• 2018-08-16 03:29:15
  • ព័ត៌មាន

ក្រោយ​ផ្ញើ​ខ្លួន​ដី​បារាំង​ជិត ២០​ឆ្នាំ ឥឡូវ ពេញវង្ស រស្មី ព្រលយ​ពី​គម្រោង​សិល្បៈ​

  • 2018-08-16 03:29:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជយលាភី​លេខ​២ បវរកញ្ញា​ឆ្នាំ ១៩៩៤ ពេញវង្ស រស្មី បាន​បង្ហើប​ពី​គម្រោង​ចង់​ចូល​ប្រឡូក​សិល្បៈ​វិញ បន្ទាប់​ពី​ចោល​អាជីព​នេះ​រហូត​មក​តាំង​ពី​ជើង​ចុះ​ជាន់​ដី​អឺរ៉ុប​អស់​រយៈ​ពេល​ជិត​២០​ឆ្នាំ។

ពេញ​វង្ស រស្មី បាន​ចាកចេញ​ពី​ប្រទេស​កំណើត ទៅ​រស់​នៅ​ប្រទេស​បារាំង​តាំង​ឆ្នាំ ២០០០ ហើយ​បាន​បញ្ឈប់​អាជីព​សិល្បៈ រហូត​មក ក្នុង​នោះ​បើ​ទោះ​ធ្លាប់​មាន​ការ​អញ្ជើញ​ពី​ផលិតករ​មួយ​ចំនួន​ក៏​ដោយ។ "ការងារ​សិល្បៈ​ថត សម្ដែង​អី​ហ្នឹង អត់​បាន​បន្ត​ទេ​ពេល​មក​ដល់​ស្រុក​បារាំង​នេះ...ធ្លាប់​មាន​ប្អូន​ៗ សិល្បៈ​យើង​ហៅ​ដែរ ប៉ុន្តែ​ខ្ញុំ​ប្រាប់​ថា បើ​ជា​ការ​ថត​ឃ្លិប​ខ្លី​ៗ​ណែនាំ ឬ​អប់​រំ​ពី​សង្គម​អី ខ្ញុំ​ថត បើ​ថត​ជា​រឿង​វែងៗ ត្រូវ​ចុះ​ទៅ​ស្រុក​ខ្មែរ​អី ខ្ញុំ​អត់​មាន​ពេល​ទេ!"។

តួស្រី​ក្នុង​រឿង "ជាតិ​ស្ត្រី" ប្រាប់​ថា អ្នក​ស្រី​មិន​បាន​បន្ត​ការងារ​សិល្បៈ ដោយសារ​ជាប់​បន្ត​ការ​សិក្សា​។ មក​ទល់​បច្ចុប្បន្ន​អតីត​ជយលាភី​បវរកញ្ញា​លេង​២ ឆ្នាំ ១៩៩៤ បញ្ជាក់​ថា នាងនៅ​តែ​រៀន​ដដែល​ជា​រៀង​រាល់​ថ្ងៃ​ច័ន្ទ​ដល់​សុក្រ គឺ​រៀន​ភាសា​បារាំង។ "គ្រួសារ​ខ្ញុំ គាត់​ប្រាប់​ថា កាល​ដែល​យើង​រស់​នៅ​ទី​កន្លែង​ណា យើង​​ភាសា​គេ​ពិត​ប្រាកដ វា​ល្អ​សម្រាប់​យើង ទើប​ខ្ញុំ​នៅ​តែ​រៀន​មក​ដល់​សព្វថ្ងៃ"។

ជាមួយ​គ្នា​នឹង​ការ​ឱប​ជាប់​ការ​សិក្សា​មិន​ដាច់​សូម្បី​ដល់​វ័យ​ជិត​៤០​ទៅ​ហើយ​នេះ ពេញវង្ស រស្មី ប្រាប់​អ្នកស្រី មាន​គោល​បំណង​មួយ​ចំនួន​នៅ​ពេល​ជីវិត​ដល់​វ័យ​ចាស់។ ទី​១ ក្រោយ​ចេះ​ភាសា​បារាំង​ច្បាស់ នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​អាយុ​ខ្ទង់ ៥០​ឆ្នាំ​ជាង បើក​កន្លែង​បណ្ដុះបណ្ដាល​ភាសា​បារាំង​ដល់​កូន​ខ្មែរ និង​ចូល​រួម​កិច្ចការងារ​សង្គម​មួយ​ចំនួន​ទៀត ព្រោះ​ថា​ អ្នក​ស្រី​ចង់​រួម​ចំណែក​ជួយ​សង្គម​ក៏​ដូច​ជា​ទឹក​ដី​ដែល​ផ្ដល់​កំណើត មុន​អ្នក​នាង​បិទ​ភ្នែក​លា​ទៅ​វិញ។

កិច្ចការ​ទី២ គឺ​ការងារ​សិល្បៈ កន្លែង​ដែល​ធ្លាប់​ផ្ដល់​ឲ្យ​នាង​នូវ​ជីវិត​ត្រចះត្រចង់​មួយ។ "ពេល​វ័យ​ចាស់​ជាង​នេះ ខ្ទង់ ៥០​ឆ្នាំ​អី ខ្ញុំ​នឹង​ទៅ​រស់​នៅ​ប្រទេស​កំណើត​វិញ គ្រួសារ​ខ្ញុំ​ក៏​គាត់​មាន​គំនិត​អីចឹង​ដែរ។ ហើយ​នាង​ខ្ញុំ​ក៏​គិត​ដែរ​ថា ចង់​ចូល​ប្រឡូក​ការងារ​សិល្បៈ​វិញ បើ​ឲ្យ​ចោល គឺ​មិន​ចោល​ទេ ស្រឡាញ់​ណាស់ អីចឹង​ពេល​នោះ យើង​អាច​សម្ដែង​ជា​តួ​ម្ដាយ​អី​បាន!”។

ពេញ​វង្ស រស្មី ជា​អតីត​តារា​សម្ដែង និង​ជា​ពិធី​ការិនី​ទូរទស្សន៍​ល្បី​ឈ្មោះ​មួយ​រូប ប្រសូត​ចេញ​ពី​ការ​ប្រឡង​កម្មវិធី​បវរកញ្ញា​មួយ​នា​ឆ្នាំ ១៩៩៤ ដែល​ពេល​នោះ អ្នក​ស្រី បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​២ (First Runner Up) ។ ១​ឆ្នាំ​ក្រោយ​ការ​ប្រកួត អ្នក​ស្រី​បាន​សាង​ស្នាដៃ​លេច​ធ្លោជា​ច្រើន​ មាន​តាម​រយៈ​រឿង​ជា​ច្រើន​ដូច​ជា "ជាតិ​ស្ត្រី" របស់​លោក ហ្វៃ សំអាង និង​រឿង "ចាប​ស្រុក ចាប​ព្រៃ" ជា​ដើម មុន​ចាក​ចេញ​ទៅ​រស់​នៅ​លើ​ទឹក​ដី​បារាំង។

រហូត​ដល់​ដើម​ឆ្នាំ ២០០៩ ទើប​អ្នក​ស្រី​រៀប​អាពាហ៍ពិពាហ៍ ជា​មួយ​អាណិកជន​ខ្មែរ​នៅ​បារាំង​​មាន​ដើម​កំណើត​នៅ​ខេត្ត​កំពង់ធំ​ដូច​គ្នា និង​រួម​រស់​ជាមួយ​គ្នា​រហូត​ដល់​បច្ចុប្បន្ន៕

អត្ថបទ៖ ទារិកា

មតិយោបល់