• 2018-07-23 02:22:09
  • ព័ត៌មាន

ក្រោយ​​ហ្វេស​ប៊ុក​ត្រូវ​បាន​គេ Hack ខាន់ ជេមស៍​ ធ្លាក់​វីសា ទៅ​អាមេរិក

  • 2018-07-23 02:22:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​គណនី​ហ្វេស​ប៊ុក​ត្រូវ​បាន​គេ Hackរបស់​តារា​ចម្រៀង ខាន់ ជេមស៍ បាន​បង្ហើប​ប្រាប់ ​Sabay ​នៅ​ព្រឹក​នេះ​ថា លោក​បាន​ទទួល​សិទ្ធិ​​ចេញ​ទៅ​ច្រៀង​នៅ​សហរដ្ឋ​អាមេរិក​ហើយ ដោយ​ការ​ចេញ​ទៅ​ច្រៀង​លើ​ទឹក​ដី​មហាអំណាច​​មួយ​នេះ មាន​​រយៈពេល​២ខែ។

តាម​គម្រោង​​ដែល​​ម្ចាស់​បទ"​បុប្ផា​ក្រពុំ​"​រូប​នេះ​ចេញ​ទៅ​ច្រៀង​លើ​ទឹកដី​អាមេរិក លោក​គ្រោង​ទៅ​ជា​មួយ​តារា​ចម្រៀង​ស្រី​ម្នាក់​ទៀត ប៉ុន្តែ​តារា​ស្រី​រូប​​នោះ នៅ​មិន​ទាន់​ទទួល​បាន​វីសា នៅ​ឡើយ​ទេ ព្រោះ​​បច្ចុប្បន្ន​ទើប​តែ​រៀបចំ​ឯកសារ​ដាក់​ទៅ។ ខាន់ ជេមស៍ សូម​មិន​បង្ហាញ​ឈ្មោះ​តារា​ស្រី​ដែល​ត្រៀម​ចេញ​ទៅ​ជា​មួយ​លោក​ឡើយ ព្រោះ​ខ្លាច​សម្ភាស​​ទៅ​មិន​ជាប់​អី​ទៅ នាង​ខ្មាស​គេ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ខ្លួន​​នឹឹង​ចេញ​ទៅ​​នៅ​ពាក់​កណ្ដាល​ខែ សីហា ខាង​មុខ​នេះ ដោយ​ផែន​ការ​នៃ​ការ​ចេញ​ទៅ​​ច្រៀង​​ជូន​បងប្អូន​ខ្មែរ​រស់​នៅ​ទី​នោះ​ស្ដាប់ ក្នុង​​កម្មវិធី​ភ្ជុំបិណ្ឌ​ធំ​នៅ"វត្ត​ខន្តី​រាម" នៃ​រដ្ឋ ហ្វរីដា ។

តាម​ការ​លើក​ឡើង​របស់​ម្ចាស់​បទ"របាំ​ចង​ស្នេហ៍" នេះ​ជា​លើក​ទី២​ហើយ​ ដែល​លោក​មាន​ឱកាស​បាន​ចេញ​ទៅ​ច្រៀង​នៅ​សហរដ្ឋ​អាមេរិក។ កាល​ពី​ខែ​មេសា ឆ្នាំ ២០១១ លោក​ធ្លាប់​បាន​ចេញ​ទៅ​ច្រៀង​ម្ដង​រួច​មក​ហើយ ដោយ​កាល​ណោះ​លោក​ទៅ​ច្រៀង​មាន​រយៈ​ពេល​៣ខែ។

ជា​មួយ​គ្នា​នោះ ចាប់​តាំង​ពី​ចាប់​អាជីព​​ជា​តារា​ចម្រៀង​​មក លោក ខាន់ ជេមស៍ ធ្លាប់​បាន​ទៅ​ច្រៀង​៥ ប្រទេស​ផ្សេង​ទៀត​ផង​ដែរ ក្នុង​នោះ​​មាន ប្រទេស​អូស្ត្រាលី ក្នុង​ឆ្នាំ២០០៨ ប្រទេស កាណាដា ក្នុង​ឆ្នាំ២០១០ ប្រទេស ជប៉ុន ក្នុង​ឆ្នាំ២០១៣ ប្រទេស​កូរ៉េ និង បារាំង មិន​ចាំ​ឆ្នាំ។ មុន​ចេញ​ទៅ​​ទទួល​បាន​សិទ្ធ​ិចេញ​ទៅ​ច្រៀង នៅ​សហរដ្ឋ​អាមេរិក​នេះ លោក​ ត្រូវ​បាន​ប្រទេស​កាណាដា ផ្ដល់​សិទ្ធិ​ឲ្យ​ទៅ​ច្រៀង​រហូត​ដល់​ទៅ ៥ឆ្នាំ ឯណោះ ខណៈ​ដែល​លោក​​ស្នើ​សុំ​តែ​១ខែ​​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​ពេល​គេ​ហៅ​នោះ ចំ​ពេល​លោក​​រវល់​ក្នុង​ការងារ​ក្នុង​ស្រុក​ច្រើន​ពេល​លោក​​មិន​ទាន់​សម្រេច​ចិត្ត​ទៅ​នៅ​ឡើយ។ ទិដ្ឋាការ​របស់​លោក​ក្នុង​ការ​ចេញ​ទៅ​ច្រៀង​នៅប្រទេស​កាណាដា ​ផុត​កំណត់​នៅ​ឆ្នាំ ២០២០ ដោយ​ក្នុង​រយៈពេល​នេះ​ លោក​ចង់​ទៅ​ច្រៀង​នៅ​ពេល​ណា​ក៏​បាន​ដែរ។

តារា​ចម្រៀង​ដែល​ត្រូវ​​គេ Hack គណនី​ហ្វេស​ប៊ុក ដើរ​ខ្ចី​ប្រាក់​ពេល​៥០០ ដុល្លារ​ស្ទើរ​គ្រប់​គ្នា​​កាល​ពី​ពេល​ថ្មី​នេះ បាន​ប្រាប់​ថា បន្ទាប់​ពី​ត្រលប់​ពី​ការ​ច្រៀង​នៅអាមេរិក​ជា​លើក​ទី២ លោក​ប្រហែល​ជា​នៅ​មិន​ទាន់​ត្រៀុម​ចិត្ត​ទៅ​ច្រៀង​នៅ​កាណាដា​ឡើយ ព្រោះ​ពេល​ត្រលប់​មក​វិញ​នោះ គឺ​ចំ​ពេល​ដែល​លោក​រវល់​ការងារ​ក្នុង​ស្រុក​ទៀត​ហើយ តែ​​បែប​ណា​ក្ដី លោក​នឹង​លៃ​ពេល​វេលា​ណា​មួយ​ទៅ​ច្រៀង​នៅ ប្រទេស​កាណាដា​ម្ដង​ទៀត​ឲ្យ​ទាល់​តែ​បាន៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់