• 2018-08-14 10:20:00
  • ភាពយន្ត

ជី​ សិលា៖ វិស័យ​កុន​កម្ពុជា​អាច​ត្រូវ​ការ​ពេល​​យូរ​ ដើម្បី​ស្ដារ​ភាព​​រីក​ចម្រើន​ឡើង​វិញ​

  • 2018-08-14 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ជី សិលា​ ជា​ស្ថាបនិក​ក្រុមហ៊ុន​ឌីជីថល​ដ៏​ធំ​មួយ​​ ទើប​តែ​វិនិយោគ​ក្នុង​វិស័យ​រោង​កុន​ IMAX ដំបូង​គេ​បង្អស់​នៅ​​ប្រទេស​កម្ពុជា​ថ្មីៗ​នេះ​ ហើយ​លោក​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ខ្លះៗ​ចំពោះ​វិស័យ​ភាពយន្ត​ក្នុង​ស្រុក​ ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ Khmer Times។

សម្រាប់​វិស័យ​កុន​នៅ​ប្រទេស​កម្ពុជា​ នេះ​ជា​ការ​វិល​ត្រលប់​មក​វិញ​លើក​ទី​៣​ហើយ​ បន្ទាប់​ពី​បាន​វិល​ត្រលប់​ហើយ​ក៏​ស្រាកស្រាន្ត​ទៅ​វិញ​នៅ​អំឡុង​ទសវត្ស​ទី ៨០,៩០ និង​ខ្ទង់​ដើម​ទសវត្ស​ឆ្នាំ ២០០០ លោក ជី សីលា​បញ្ជាក់។ សម្រាប់​ពេល​នេះ ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា​គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នៅ​ឡើយ រោង​កុន​សរុប​គឺ​មាន​ខ្ទង់​ជាង​៥០​រោង​កុន​ តែ​ប៉ុណ្ណោះ ហើយ​ក្នុង​រយៈ​ពេល​ទៅ ៣​ ឬ​ ៥​ឆ្នាំ​ទៅ​មុខ នឹង​អាច​កើន​ទៅ​ដល់​ ២០០​រោង។

​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ចំពោះ​ស្ថាន​ភាព​ទាំង​ស្រុង​នៅ​កម្ពុជា វិស័យ​ទីផ្សារ​ផ្នែក​ភាពយន្ត​នៅ​មាន​កម្រិត​នៅ​ឡើយ ដោយ​នៅ​តាម​បណ្ដា​ទីក្រុង​និង​ខេត្ត​ខ្លះៗ​គឺ​នៅ​មិន​ទាន់​មាន​រោង​កុន​នៅ​ឡើយ។ សម្រាប់​ពេល​នេះ​កម្មវិធី​មើល​ភាពយន្ត​តាម​អ៊ីនធឺណិត​ Soyo ដើរ​តួនាទី​ដ៏​សំខាន់​មួយ​ ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​​ដល់​​អ្នក​មិន​មាន​លទ្ធភាព​ទៅ​ទស្សនា​ភាពយន្ត​នៅ​តាម​បណ្ដា​រោង​កុន ​ឲ្យ​អាច​ទស្សនា​តាម​ទូរស័ព្ទ​ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ។

ទោះ​បី​ជា​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ដែល​មាន​លក្ខណៈ​ស្រដៀង​​គ្នា​ក៏​ដោយ ​នេះ​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ ដែល​អាច​បង្រៀន​ឲ្យ​​ពួក​គេ​យល់​ដឹង​កាន់​តែ​ច្រើន​ពី​វិស័យ​ភាពយន្ត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ជី​ សិលា បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា "មធ្យោបាយ​មើល​ភាពយន្ត​តាម​អ៊ីនធឺណិត​​​ នៅ​មិន​ទាន់​មាន​ឥទ្ធិពល​វិជ្ជមាន​គួរ​ឲ្យ​កត់​សម្គាល់​ចំពោះ​វិស័យ​កុន​ក្នុង​ស្រុក​នៅ​ឡើយ​"។

វិស័យ​ភាពយន្ត​គឺ​ប្រៀប​ដូច​ជា​ប្រព័ន្ធ​អប់​រំ​ចំពោះ​ប្រទេស​​យើង​ដូច​គ្នា ប្រសិន​ជា​អ្នក​ចង់​ធ្វើ​ឲ្យ​វា​រីក​ចំរើន​ អ្នក​មិន​អាច​ធ្វើ​វា​បាន​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​បាន​ទេ ដំណើរ​ការ​នេះ​ត្រូវ​ការ​រយៈ​ពេល​រាប់​ឆ្នាំ​ រាប់​ទសវត្ស។ វា​ត្រូវ​ការ​​ការ​សហការ​រួម​រួប​គ្នា​ពី​សំណាក់ អ្នក​ផ្ដល់​ដើម​ទុន ផលិតករ​ភាពយន្ត​ អ្នក​ដឹក​នាំ​រឿង រដ្ឋាភិបាល​ ជា​ពិសេស​គឺ​សាធារណជន​តែ​ម្ដង។ ប្រជាជន​កម្ពុជា​ភាគ​ច្រើន​មិន​សូវ​ជា​ទៅ​រោង​កុន​ដើម្បី​ទស្សនា​ភាពយន្ត​នោះ​ទេ ​នេះ​គឺ​ជា​អ្វី​ដែល​ត្រូវ​តែ​ផ្លាស់​ប្ដូរ ហើយ​ដើម្បី​ជំរុញ​ឲ្យ​​អ្នក​ទស្សនា​ភាពយន្ត​កើន​ឡើង​ យើង​​ចាំ​បាច់​ត្រូវ​តែ​បង្កើន​នូវ​គុណ​ភាព​ភាពយន្ត​។ កត្តា​សំខាន់​មួយ​ទៀត​គឺ រដ្ឋាភិបាល​គួរ​តែ​កាត់​បន្ថយ​ពន្ធ​ ទៅ​ដល់​បណ្ដា​​ផលិតកម្ម​ភាពយន្ត​ផ្សេង​ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ថត​រឿង​ថ្មីៗ៕

​​

អត្ថបទ៖ ធារ៉ូ

មតិយោបល់