• 2018-08-14 03:47:08
  • ជីវិតតារា

ម៉ារីម៉ា ចែករំលែកគន្លឹះ ៥យ៉ាង​សម្រេចលទ្ធផលខ្ពស់ ក្នុងនាមជាសហគ្រិនជោគជ័យ

  • 2018-08-14 03:47:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 22

ចន្លោះមិនឃើញ

ពេល​រម្លឹក​ដល់​តារា​សម្ដែង​ហ្វីលីពីន​ មនុស្ស​ភាគ​ច្រើន​នឹក​ឃើញ​មុន​គេ​គឺ​ តារាសម្ដែង​ Marian Rivera ឬ ម៉ារីម៉ា។ តារា​ស្រី​រូបនេះ​គឺ​ជា​នារី​ម្នាក់​ដែល​ទទួល​បាន​ភាព​ជោគជ័យ​បំផុត​ពី​អាជីព​ជា​អ្នក​សិល្បៈ។

ទោះ​បី​ជា​យ៉ាង​ណា​ ក៏​ Marian ខំ​ឆ្លៀត​ចាប់​ឱកាស​ប្រកប​អាជីវកម្មថ្មី​ក្រៅ​ពី​សិល្បៈដែរ។ តួ​យ៉ាង​កាល​ពី​ថ្ងៃ​ទី​ ១៨ ខែមេសា ឆ្នាំ ២០១៧​ នាង​បាន​បើក​ហាង​ផ្កា​អនឡាញមួយ​មាន​ឈ្មោះ​ថា​ Flora Vida by Marian ហើយ​ទទួល​បាន​ភាព​ជោគជ័យ​គួរសម។

តាំង​ពី​បើក​សម្ពោធ​តាំង​ពី​ឆ្នាំ​មុន​មក​ របរ​របស់​នាង​មួយ​នេះ​តែង​ដំណើរ​ការ​ទៅ​យ៉ាង​រលូន ដោយសារ​ការគ្រប់​គ្រង​បាន​ល្អ។

បើ​តាម​វិបសាយ​ Team Dantes បាន​ឲ្យ​ដឹង​ថា​ គ្រប់​ផ្កា​ទាំង​អស់​ក្នុង​ហាង​ ត្រូវ​បាន​ Mairan មើល​ថែ​ដោយ​ផ្ទាល់​ដៃ​ ហើយ​ចំណែក​កម្រង​ផ្កា និង​បាច់​ផ្កា​ក៏​ជា​ការ​ច្នៃ​ម៉ូដ​​ តុបតែង​ចេញ​ពី​គំនិត​នាង​ផ្ទាល់​ដែរ។

យ៉ាង​ណា​ក្ដី​ ទោះ​បី​ជា​មាន​ការ​មមាញឹក​នឹង​ការងារ​សព្វ​បែប​យ៉ាង​ ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ ក៏​នាងពេញ​ចិត្ត​ធ្វើ​មិន​ខ្លាច​នឿយ​ដែរ។ ដោយសារ​ តារា​ស្រី​វ័យ​ ៣៤​ឆ្នាំ​រួប​នេះ​ តែង​សម្រេច​បាន​នូវ​ការងារ​ជា​ច្រើន​ដោយ​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត​បែប​នេះ​ហើយ​ ទើប​មជ្ឈដ្ឋាន​ជា​ច្រើន​ចង់​ដឹង​ពី​គន្លឹះ​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​នាង​ក្លាយ​បុគ្គល​ជោគជ័យ​បែប​នេះ។

ដើម្បី​ឆ្លើយ​តប​នឹង​ចម្ងល់​នេះ​ នាងបាន​ទម្លាយ​យុទ្ធសាស្ត្រ​មួយ​ចំនួន ដើម្បី​ក្លាយ​ខ្លួន​ជា​សហគ្រិន​ជោគជ័យ​ម្នាក់។ ក្នុង​នោះ​រួមមាន៖

១. ត្រូវ​មាន​មហិច្ឆតា​

Marian តែង​មាន​មហិច្ឆតា​ផ្ទាល់​ខ្លួន​ ដូចនេះ​នាង​ខំ​ដេញ​តាម​ការ​ចង់​បាន​នោះ​ និង​ព្យាយាមបង្កើត​វា​ឲ្យ​ចេញ​ជា​រូបរាង។ បើ​ទោះ​បី​ជា​ត្រូវប្រ​ឈម​មុខ​រឿងមិនល្អ ក៏កុំ​ខ្លាច​ ព្រោះ​វា​មេរៀនមានតម្លៃ​បំផុត។

២. កុំ​ខ្លាច​ក្នុង​ការ​សាក​ល្បង

តារា​ស្រី​រូបនេះ​ ទទួល​ស្គាល់​ថា​ពីដំបូង​នាង​ភ័យ​ខ្លាច​ណាស់ ពីព្រោះ​នាង​គ្មាន​ទំនុក​ចិត្ត​នឹង​ជំនាញ​ក្នុង​ការ​រក​ស៊ី​នេះ​ទាល់​តែ​សោះ ប៉ុន្តែ​ស្វាមី​តែង​ជំរុញ​ទឹក​ចិត្ត​ជានិច្ច​ ទើប​ទីបំផុត​នាង​ព្យាយាម​សាក​ល្បង​តែម្ដង។

៣. បើក​ចិត្ត​ និង​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អតិថិជន

មនុស្ស​ជាច្រើន​ដឹង​ហើយ​ថា​ ប្រពន្ធ​របស់​ Dingdong ជា​តារា​ស្រី​ដែល​រវល់​បំផុត​ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី​ នាង​ក៏​នៅ​ឆ្លៀត​ពេល​ថែទាំ​ផ្កា​ដោយ​ខ្លួន​ឯងដែរ។ Marian បាន​និយាយ​ថា​ នាង​ចង់​ផ្ដល់​ក្ដី​ស្រឡាញ់​ និង​សុភមង្គល​តាម​រយៈ​ផ្កា​ទាំង​អស់​ ទៅ​ដល់​អ្នក​គ្រប់​គ្នា​ដែល​កុម្ម៉ង់​ផ្កា​ពី​ហាង​របស់​នាង។

៤. ត្រៀម​ដើមទុន​ឲ្យ​បាន​ត្រឹម​ត្រូវ

មុន​ចាប់​ផ្ដើម​អាជីវកម្មអ្វី​មួយ​ ត្រូវ​មើល​លើ​ដើមទុន​ និង​រៀបចំ​ឲ្យ​បាន​ច្បាស់​លាស់។ វា​មាន​រឿង​លំបាក​ដែរ ប្រសិន​បើ​អ្នក​មិន​បាន​កំណត់​គោលដៅ​ត្រឹម​ត្រូវ​ និង​មាន​ដើម​ទុន​គ្រប់​គ្រាន់​សម្រាប់​ចាយ​លើ​របរ​ថ្មី។

៥. ឈោង​ចាប់​ក្ដី​ស្រមៃ​ជាមួយ​ការ​កំណត់​គោលដៅ​ច្បាស់​លាស់

តារា​ស្រី​ផ្កា​រីក​គ្រប់​រដូវ​នេះ​បាន​បញ្ជាក់​ថា៖ «ចាប់​យក​អាជីវកម្ម​មួយ​ណា​ក៏​ដោយ​ អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​ស្រឡាញ់​ការងារ​នោះ​ អ្នក​មាន​ដើមទុន​គ្រប់គ្រាន់ ហើយ​អ្នក​មាន​ការ​កំណត់​ត្រឹម​ត្រូវ​ជាក់លាក់ ពេល​នោះ​អ្នក​នឹង​អាច​ជម្នះ​អ្វី​គ្រប់​យ៉ាង​បាន​ជាក់​ជា​មិន​ខាន»៕

ប្រភព៖ Team Dantes ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់