• 2018-08-20 05:15:25
  • ព័ត៌មាន

ក្រោយ​វេចបង្វេចចេញពី YG ជោគវាសនា​តារា ៨នាក់​នេះ​ប្រែប្រួល​ខុសគ្នា​ទាំងអស់

  • 2018-08-20 05:15:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YG គឺ​ជា​ផលិតកម្ម​ធំ​មួយ​របស់​ប្រទេស​កូរ៉េ ដែល​ប្រជុំ​ទៅ​ដោយ​តារា​ប្រុស​ស្រី​ជើង​ខ្លាំង​ជា​ច្រើន សុទ្ធ​តែ​មាន​ឈ្មោះ​ល្បីៗ។ ប៉ុន្តែ​តារាៗ​ដែល​ជ្រក​ក្រោម​ផលិតកម្ម​នេះ​ ជាទូទៅត្រូវ​​គោរព​បម្រាម​របស់​ក្រុមហ៊ុន​ជាដាច់​ខាត​ ជាពិសេស​សម្ព័ន្ធ​ភាព​ស្នេហាផ្ទាល់​ខ្លួន។

ដោយសារ​មាន​ហេតុផលផ្សេង​ៗ​គ្នា​ ទើប​តារា​ជា​ច្រើន​ខាង​ក្រោម​នេះសម្រេច​ដើរ​ចេញ​ពី​ផលិតកម្ម​នេះ​​ ទាំង​ឥត​ស្រណោះ​ហើយ​នា​​ពេល​បច្ចុប្បន្ន​ ពួកគេអាច​រក​ទ្រនំថ្មី​ និង​កំពុង​សាង​កេរ្តិ៍ឈ្មោះ​ ក្រោយ​លិចលង់​ក្នុង​ពិភព​សិល្បៈ​នា​ពេល​កន្លង​មក។

១. តារា​ចម្រៀង​ Se7en

Se7en ចូល​សិល្បៈ​ដំបូង​កាល​ពី​ ឆ្នាំ ២០០៣ ក្រោម​ដំបូល​ YG ហើយ​បានឈ្នះ​ពាន​ជា​តារា​ចំណូល​ថ្មី​ទៀត​ផង​នៅ​ឆ្នាំ​ដំបូង​នោះ។ កេរ្តិ៍ឈ្មោះ​របស់​តារា​ប្រុស​រូបនេះ​ មិន​មែន​ល្បី​តែ​ក្នុង​ប្រទេស​កូរ៉េទេ ប៉ុន្តែ​នៅ​ជុំ​វិញ​ទ្វីប​អាស៊ី​តែម្ដង។ លោក​បាន​វិវត្ត​ខ្លួន​ចូល​ពិភពសិល្បៈ​ប៉ែក​អាមេរិក​ក្នុង​ឆ្នាំ ២០០៩ ប៉ុន្តែ​មិនទទួល​បាន​លទ្ធផល​ផ្លែផ្កា​ល្អ​ពេក​ទេ។

ឈាន​ចូល​ឆ្នាំ ២០១៣ លោក​ត្រូវគេ​ចាប់​បាន​ ថាទៅ​កន្លែង​ម៉ាស្សា​អំឡុងបំពេញ​កាតព្វកិច្ចជូនជាតិ។ អាស្រូវ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ជីវិត​ស្នេហា​លោក​ និង​មិត្តស្រី​ Park Han Byul ត្រូវបញ្ចប់ក្រោយ​ស្រឡាញ់​គ្នា ១២​ឆ្នាំ។ រីឯ​កុងត្រា​ជាមួយ​ផលិតកម្ម​ក៏​មាន​បញ្ហា​ទៀត​ រហូត​ឈាន​ដល់​ទីបញ្ចប់​ក្នុង​ពេល​ដ៏​ខ្លី។

ក្រោយ​មក​ក្នុង​ឆ្នាំ ២០១៦ Se7en ក៏​បាន​បង្កើត​ផលិតកម្ម​ខ្លួន​ឯង​ ELEVEN9 Entertainment និង​ចេញ​បទ​ចម្រៀង​ជាហូរហែចាប់​ពីពេល​នោះមក។​

២. តារាចម្រៀង​ Katie Kim

ក្នុង​ឆ្នាំ ២០១៥ ក្រោយ​ពី​ទទួល​បាន​ជ័យ​ជម្នះ​ពី​កម្មវិធី​ “K-Pop Star 4” មក​ Katie បាន​សម្រេច​ចូល​ផលិតកម្ម​ YG ដោយ​មិន​បង្អង់​យូរ​ឡើយ។ រយៈ​ពេល​៣ឆ្នាំ​ជាមួយ​ YG Katie ត្រូវ​ធ្វើ​ដំណើរ​ទៅ​មក​ប្រទេស​កូរ៉េ​ និង​សហរដ្ឋអាមេរិក​ជា​ច្រើន​ដង​ ដើម្បី​ធ្វើការ​ជាមួយ​ផលិតករ​បរទេស និង​ថត​វីដេអូ​បទ​ចម្រៀង​ជាច្រើន។

ក្រោយ​តស៊ូ​ ៣​ឆ្នាំ​ នាង​ក៏​សម្រេច​ចេញ​ពី​ផលិតកម្ម​នេះ ហើយ​ប្ដូរ​ទៅ​ក្រុមហ៊ុន​ថ្មី​មាន​ឈ្មោះ​ថា​ AXIS។ រាសី​ របស់​ Katie ឡើង​ស្រឺតៗ​មួយ​រំពេច​ ដោយ​បាន​ចេញ​បទ​ចម្រៀង​ជាច្រើន​នៅ​ទ្រនំ​ថ្មី។

៣. តារាចម្រៀង​ Minzy

ពេល​ចូល​សិល្បៈ​ដំបូង​នាង​ទើប​នៅ​ជាក្មេង​ស្រី​ម្នាក់​ប៉ុណ្ណោះ​ ប៉ុន្តែ​សមត្ថភាព​របស់​តារាស្រី​រូបនេះ​ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។ ប៉ុន្តែ​ពេល​វេលា​ជាមួយ​ YG ហាក់​មាន​រឿង​មិន​ល្អ​កើត​ឡើង​ ក្រោយ​កុង​ត្រា​របស់​ Park Bom មាន​បញ្ហា​ដោយសារ​ករណី​ថ្នាំ​ញៀន។ ​ចុង​បញ្ចប់​ តារា​ស្រី​កើត​ឆ្នាំ ១៩៩៤​ រូបនេះ​ ក៏​បញ្ចប់​កុងត្រា​ជាមួយ​ YG ក្នុង​ឆ្នាំ ២០១៦។

នាង​បាន​ទៅ​សាង​ជីវិត​ថ្មី​នៅ​ផលិតកម្ម​ថ្មី​មួយ​ទៀត​ Musuc Work ហើយ​បាន​ចេញ​បទ​ចម្រៀង​ទោល​ដំបូង​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧។ ប៉ុន្តែ​ប្រជាប្រិយភាព​របស់​នាង​ ដូច​ជា​មិន​រីកចម្រើន​ទេ​ដូច​មុន​ទាល់​តែ​សោះ​ ស្របពេល​ជើង​ថ្មី​រះ​ជា​បន្ត​បន្ទាប់។

៤. តារា​ចម្រៀង​ Wheesung

លោក​បាន​ចុះ​កុងត្រា​ជាមួយ​លិតកម្ម​ M Boat (ផលិតកម្មតូច​ភ្សេង​ទៀត​របស់​ YG) កាល​ពី​ឆ្នាំ ២០០០ និង​បាន​ចេញ​បទ​ទោល​ដំបូង​ក្នុង​ឆ្នាំ ២០០២។ មួយ​ឆ្នាំ​ក្រោយ​មក​ លោក​ក៏​បាន​ក្លាយ​ជា​តារា​ចម្រៀង​ល្បី​ម្នាក់​ប្រចាំ​កូរ៉េ ហើយ​ស្នាដៃ​បទ​ចម្រៀង​ជាច្រើន​របស់​លោក​លក់​ដាច់​បំផុត​កាល​នោះ។

ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ដោយសារ​ខែ​មីនា ឆ្នាំ ២០០៦ កុង​ត្រា​ជាមួយ​ YG ដល់​ថ្ងៃ​កំណត់​ Wheesung ក៏​បាន​ទៅ​ផលិត​កម្ម​ថ្មី​ គឺ​ Orange Shock Agency។ ក្នុង​ឆ្នាំ​ ២០០៩​ លោក​ក៏​ប្ដូរ​ទៅ​ផលិតកម្ម​ថ្មី​ទៀត គឺ POP/UP Entertainment។ ឆ្នាំ ២០១១ Wheesung ក៏​បន្ត​ទៅ​ផលិតកម្ម​ YMC ដែល​ជា​ផលិតកម្ម​លោក​ជ្រើស​យក​ Ailee ជា​តារា​ថ្មី​ក្នុង​ផលិតកម្ម​នោះ។ ឆ្នាំ ២០១៧ លោក​ក៏​ចេញ​ពី​ YMC ហើយ​បង្កើត​ផលិតកម្ម​​មួយ​ឈ្មោះ​ថា​ Realshow Company ដែល​ជា​ផលិត​កម្ម​បណ្ដុះ​វិស័យ​ចម្រៀង​ប្រភេទ​ R&B ប្រចាំ​កូរ៉េ។ បច្ចុប្បន្ន​តារា​ប្រុស​រូបនេះ​កាក់កប​មិនធម្មតា​ទេ ពី​ការងារ​និពន្ធ​ចម្រៀង​ និង​ធ្វើ​ភ្លេងថ្មីៗ។

៥. តារាចម្រៀង​ Gummy

នាង​លេច​មុខ​ដំបូង​ក្នុង​ឆ្នាំ ២០០៣ ក្រោម​ផលិតកម្ម​យក្ស​ YG ជាមួយ​បទ​ថ្មី​មាន​ចំណងថ្មី​ "Memory Loss”។ ត្បិត​ជា​បទ​ដំបូង​ ប៉ុន្តែ​នាង​ទទួល​បាន​ជោគជ័យ​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ រហូត​នាំនាង​ឲ្យ​ឈ្នះ​ពាន​ Bonsang ពី​កម្មវិធី​ Golden Disk Awards លើក​ទី​ ១៩។

ក្រោយ​រួម​រស់​ជាមួយ​ YG អស់​រយៈ​ ១០​ឆ្នាំ Gummy ក៏​សម្រេច​ដើរ​ចេញ​តែ​ម្ដង ហើយ​ទៅ​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ C-Jes។ បទ​ថ្មី​ៗ​របស់​នាង​ តែង​មាន​ជារឿយៗ​ក្នុង​រឿងល្បីៗ​ ដូចជា​រឿង​ "ម្ចាស់​ព្រះ​អាទិត្យ” និង​ "Cloud of The Moon” ជាដើម។ បទ​ទាំង​នោះ​សុទ្ធ​សឹង​ទទួល​បាន​ការគាំទ្រ​ខ្លាំង។

៦. តារាចម្រៀង​ Park Bom

Park Bom គឺ​ជា​តារា​ចម្រៀង​ដែល​បង្ហាញ​ខ្លួន​ជាផ្លូវការ​ដំបូង​ក្នុង​ឆ្នាំ ២០០៩ ជាមួយ​ 2NE1។ ប្រជាប្រិយភាព​របស់​ Bom ហក់​ឡើង​បំផុត​ នៅ​ប៉ុន្មាន​ឆ្នាំ​ដំបូង​ ប៉ុន្តែ​ជាអកុសល​ នៅ​ឆ្នាំ ២០១៤ អាជីពតារាស្រី​រូបនេះ​បែរ​ជា​មាន​បញ្ហា។ ដោយសារ​ករណី​គ្រឿង​ញៀន​ នាង​ត្រូវ​ប្រឈម​មុខ​នឹង​ព្យុះភ្លៀង​ជា​ច្រើន​ ស្ទើរ​លិចលង់​ទាំង​ស្រុង។

រហូត​ដល់​ឆ្នាំ ២០១៦ YG បាន​ប្រកាស​ថា​ 2NE1 ត្រូវ​បំបែក​ហើយ។ ទោះ​ជា​យ៉ាង​ណា តារា​ស្រី​រូបនេះ​ខំ​ព្យាយាម​ងើប​ឈរ​ជា​ថ្មី​ ហើយ​បាន​ចុះ​កុងត្រា​ជាមួយ​ផលិត​កម្ម​ថ្មី D-Nation កាល​ពី​ខែ​កក្កដា​កន្លងទៅ។ មួយ​វិញ​ទៀត​ ថ្មី​ៗ​ក៏​មានព័ត៌មាន​លេចឮ​ថា Bom គ្រោង​ចេញ​អាល់ប៊ុម​តូច​មួយ​នៅ​ចុង​ឆ្នាំ​នេះ​ ជាកិច្ច​ស្វាគមន៍​ក្រោយ​បាត់​មុខ​មួយ​រយៈធំ។

៧. តារាចម្រៀង​ Nam Tae Hyun

តារា​ប្រុស​រូបនេះ​គឺ​ជា​អតីត​បេក្ខជន​កម្មវិធី​ "Who is Next?” ហើយ​បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​តារាចម្រៀង​ក្រុម​ WINNER ក្នុង​ឆ្នាំ ២០១៤។ ឈាន​ចូល​ឆ្នាំ​ ២០១៥ Tae Hyun ក៏​បាន​ចាប់​អាជីព​ជា​តារាសម្ដែង​ ប៉ុន្តែ​បែរ​ជា​ទទួល​បាន​មតិ​រិះគន់​ទៅ​វិញ។ ក្នុងខែ តុលា ​ឆ្នាំ ២០១៦ YG បាន​ប្រកាស​ថា​ Tae Hyun មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ធ្ងន់។ ១ខែក្រោយ​ ក៏​ស្រាប់​តែ​មាន​សេចក្ដី​ប្រកាស​ថា​ លោក​ត្រូវ​ដក​ចេញ​ពី WINNER ហើយ ចំណែក​កុងត្រាជាមួយ​ YG ក៏ត្រូវបញ្ចប់។

ទោះ​ជា​ត្រូវ​ដួល​យ៉ាង​ណា ក៏​ Tae Hyun មិនចុះ​ចាញ់​នឹង​ជីវិត​ដែរ។ ផ្ទុយ​មក​វិញ​ លោក​បាន​បើក​ផលិតកម្ម​ផ្ទាល់​ខ្លួន​​មួយ​មាន​​ឈ្មោះ​ South Buyers Club ជាមួយ​ក្រុម​ថ្មី​ South Club។

៨. តារាចម្រៀង​ PSY

PSY សុខ​ចិត្ត​មិន​ធ្វើ​ជា​អ្នក​បន្តវេន​គ្រប់គ្រង​ក្រុមហ៊ុន​របស់​ឪពុក​ ដោយសារ​ចង់​សម្រេច​មហិច្ឆតា​ក្នុងពិភពតន្ត្រីរបស់​ខ្លួន​កាល​ពី​ឆ្នាំ ២០០១។ ប៉ុន្តែ​ជំហាន​ដំបូង​លើ​វិថី​សិល្បៈ​ហាក់​ដូចជា​មិន​សម​ប្រកប​សោះ​ ទើប​ក្រោយ​មក​លោក​ចូល​ផលិតកម្ម​មិត្តភ័ក្ដិ​របស់​ខ្លួន YG។

ក្រោយ​​ក្លាយ​ជាតារា​ YG តារា​ប្រុស​រូបនេះ​បាន​ចេញ​អាល់ប៊ុម​ទី​ ៦​មាន​ចំណង​ជើង​ថា​ ”Gangnam Style” ហើយ​ទទួល​បាន​ការ​គាំទ្រ​អស្ចារ្យ​មិនធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ K-Pop។ ប៉ុន្តែ​ឈាន​ដល់​ខែ​ឧសភា ឆ្នាំ ២០១៨ លោក​ក៏​បាន​ចេញ​ពី​ផលិតកម្ម​នេះ​ ហើយ​ធ្វើ​ជា​តារា​ចម្រៀង​ឯក​រាជ្យ​របស់​កូរ៉េ ពោល​គឺ​មិន​ស្ថិត​ក្រោម​ផលិតកម្មណាទាំងអស់៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម