• 2018-07-19 03:38:30
  • ភាពយន្ត

កូន​ខ្មែរ​អាមេរិក​ម្នាក់ ចែក​រំលែកការ​ថត​​ភាពយន្ត​ឲ្យ​មាន​លក្ខណៈ​ស្តង់ដារហូលីវូដ

  • 2018-07-19 03:38:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​អ្នក​ដឹក​នាំ​សម្ដែង​វ័យ​ក្មេង​ជាង​៥០នាក់​របស់​កម្ពុជា ត្រូវ​បានមជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ ​និង​ទទួល​ថត​ភាពយន្ត​នៅ​កម្ពុជា​ (CFC) អញ្ជើញ​មក​ស្ដាប់​ការ​ចែក​រំលែក ស្ដី​ពី​ការ​ផលិត​ភាពយន្ត​ឲ្យ​មាន​លក្ខណៈ​ស្តង់ដារ​មួយ ដែល​វាគ្មិន​គឺ​ពី​កូន​ខ្មែរ​អាមេរិក​​ម្នាក់ ដែល​មាន​ជំនាញ​លើ​វិស័យ​នេះ​ជាង​១៧ឆ្នាំ​មក​ហើយ​ជា​មួយ​នឹងភាពយន្ត​ហូលីវូដ។

អ្នកស្រី សាន ស៊ីណា ធ្វើបទបង្ហាញពីការ​ផលិត​ភាពយន្ត​ឲ្យ​មាន​លក្ខណៈ​ស្តង់ដារ​

ពិធី​ចែក​រំលែក​ចំណេះ​ដឹង​ដែល​មិន​ធ្លាប់​មាន​កន្លង​មក​នេះ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១៨ ខែ កក្កដា ឆ្នាំ ២០១៨ នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ ​និង​ទទួល​ថត​ភាពយន្ត​នៅ​កម្ពុជា​ (CFC)។ អ្នក​ស្រី សាន ស៊ីណា គឺ​ជា​វិចិត្រករ​កុំព្យូទ័រ​ជំនាញ​ខាង​ផលិត​កុន​ឲ្យ​ ហូលីវូដ ដោយ​អ្នក​ស្រី​បាន​ធ្វើ​ការ​លើ​វិស័យ​នេះ​ជាង​១៧ឆ្នាំ​មក​ហើយ។ ទន្ទឹម​គ្នា​នោះ​ដែរ អ្នក​ស្រី​ក៏​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ពានរង្វាន់ EMMY ក្នុង​ឆ្នាំ ២០១៧ សម្រាប់​ឥទ្ធិពល​ទស្សនីយភាព​ដ៏​លេចធ្លោ​ និងពានរង្វាន់ Emmy ក្នុង​ឆ្នាំ ២០១៥។​ ភាពយន្ត​ល្បីៗ​របស់​ហូលីវូដ​ ដែលអ្នក​ស្រី សាន ស៊ីណា ធ្លាប់​បាន​ចូល​រួម​ផលិត​មាន​ដូច​ជា Westworld, Transformers: Dark of the Moon, Alice និង Wonderland ជា​ដើម។

លោក ជៀប សុវិជ្ជា និងអ្នកស្រី សាន ស៊ីណា

លោក ជៀប សុវិជ្ជា នាយក​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ ​និង​ទទួល​ថត​ភាពយន្ត​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​ដំណឹង​ថា អ្នក​ស្រី សាន ស៊ីណា គឺ​ជា​កូន​ខ្មែរ​១រូប​ដែល​មាន​ភាព​ល្បីល្បាញ​លើ​វិស័យ​ផលិត​កុន ​ជា​ពិសេស​លើ​ប្លង់ និង​ជា​វិចិត្រករ​កុំព្យូទ័រ​ធ្លាប់​ធ្វើ​ការ​ជា​មួយ​ក្រុមហ៊ុន​ផលិត​កុន​ឲ្យ​ហូលីវូត​ជា​ច្រើន​មក មាន​បេសកកម្ម​មក​កម្ពុជា ដើម្បី​ផលិត​ភាពយន្ត​មួយ​ ទើប​លោក​អញ្ជើញ​​​​អ្នក​ស្រី ដើម្បី​ចែក​រំលែក​ចំណេះដឹង​ខ្លះៗ ដល់​ក្រុម​ផលិត​កុន​នៅ​កម្ពុជា។

ទោះបី​ជា​ការ​ចែក​រំលែក​ចំណេះ​ដឹង​នេះ មាន​រយៈ​ពេល​ខ្លី​ក៏​ពិត​មែន ប៉ុន្តែ​នាយក​មជ្ឈមណ្ឌល​រូប​នេះ រំពឹង​ថា នឹង​អាច​ជួយ​​​បាន​ជា​គំនិត​និង​ជំនាញ​ខ្លះ​ៗ លើ​ការ​ផលិត​កុន​នៅ​កម្ពុជា​ឲ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត។

អ្នក​ស្រី សាន ស៊ីណា បាន​មើល​ឃើញ​ថា វិស័យ​ភាព​យន្ត​នៅ​កម្ពុជា គឺ​ពិត​ជា​​មិន​ទាន់​មាន​ភាព​ជឿន​លឿន​នៅ​ឡើយ ដូច​នេះ​អ្នក​ស្រី​ថា គឺ​ត្រូវ​ទាម​ទារ​ពេល​វេលា និងធនធាន​មនុស្ស​ច្រើន​លើ​វិស័យ​នេះ។ អ្នក​ស្រី​ថា ផលិតករ​ទាំង​អស់​ត្រូវ​តែខិតខំ​រៀន​ជំនាញ​ដែល​ខ្លួន​ខ្វះ​ខាត ប្រសិន​បើ​ចង់​ប្រលូក​លើ​វិស័យ​ភាពយន្ត​នេះ។

ទោះបី​ជា​វិស័យ​ភាពយន្ត​នៅ​មិន​ទាន់​​​អាច​ប្រៀប​នឹង​ប្រទេស​ជិត​ខាង​ក៏​ពិត​មែន តែ​​អ្នក​ស្រី​មើល​ឃើញ​​ជំនាញ​២ លើ​វិស័យ​សិល្បៈ​​មាន​ការ​រីក​ចម្រើន នោះ​គឺ​វិស័យ​គំនូរ និង​ចម្រៀង ។ អ្នក​ស្រី មើល​ឃើញ​ថា កូន​ខ្មែរ​កំពុងតែ​​វិវឌ្ឍខ្លួន​បាន​ល្អ​ប្រសើរ​ណាស់​លើ​ជំនាញ​ទាំង​២នេះ ។ ជា​មួយ​នឹងការ​ចែក​​រំលែក​ចំណេះ​ដឹង​លើ​ជំនាញ​ផលិត​កុន​នេះ តាម​ការ​លើក​ឡើង​របស់​អ្នក​ស្រី សាន ស៊ីណា កូន​ខ្មែរ​អាមេរិក​កាំង​រូប​នេះ​ធ្លាប់​បាន​ចែក​រំលែក​បាន​​ខ្ទង់​២០០​នាក់​មក​ហើយ នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត។

បេសកកម្ម​របស់ ​អ្នក​ស្រី សាន ស៊ីណា នៅ​ប្រទេស​កម្ពុជា​​​មាន​រយៈ​ពេល​​២សប្ដាហ៍​ប៉ុណ្ណោះ ដោយ​អ្នក​ស្រី​នឹង​ត្រូវ​ចាប់​ដៃគូ​ជា​មួយ​អ្នក​ដឹក​នាំ​រឿង លោក សុខ វិសាល ក្នុង​ការ​ថត​ភាពយន្ត​មួយ ដើម្បី​​យក​ទៅ​ចាក់​នៅ​ហូលីវូដ ដោយ​បច្ចុប្បន្ន​​ថត​បាន​ខ្លះ​រួច​ហើយ៕

អត្ថបទៈ ស៊ុនហួត

រូបភាព៖ ផ្ដល់សិទ្ធិដោយ CFC

មតិយោបល់