• 2018-08-09 04:27:00
  • ចម្រៀង

១បទរបស់​កូន​ប្រុស លាន អាហ្វ្រីល​គីនីន មានអ្នកមើលជិត២០លាន​ដង ត្រៀម​ចេញ MV ជា​មួយ​ ខាន់ ជែមស៍​​

  • 2018-08-09 04:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ"​សុំ​ស្នេហ៍​តែ​បរាជ័យ" របស់​លោក លាន បញ្ចនីត កូន​ប្រុសពិធីករលោក លាន អាហ្វ្រីល​គីនីន ដែល​មាន​អ្នក​ចូលមើលរហូត​ដល់​ទៅ​ 19,499,914 ដង គិត​មក​ត្រឹម​ថ្ងៃ បន្ទាប់​ពី​ផុស​លើ​បណ្ដាញ​សង្គម​​ជាង​៧ខែ។ បទនេះគ្រោង​នឹង​ចេញ​ជា​ MV ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​ត្រូវ​ច្រៀង​រួម​គ្នា​ជា​មួយ​តារា​ច្រៀង ខាន់ ជែមស៍។ នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពីតារា​ចម្រៀង ខាន់ ជែមសិ៍។

តារា​ច្រៀង ខាន់ ជែមស៍ និង លាន បញ្ចនីត

វីដេអូ ដែល​លោក ខាន់ ជែមស៍ ​ច្រៀង​ជា​មួយ ​លោក លាន បញ្ជនីត ផ្ញើ​មក​កាន់ ​Sabay ព្រឹក​នេះ មិន​មែន​ជា ​MV ​ពេញ​ឡើយ គ្រាន់​តែ​ជា​ការ​ថត​លេង សាក​ល្បង​ច្រៀង​ហាត់​សម​ជា​មួយ​គ្នា​ប៉ុណ្ណោះ។ ​លោក ខាន់ ជែមស៍ បាន​លើក​ឡើង​​ថា ​ដោយ​ឃើញ​លោក លាន លាន បញ្ចនីត កូន​ប្រុស​អតីត​តារា​​សម្ដែង​លោក លាន អាហ្វ្រីល​គីនីន មាន​ទេពកោសល្យ​លើ​វិស័យ​ចម្រៀង ហើយ​​បទ"​សម​ស្នេហ៍" របស់​ក្មេង​ប្រុស​រូប​នេះ មាន​អ្នក​ទស្សនា​រហូត​ដល់​ទៅ​ជិត​២០លាន​​នាក់​ គួបផ្សំ​អ្នក​ទាំង​ពីរ​មាន​បំណង​ច្រៀង​បទ​នេះ​​សាជាថ្មី​រួម​គ្នា ទើប​លោក​សម្រេច​ស្នើ​ទៅ​ថៅកែ​ផលិតកម្ម​សាន់ដេ ក្នុង​ការ​ថត​ MV រួម​គ្នា​​តែ​​ម្ដង។

លោក​បាន​បន្ត​ឲ្យ​ដឹង​ថា យ៉ាង​យូរ​ប្រហែល​ជា​កន្លះ​ខែ​ទៀត​​បទ"​សម​ស្នេហ៍" ​ច្រៀង​ដោយ​អ្នក​ទាំង​ពីរ​នឹង​ចេញ​ MV ផ្លូវ​ការ​តែ​ម្ដង ព្រោះ​ការ​ថត​គ្រោង​ចេញ​ថត​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។ ទោះបី​ជា​មាន​ការ​អនុញ្ញាត​ពីលោក​ថៅកែ​លើ​ការ​ចេញ​បទ​ចម្រៀង​រួម​គ្នា​លើផលិតកម្ម​សាន់ដេ​ ក៏​ពិត​មែន តាម​ការ​បញ្ជាក់​លោក ខាន់ ជែមស៍ លោក លាន បញ្ចនីត នៅ​មិន​ទាន់​ក្លាយ​ជា​តារា​ចម្រៀង​ពេញ​សិទ្ធិ​របស់​ផលិតកម្ម​សាន់ដេ​នៅ​ឡើយ​ទេ។ បទ​ចម្រៀង​១បទ​ដែល​រៀប​រាប់​ខាង​លើ គ្រាន់​តែ​ជា​ការ​សាក​ល្បង​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​គាំទ្រ​ច្រៀង រឿង​​ចង់​ក្លាយ​ជា​តារា​ចម្រៀង​ពេញ​សិទ្ធិ​នោះ លោក​​ស្នើសុំ​ទៅ​​ថៅកែ​របស់​​លោក​លើ​កិច្ចការ​នេះ។

លោក លាន បញ្ចនីត គឺ​ជា​តារា​ចម្រៀង​ឯក​រាជ្យ​ម្នាក់ កន្លង​មក​តារា​ចម្រៀង​វ័យ​១៧ឆ្នាំ​រូប​នេះ​ធ្លាប់​មាន​បទ​ចម្រៀង​​ផ្ទាល់​ខ្លួន​ជា​ច្រើន​បទ​មក​​ហើយ ក្នុង​នោះ​មាន​​ដូច​ជា​បទ "សុំស្នេហ៍តែបរាជ័យ"​,បទ"ដង្ហើមចុងក្រោយ",បទ"ទឹកភ្នែកម៉ែ","បទ"ហេតុអ្វីនៅតែប្រច័ណ្ឌ" បទ"ដួងដារា​“ជា​ដើម។

ម្ចាស់​បទ "​របាំ​ចង​ស្នេហ៍"​ រូប​នេះ បាន​ដាក់​ក្ដី​រំពឹង​ថា បន្ទាប់​ពី​ចេញ​ MV ​ជា​ផ្លូវ​ការ​​បទ "​សុំ​ស្នេហ៍​តែ​បរាជ័យ" ដែល​អ្នក​ទាំង​ពីរ​ច្រៀង​រួម​គ្នា​​នោះ នឹង​មាន​ការ​គាំទ្រ​ជាក់​ជា​មិន​​ខាន ហើយ​ពួក​គេ​នឹង​បន្ត​ច្រៀង​រួម​គ្នា​នៅ​បទ​ចម្រៀង​ជា​ច្រើន​បទ​ទៀត។

ទស្សនាវីដេអូ ខាន់ ជែមស៍ ​ច្រៀង​បទ"​សុំ​ស្នេហ៍​តែ​បរាជ័យ" ជា​មួយ ​លោក លាន បញ្ជនីត ខាងក្រោមនេះ៖

អត្ថបទៈ ស៊ុនហួត

មតិយោបល់