- 2018-07-31 04:22:14
- ព័ត៌មាន
លេងសើចម៉េចបាន ទោះវ័យជ្រេ តែ ទេព រិនដារ៉ូ ឡើងជាតួឯកក្នុងរឿងខ្នាតធំតែម្ដង
- 2018-07-31 04:22:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងសើចម៉េចបាន ទោះវ័យជ្រេ តែ ទេព រិនដារ៉ូ ឡើងជាតួឯកក្នុងរឿងខ្នាតធំតែម្ដង
ចន្លោះមិនឃើញ
ត្បិតថា វ័យកាន់តែជ្រេ ប៉ុន្តែ ទេព រិនដារ៉ូ នៅតែអាចក្ដាប់ឱកាសជាតួឯកយ៉ាងកម្រ ក្នុងការសម្ដែងក្នុងរឿងខ្នាតធំ "វិញ្ញាណទីងមោង" ដែលគ្រោងនឹងចាក់បញ្ចាំងនៅចុងខែសីហានេះ។
តាមលោក ទេព រិនដារ៉ូ តំណែងក្នុងភាពយន្តខាងលើ គឺតំណែងខ្ពស់តែ២-៣ប៉ុណ្ណោះ ក្នុងអាជីពភាពយន្តរបស់លោកក្នុងវ័យចាស់។ "ដោយសាររឿងហ្នឹង គេតម្រូវតួឯកដែលមានអាយុ ៥០ជាងហ្នឹង អីចឹងវាត្រូវហ្នឹងខ្ញុំហ្នឹងហ្មង វាជាតំណែងថ្មីមួយ តែពីមុនមកធ្លាប់លេងតួឯកបានប៉ុន្មានរឿងដែរ"។ ភាពយន្ត ដែលលោកធ្លាប់ទទួលតំណែងជាតួឯកមុនៗនោះ មានដូចជា "គង់ហ៊ាន" និងរឿង "ក្រមុំ៣១ កំលោះ៥២" ជាដើម។
វិលមករឿង "វិញ្ញាណទីងមោង" វិញ តារារៀមច្បង ត្រូវបានរើសដោយ នាយ គ្រឿន ដែលជាអ្នកដឹកនាំរឿងនេះផ្ទាល់តែម្ដង។ លោក ទេព រិនដារ៉ូ បញ្ជាក់ថា តារាកំប្លែងដែលវិវត្តខ្លួនមកជាអ្នកដឹកនាំរឿង បានច្នៃលោកទៅកាន់ការសម្ដែងបែបថ្មី និងប្លែកមួយ ក្នុងនោះ សូម្បីតែលោកខ្លួនឯង ក៏មិននឹកស្មានដែរ។
យ៉ាងនេះក្ដី លោក ដារ៉ូ ប្រាប់ទៀតថា លោកពេញចិត្តនឹងការសម្ដែងរបស់ខ្លួនឯង ជាតួឯកដែលមានចរិតលក្ខណៈកំប្លែងស្ងួត ដែលនាយគ្រឿនច្នៃទៅលើសាច់រឿង។ "តាមតែសាច់រឿង វាបែបកម្សត់ទេ ប៉ុន្តែនាយគ្រឿនដែលគាត់មានទេពកោសល្យខាងហ្នឹង(កំប្លែងស្ងួត) គាត់ធ្វើឲ្យសាច់រឿងឲ្យទៅជារឿងបែបកំប្លែងស្ងួត...និយាយទៅចាំទៅមើលទៅ ដឹងតែសើចហៀរទឹកភ្នែកហើយ!”។
នៅក្នុងសាច់រឿង លោក ទេព រិនដារ៉ូ បានតាមស្រឡាញ់កញ្ញា សាឡាត់ ស្រីឡាង យ៉ាងវក់វី។ ប៉ុន្តែយ៉ាងណា ស្នេហារបស់លោកជួបឧបសគ្គ ហើយមនុស្សស្រីដែលលោកបានស្លាប់ថែមទៀត ហើយព្រលឹងត្រូវបានឃុំទុកនៅហ្នឹងរូបទីងមោងមួយ។ នៅមានសាច់រឿងជាច្រើន ប៉ុន្តែតារាសម្ដែងជើងចាស់ សុំអធិប្បាយខ្លីប៉ុណ្ណេះ ដោយស្នើឲ្យរង់ចាំតាមដានទាំងអស់គ្នាក្នុងពេលមិនយូរខាងមុខ។
“វិញ្ញាណទីងមោង" ជាប្រភេទរឿងអប្បិយជំនឿ ខ្មោច និងកំប្លែងស្ងួត ផលិតដោយផលិតកម្ម LD។ រឿងនេះ ត្រៀមនឹងដាក់បញ្ចាំងជូនប្រិយមិត្តបានទស្សនានាថ្ងៃទី ២៣ ខែសីហាខាងមុខ។ សាច់រឿង ចូលរួមសម្ដែងដោយ លោក ទេព រិនដារ៉ូ សាឡាត់ ស្រីឡាង នាយ គ្រឿន ប៊ីអាយជី និងតារាពេញនិយមជាច្រើនទៀត៕