• 2018-07-20 02:58:31
  • ភាពយន្ត

មកដឹង​ប្រវត្តិជីវិតតស៊ូរបស់កូនខ្មែរអាមេរិកម្នាក់មុនទទួលបានពានរង្វាន់ Emmy Award

  • 2018-07-20 02:58:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ជាង​១០ឆ្នាំ ក្នុង​វិស័យ​ភាពយន្ត Hollywood អ្នកនាង សាន ស៊ីណា មិន​ត្រូវ​បាន​គេ​បង្ហាញ​ឈ្មោះ ឬ​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​នោះ​ទេ ទោះ​បី​មាន​ជំនាញ​ពិសេស​ក្នុង​ការ​ផលិត​រូបភាព​បែប 3D ឌីជីថល គំនូរ​សិល្បៈ​នានា ឬ​ក៏​ការងារ​ល្អ​ៗ​នានា​ក្នុង​វិស័យ​ភាពយន្ត​នៅ Hollywood ក៏​ដោយ។

នេះជាវីដេអូ Breakdown VFX ផលិតដោយអ្នកនាង សាន ស៊ីណា

ដោយ​មាន​គម្រោង​ភាពយន្ត​ខ្នាត​ទូរទស្សន៍​ធំ​មួយ​របស់​អាមេរិក​គឺ​រឿង «GOTHAM» បាន​ធ្វើ​ឱ្យ​ អ្នកនាង សាន ស៊ីណា ទទួល​បាន​ជោគជ័យ និង​ពានរង្វាន់​ខ្នាត​អន្តរជាតិ Emmy Award ដែល​ជា​មោទកភាព​មួយ​សម្រាប់​ជនជាតិ​ខ្មែរ​រស់​នៅ​អាមេរិក ក៏​ដូចជា​ប្រជាជន​ខ្មែរ​ទាំង​អស់​ផង​ដែរ​។​ អ្នកនាង សាន ស៊ីណា បន្ត​ថា៖ «វា​ជា​គម្រោង​មួយ​ដែល​គេ​ប្រញាប់ ហើយ​មាន​រយៈ​ពេល​ខ្លី​បំផុត​ លុយ​តិច​បំផុត​ គេ​ក៏​បោះ​ឱ្យ​ខ្ញុំ​គ្រប់គ្រង​ ហ្នឹងហើយ​ខ្ញុំ​គិត​ថា​នេះ​ជាឱកាស​ដែល​គេ​ផ្ដល់​ឱ្យ​យើង​ ខ្ញុំ​ក៏​ព្យាយាម​ផលិត​វា​ឱ្យ​អស់​ពី​ចិត្ត តែ​មែនទែន​ខ្ញុំ​ក៏​នៅ​តែ​ចង់​កែ​វា​បន្ថែម​ទៀត»។

ជាក់ស្ដែង​អ្នកនាង​មិន​ធ្លាប់​បាន​គិត​ថា​គម្រោង​ភាពយន្ត​ទូរទស្សន៍ «Gotham» នេះ​អាច​ទទួល​បាន​ជោគ​ជ័យ​លើស​ការ​រំពឹង​ទុក​បែប​នេះ​ដែរ អ្នក​នាង​ធ្លាប់​តែ​គិត​ថា ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត​ ហើយ​ទទួល​បាន​ចំណូល​ពី​ការ​ផលិត​ដើម្បី​ផ្ដល់​ឱ្យ​គ្រួសារ​ប៉ុណ្ណោះ។ អ្នកនាង ស៊ីណា បន្តថា៖ «មកដល់ឆ្នាំ ២០១៧ ក៏​មាន​ការ​រៀប​ចំ​កម្មវិធី ពានរង្វាន់ Emmy Award ហើយ​គម្រោង​ភាពយន្ត «Gotham» ក៏​បាន​ផ្ញើ​ជូន​គណៈ​កម្មការ​កម្មវិធី ហើយ​ដល់​គេ​ប្រកាស​ថា ខ្ញុំ​ទទួល​បាន​ពាន​រង្វាន់​នេះ​ភ្លាម​ ខ្ញុំ​រំភើប​ចិត្ត​ខ្លាំង​ រក​និយាយ​អ្វី​មិន​ចេញ​»។

រម្លឹក​ពេលដែលបាន​ទៅ​ដល់​សហរដ្ឋអាមេរិក គឺ​ចាប់​ផ្ដើម​ពី​ជំរំខៅអ៊ីដាង​ប្រទេស​ថៃ ពេល​អ្នក​នាង សាន ស៊ីណា មាន​អាយុ៣ ឆ្នាំ​ គ្រួសារ​អ្នក​នាង​ក៏​ទទួល​បាន​សំបុត្រ​អនុញ្ញាត​ឆ្លង​ដែន​ទៅ​រស់​នៅ​អាមេរិក ហើយ​ប្រកប​របរជា​អ្នក​លក់​ដូរ និង​កម្មករ​ ដែល​មាន​ជនជាតិ​ខ្មែរ​រស់​នៅ។ ជីវិត​ពេល​នោះ មិន​ជា​ល្អ​ប្រសើរ​ប៉ុន្មាន​ទេ គ្រាន់​តែ​អាច​ចៀស​ផុត​ពី​សង្គ្រាម​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ស្រ្តីវ័យ៣៧ឆ្នាំរូបនេះ។

ស្ថិត​ក្នុង​វ័យ ៥ ទៅ ៦ ឆ្នាំ កូន​ខ្មែរ​រូប​នេះ ប្រាប់​ថា​ខ្លួន​បាន​ចាប់​ផ្ដើម​រៀន​គូរ​រូបភាព​ដោយ​ខ្លួនឯង ហើយ​ពេល​នោះ ម្ដាយ​របស់​អ្នក​នាង​ខឹង​នឹង​នាង​ខ្លាំង​ រហូត​ដល់​ចង់​វាយ​នឹង​រំពាត់ ដោយ​សារ​គាត់​យល់​ថា​ជំនាញ​សិល្បករ វិចិត្រករ​នេះ​មិន​សូវ​មាន​តម្លៃ​ប៉ុន្មាន​នោះ​ទេ។ ពេល​នោះ​មាន​តែ​លោក​ឪពុក​ទេ ដែល​លើក​ទឹកចិត្ត​ និង​មាន​ជំនឿ​ចិត្ត​លើ​ទេពកោសល្យ​របស់​អ្នក​នាង​។

សិល្បករ​រូប​នេះ​ក៏​បន្ត​ការ​សិក្សា​រហូត​ដល់​ចប់មហាវិទ្យាល័យ​ ថ្នាក់អាហារូបករណ៍ ផ្នែក​ សិល្បៈ​ Art College របស់សហរដ្ឋអាមេរិក តាមរយៈទេពកោសល្យគំនូររបស់អ្នកនាង។ ក្រោយមកទៀត​ក៏​បន្ត​ការងារ​ទាក់ទង​នឹង​ការ​គូរ​រូបភាព​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ផលិត​ភាពយន្ត​ដូច​ជា​ 3D និង Digital Art ជា​ដើម​ ដោយ​ផ្ដើម​ពី​ក្រុមហ៊ុន​តូច​មួយ​មាន​សមាជិក​តែ​ជាង​ ១០​នាក់​រហូត​ក្លាយ​ជា​កន្លែង​ធំ។

បន្ទប់ធ្វើការរបស់អ្នកនាង សាន ស៊ីណា ផ្ទាល់ខ្លួន

ស្នាដៃរបស់សិល្បកររូបនេះ មាន​ការ​ទទួល​ស្គាល់​នៅ​លើ​គុណភាព​ក្នុង​វិស័យ​ភាព​យន្ត​ HollyWood World ដោយមានស្នាដៃភាពយន្តជាច្រើនដូចជារឿង WestWorld, Transformers: Dark of the Moon, Alice និង Wonderland និងរឿង ភ្នាក់​ងារ​ដ៏​អស្ចារ្យរបស់ S.H.I.E.L.D ផង​ដែរ។ អ្នកនាងក៏បានលើកឡើង​ទៀត​ដែរ​ថា​ដោយ​ក្តី​ស្រលាញ់​ទើប​ធ្វើ​ឱ្យ​រូប​នាង​ទទួល​បាន​ជោគជ័យ​ដូច​ថ្ងៃ​នេះ ​តែ​​វា​បាន​ប្រើប្រាស់​ពេល​វេលា​ស្ទើរ​ស្មើ​ជីវិត​របស់​គាត់​ហើយ​ដើម្បី​សម្រេច​ជោគជ័យ​នេះ។

សិល្បករ គំនូរ Digital រូប​នេះក៏បានបង្ហាញ​ភាព​រីករាយ​យ៉ាង​ខ្លាំង​លើ​ការ​គាំទ្រ​ស្វាគមន៍​របស់​ប្រជាជន​ខ្មែរ​ រូប​នាង​មាន​ការ​រំភើប​ដែល​បាន​មក​ដល់​កម្ពុជា​ជា​លើក​ទី​២ ក្រោយ​ចាក​ចេញ​តាម​គ្រួសារ​តាំង​ពី​អាយុបាន៣ ឆ្នាំ​។ អ្នកនាង​ក៏​បន្ត​ថា​ការ​ព្យាយាម​របស់​អ្នក​នាង​គឺ​ជា​ការ​អប់រំ​ និង​លើក​ទឹកចិត្ត​ពី​លោក​ឪពុក​យ៉ាង​ធំ។ អ្នកនាង សាន ស៊ីណា បន្ថែម «ព្រោះ​គាត់​តែងតែ​ប្រាប់​ថា ខ្ញុំ​ត្រូវ​តែ​ធ្វើអ្វី​ដើម្បី​មោទកភាព​ជាតិ​» ។ បូក​រួម​នឹង​ការ​ស្រលាញ់​លើ​វិស័យ​ភាពយន្ត​នេះ​តាំង​ពី​ក្មេង​ៗ ហើយ​មិន​ដែរ​បោះ​បង់​ អ្នកនាង ស៊ីណា ​ផ្ដាំ​ម្ដង​ទៀត​ថា មិន​ត្រូវ​បោះបង់​អ្វី​ដែលខ្លួន​យើង​ស្រលាញ់​នោះ​ទេ ហើយ​បើ​បរាជ័យ អ្នក​ត្រូវ​ងើប​ហើយ​បន្ត​ធ្វើ​ការងារ​នោះ​លុះ​អ្នក​ជោគ​ជ័យ​៕ ​

រូបភាពសិល្បៈប្រើក្នុងភាពយន្តរបស់អ្នកនាង ស៊ីណា
រូបភាពសិល្បៈប្រើក្នុងភាពយន្តរបស់អ្នកនាង ស៊ីណា
រូបភាពសិល្បៈប្រើក្នុងភាពយន្តរបស់អ្នកនាង ស៊ីណា

អត្ថបទ៖ Sunny

មតិយោបល់