាថ៌កំបាំង​នៅ​ពី​ក្រោយ​ជំនួញ​អចលនទ្រព្យ​ក្នុង​ទំហំ​ទឹក​ប្រាក់​ធំ​មួយ​នេះ Jimmy បង្ហើប​ថា ក្រៅ​ពី​ប្រឹងប្រែង​ការងារ​ដោយ​សមត្ថភាព​ខ្លួន​ឯង Jimmy មាន​គ្រូ​ហុងស៊ុយ​ល្បី​ម្នាក់​នៅ​ក្បែរ​ខ្លួន​ដែល​តែង​ចង្អុល​ប្រាប់​ផ្លូវ​ថា នាង​គួរ​ធ្វើ​អ្វី គួរ​រកស៊ី​អ្វី​ត្រូវ ពោល​គឺ​អ្នកគ្រូ ណាលី អគ្គ​នាយិកា​ស្ថាប័ន​ហុងស៊ុយ ម៉ាស្ទ័រ ណាលី។

"ថ្ងៃ​មួយ អ្នក​គ្រូ​ប្រាប់​ថា កុំ​ទាន់​អាល​ចំណាយ​លើ​រឿង​តែង​ខ្លួន fashion ប្រមូល​ទាំង​អស់​មក​ដាក់​លើ​ដី ព្រោះ​ឆ្នាំ​នេះ [២០១៨] បើ​កូន​ឯង​មាន​ដី​ច្រើន គឺ​យើង​ហេង​មែន​ទែន ព្រោះ​ឆ្នាំ​ហ្នឹង​យើង​ត្រូវ​ជាមួយ​ធាតុ​ដី"។

ក្រៅ​ពី​ជឿ​តាម​ការ​ចង្អុល​ប្រាប់​របស់​គ្រូ​ហុងស៊ុយ Jimmy ក៏​បាន​ឲ្យ​អ្នក​គ្រូ​រៀបចំ​ហុងស៊ុយ​ផ្ទះ និង​ចាវអ៊ុង (ផ្នូរ​មនុស្ស​រស់) ក្នុង​តម្លៃ​ម៉ឺន​ដុល្លារ ដើម្បី​ឲ្យ​លាភ​សំណាង​កាន់​តែ​ចូល​មក​ច្រើន​ឡើង​ផង​ដែរ។

អ្នកគ្រូ ណាលី អគ្គនាយិកា​ស្ថាប័ន​ហុងស៊ុយ ម៉ាស្ទ័រ ណាលី

ហេតុ​អី Jimmy ជឿ​លើ​ហុងស៊ុយ?

ស្រី​ស្អាត​កូន​ទោល​រូប​នេះ រៀបរាប់​ថា នាង​ជឿ​លើ​ហុងស៊ុយ ៤០% ជឿ​លើ​សមត្ថភាព​ខ្លួន​ឯង ៦០%។ Jimmy បាន​នៅ​ក្បែរ​អ្នកគ្រូ ណាលី តាំង​ពី​ដំបូង​គេ តាំង​ពី​អ្នក​គ្រូ​មិន​ទាន់​ល្បី​មក​ម្ល៉េះ។ អ្នក​គ្រូ​ប្រាប់​ថា នាង​មាន​រាសី​ដំណើរ​ជីវិត​មិន​ល្អ​ណាស់​ណា​ទេ មាន​ឡើង​មាន​ចុះ តែ​នាង​ជា​មនុស្ស​មាន​ចំណេះ​ដឹង ជំនាញ​ការងារ ហើយ​ស្រលាញ់​ការងារ។ ការ​រៀប​ហុងស៊ុយ អាច​ជួយ​នាង​មាន​លាភ​ហូរ​ចូល​ច្រើន។

បន្ទាប់​ពី​រៀប​ហុងស៊ុយ​ផ្ទះ​រួច​ Jimmy ទទួល​បាន​ការងារ​ច្រើន​ដល់​ថ្នាក់​នាង​រក​ពេល​សម្រាក​គ្មាន។ រហូត​ដល់​ពេល​មួយ អ្នក​គ្រូ​ប្រាប់​ថា Jimmy នៅ​ខ្វះ​មួយ​ទៀត គឺ​ការ​ធ្វើ​ចាវអ៊ុង ដែល​ជួយ​ថែរក្សា​សុខភាព មិន​ឲ្យ​មាន​សត្រូវ​ជុំវិញ​មក​ប៉ះពាល់ ខណៈ​ដែល​ការ​ធ្វើ​ចាវអ៊ុង ត្រូវ​ចំណាយ​រាប់​ម៉ឺន​ដុល្លារ។

អី​ទៅ​ជា ចាវអ៊ុង?

Jimmy បាន​រៀបរាប់​ត្រួសៗ​ថា ចាវអ៊ុង ឬ​ផ្នូរ​មនុស្ស​រស់ ធ្វើ​ឡើង​ដោយ​ប្រើ DNA របស់​មនុស្ស គឺ​សក់ ក្រចក សម្លៀកបំពាក់ ហើយ​ធ្វើ​ពិធី​បញ្ចុះ​នៅ​ក្នុង​ដី​ដែល​ជា​ប្រភេទ​ដី​ដង្ហើម​នាគ មាន​ធាតុ ៥ ពណ៌ ព័ទ្ធ​សងខាង​ដោយ​ភ្នំ មាន​បឹង ឬ​សមុទ្រ​ធម្មជាតិ​ខាង​មុខ ព្រម​ទាំង​មាន​កោះ​ទល់​មុខ​ផង​ដែរ។

ប្រសិទ្ធភាព​ចាវអ៊ុង គឺ​ជួយ​ឲ្យ​មាន​លុយ​កាក់​ហូរ​ចូល សុខភាព​ល្អ​បរិបូរ​ អំណាច​បារមី និង​បរិវារ ខណៈ​ដែល​ចាវអ៊ុង​មាន ៤ លំដាប់ គឺ សេដ្ឋី មហា​សេដ្ឋី​ធម្មតា មហា​សេដ្ឋី​ប្រចាំ​ប្រទេស និង មហា​សេដ្ឋី​ពិភព​លោក។ អ្នក​ធ្វើ​ចាវអ៊ុង ត្រូវ​ទៅ​ផ្នូរ​នោះ​ដាក់​ដៃ​លើ​ផ្នូរ​ស្រូប​យក​ថាមពល​​​ចក្រវាល និង​បន់ស្រន់​បំណង ៣ យ៉ាង​ក្នុង​ចិត្ត ហើយ​អាច​សម្រេច​បាន​ចាប់​ពី ៦០%​ឡើង​ទៅ។

ត្រណម​អ្នក​ធ្វើ​ចាវអ៊ុង

ត្បិត​មានចាវអ៊ុង​តាម​ថែរក្សា ការពារ​មែន តែ​អ្នក​ធ្វើចាវអ៊ុង ត្រូវ​មាន​ត្រណម​មួយ គឺ​ចិត្ត​បរិសុទ្ធ។ បើ​គ្មាន​ចិត្ត​បរិសុទ្ធ លោភលន់​កេង​ប្រវ័ញ្ច ធ្វើ​អាក្រក់ សម្លាប់​មនុស្ស គ្មាន​គុណធម៌ ឥទ្ធិពល​ចាវអ៊ុង នឹង​សាប​រលាប​ដោយ​ខ្លួន​ឯង៕

អត្ថបទ៖ សុផាត

មតិយោបល់