• 2018-08-22 07:22:45
  • ជីវិតតារា

ជីវិត​តារា​ទាំង​នេះ​រសាត់អណ្ដែត​ដល់ណាខ្លះ ក្រោយដើរចេញ​ពី​ JYP?

  • 2018-08-22 07:22:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

JYP ជា​ផលិតកម្ម​ធំ​មួយ​ក្នុង​ចំណោម​ផលិតកម្ម​យក្ស​ទាំង​​៣​ប្រចាំ​កូរ៉េ​ខាង​ត្បូង ហើយ​បើ​និយាយ​ពី​តារា​ប្រុស​ស្រី​នៅ​ទៅនេះ​ក៏​មាន​ឱកាស​សាង​ភាព​ល្បីល្បាញ​ និង​បណ្ដុះ​សមត្ថភាព​ខ្លាំង​អស្ចារ្យ​ដែរ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ជម្រើស​របស់​មនុស្ស​មាន​ខុសៗ​គ្នា ហេតុ​នេះ​ទើប​តារា​មួយ​ចំនួន​ សម្រេច​ចាក​ចេញ​ពី​ JYP ដើម្បី​សម្រេច​ក្ដី​ស្រមៃ​ផ្ទាល់​ខ្លួន​ ខុសៗគ្នា។

តើ​អ្នក​ដែល​បាន​បញ្ចប់​កុងត្រា​ពី​ JYP បច្ចុប្បន្ន​ពួកគេ​ទៅ​ជា​យ៉ាង​ណា​ខ្លះ សូម​មក​ជ្រាប​ទាំង​អស់​គ្នា៖

១. តារាសម្ដែង និង​ចម្រៀង​ Rain

Rain បាន​ចូល​សិល្បៈ​ដំបូង​កាល​ពីឆ្នាំ​ ២០០២​ និង​សាង​ភាព ជោគជ័យ​ខ្លាំង​ពាសពេញ​អាស៊ីពេល​ចេញ​អាល់ប៊ុម​ទី ៣​មាន​ឈ្មោះ​ថា​ "It's Raining”។ ក្រៅ​ពី​ជា​តារា​ចម្រៀង​ Rain ក៏​ល្បី​ពេល​វិវត្ត​ខ្លួន​ជា​តារាសម្ដែង​ដែរ ពិសេស​តាម​រយៈ​រឿង​ "Full House” ជាមួយ​ Song Hye Kyo។ ឆ្នាំ ២០០៧ លោក​ក៏​បាន​ដើរ​ចេញ​ពី​ JYP ហើយ​បង្កើត​ក្រុមហ៊ុន​ខ្លួន​ឯង​មាន​ឈ្មោះ​ថា​ J.Tune ដែល​ជា​ផលិតកម្ម​តូច​របស់​ JYP។ ក្រោយ​មក​លោក​ក៏​បាន​ទៅ​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ Cube DC (ផលិតកម្ម​ផ្សេង​ទៀត​របស់​ Cube) និង​ចេញ​អាល់ប៊ុម​ "Rain Effect”។

ទី​បំផុត​ បច្ចុប្បន្ន​ តារា​ប្រុស​រូបនេះ​ក៏បង្កើត​ក្រុម​ផ្ទាល់​ខ្លួន​ដាច់​ដោយ​ឡែក​ ឈ្មោះ​ R.A.I.N Company ព្រម​ទាំង​ចេញ​បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា​ "The Best Present" កាល​ពី​ខែ​មករា ឆ្នាំ ២០១៧ ជូន​ជាពិសេស​ទៅកាន់​ភរិយា​ជា​ទីស្រឡាញ់​ Kim Tae Hee។

២. តារា​ចម្រៀង​ Sunmi

នាង​ចូល​សិល្បៈ​ក្នុង​ឆ្នាំ ២០០៧ ក្នុង​នាម​ជា​សមាជិក​ក្រុម​ Wonder Girls។ ក្រុម​នេះ​ហក់​ឡើង​ខ្លាំង​បំផុត​ពេល​ចេញ​បទ​ចម្រៀង​ "Tell Me”, “So Hot” និង​ "Nobody”។ ប៉ុន្តែ​ដល់​ឆ្នាំ​ ២០១០ Sunmi បាន​ចេញ​ពី​ក្រុម​ ដើម្បី​បន្ត​ការ​សិក្សា ​ហើយ​ក្រោយ​ ៣​ឆ្នាំ​នាង​បាន​វិល​មកវិញ​ តែ​ក្នុង​នាម​ជា​តារា​ចម្រៀង​ទោល។ បទ​ទោល​ដំបូង​របស់​នាង​មាន​ចំណងជើង​ថា​ "24 Hours” ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​បំផុត។ ក្រោយ​មក​ក្នុង​ឆ្នាំ​ ២០១៥ នាង​ក៏​បាន​ចូល​ក្នុង​ក្រុម​ Wonder Girls ជាថ្មី​ ប៉ុន្តែ​គួរ​ស្ដាយ​ក្រុម​នេះ​ត្រូវ​បាន​បំបែក​ក្នុង​ឆ្នាំ ២០១៧។ Sunmi ក៏​បាន​ទៅ​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ MakeUs វិញ​ និង​ចេញ​បទ​ល្បី​ថ្មី​មួយ​មាន​ចំណងជើង​ថា "Gashina” ក្នុង​ឆ្នាំ​ដដែល​នោះ។

៣. តារា​ចម្រៀង​ Jeong Jinwoon

Jinwoon ​បង្ហាញ​មុខ​ដំបូង​ជាមួយ​ក្រុម​ 2AM ក្នុង​ឆ្នាំ​ ២០០៨។ ឆ្នាំ​ ២០១៥ កុងត្រា​ជាមួយ​ JYP ក៏​បាន​បញ្ចប់​ ទើប​លោក​ទៅ​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ Mystic ជាមួយ​ Brown Eyed Girls, Eddy Kim, Park Jae Jung ជា​ដើម។

៤. តារា​ចម្រៀង​ Byul

នាង​ចូល​សិល្បៈ​ឆ្នាំ​ ២០០២ ក្រោម​ដំបូល​ JYP។ Byul បាន​ទទួល​ជោគជ័យ​ជា​ហូរហែ​អំឡុង​ពេល​ស្ថិត​ក្រោម​ផលិតកម្ម​នេះ ហើយ​បទ​ចម្រៀង​នាង​ជា​ច្រើន​សុទ្ធ​សឹង​ទទួល​បាន​ការ​គាំទ្រ ជាពិសេស​បទ​ "I Think I Love You” ដែល​ដក​ស្រង់​ចេញ​ពី​រឿង​ "Full House”។ នាង​បាន​ចាក​ចេញ​ពី​ JYP នៅ​ឆ្នាំ ២០០៦ ហើយ​បច្ចុប្បន្ន​នាង​ជា​តារា​ចម្រៀង​របស់​ Quan Entertainment។

៥. តារា​ចម្រៀង​ San E

លោក​បាន​ក្លាយ​ជា​តារា​រ៉េប​ទោល​ដំបូង​របស់​ JYP កាល​ពី​ឆ្នាំ ២០១០ និង​បាន​ចេញ​បទ​រួម​គ្នា​ជាមួយ​ Min អតីត​សមាជិក​ក្រុម​ miss A មាន​ចំណងជើង​ថា "Tasty San”។ រហូត​ដល់​ខែ​មេសា ឆ្នាំ ២០១៣ កុងត្រា​ជាមួយ​ផលិតកម្ម​នេះ​ក៏​បាន​បញ្ចប់ ទើប​ក្រោយ​មក​លោក​ផ្លាស់​ទៅ​ផលិតកម្ម New Music វិញ។

៦. តារាចម្រៀង​ HyunA

តារា​សិចស៊ី​រូបនេះ​ បាន​បោះ​ជំហាន​លើ​វិថី​សិល្បៈ​ដំបូង​ជា​សមាជិក​ក្រុម​ Wonder Girls ក្នុង​ឆ្នាំ ២០០៧។ ប៉ុន្តែ​ទើប​តែ​ ១​ខែ​សោះ​ នាង​ក៏​ត្រូវ​​ចេញ​ពី​ក្រុម​ដោយ​សារ​ ម្ដាយ​ឪពុក។ មូលហេតុ​ពី​ក្រោយ​ក៏​ដោយសារ​សុខភាព​របស់​នាង​ខ្សោយ​ខ្លាំង​នា​ពេល​នោះ។

រហូត​ដល់​ឆ្នាំ ២០០៨​ ទើប​នាង​ចូល​ផលិតកម្ម​ Cube វិញ​ និង​ចេញ​មុខជាថ្មី​ក្នុង​ឆ្នាំ ២០០៩ ជា​សមាជិក​ 4MINUTE។ ទោះ​ជាយ៉ាង​ណា​ក៏​នាង​មាន​ឱកាស​បាន​ចេញ​បទ​ទោល​ ២​បទ​គឺ​ "Change” និង​ "Bubble Pop” ហើយ​ក្រោយ​មក​ក៏​ចេញ​បទ​រួម​គ្នាជាមួយ​ Hyun Seung មាន​ចំណងជើង​ថា​ "Trouble Maker”។ រឹត​តែ​ល្បី​ជាង​នេះ​ គឺ​នៅ​ពេល​នាង​បង្ហាញ​មុខ​ក្នុង​បទ​ "Gangnam Style” ជាមួយ​ PSY។ ២០១៦​ 4MINUTE ក៏​ត្រូវ​បំបែក ស្របពេល​សមាជិក​ផ្សេង​ទៀត​ដើរ​ចេញ​ពី​ផលិតកម្ម​ មាន​តែ​ HyunA ម្នាក់​គត់​ដែល​សម្រេច​បន្ត​កុងត្រា និង​ចាប់​អាជីព​ជាតារា​ទោល​ និង​សហការ​ជាមួយ​សមាជិក​ក្រុម​ PENTAGON ២​នាក់​ទៀត​វិញ។

៧. តារាចម្រៀង​ Sun Ye

នាង​បាន​ហ្វឹកហាត់​នៅ​ JYP អស់​រយៈ​ពេល​ ៦​ឆ្នាំ ​ហើយ​ក្រោយ​មក​ក៏​ត្រូវ​បាន​ជ្រើស​ជា​មេ​ក្រុម​ Wonder Girls នៅ​ឆ្នាំ ២០០៧។ ឆ្នាំ ២០១៣ នាង​ក៏​បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​ James Park និង​បង្កើត​បាន​កូន​ដំបូង​នៅ​ខែ​ តុលា​ឆ្នាំ​ដដែល។ នាង​បាន​ដក​ខ្លួន​ចេញ​ពី​សិល្បៈ​កាល​ពិ​ខែធ្នូ ឆ្នាំ ២០១៤។ ជាក់ស្ដែង​ថ្មីៗ ក៏​ស្រាប់​តែ​មាន​ដំណឹង​ថា​ Sun Ye ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ Polaris ហើយ​គ្រោង​ត្រឡប់​មក​វិញ​ឆាប់ៗ​ទៀត។

៨. តារាចម្រៀង​ Jo Kown

មុន​ចេញ​មុខ​ជា​ផ្លូវការ​ជាមួយ​ 2AM Kwon បាន​ហ្វឹកហាត់​នៅ​ JYP អស់​រយៈ​ពេល​ ៧​ឆ្នាំ។ លោក​បាន​សាង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្គាល់​ច្បាស់​បំផុត​ ពេល​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ "Kkab”។ ក្រៅ​ពី​នេះ​ តារា​ប្រុស​កើត​ឆ្នាំ ១៩៨៩​រូបនេះ​ ក៏​បាន​ចេញ​អាល់ប៊ុម​ទោល​ដែរ គឺ​ "Crosswalk” ចេញ​ក្នុង​ឆ្នាំ ២០១៦។ ខែកញ្ញា​ ឆ្នាំ ២០១៧ លោក​បាន​លា​ JYP ជាផ្លូវការ​ ក្រោយ​រួមរស់​ជាមួយ​គ្នា​រយៈ​ពេល​ ១៦​ឆ្នាំ និង​បាន​ទៅ​ចុះ​កុងត្រា​ជាមួយ​ Cubeវិញ​ ព្រម​ទាំង​ចេញ​បទ​ទោល​មួយ​មាន​ចំណងជើង​ថា "Lonely”។

៩. តារាចម្រៀង​ Jia

Jia ចេញ​មុខ​ដំបូង​ជាមួយ​ miss Aក្នុង​ឆ្នាំ ២០១០។ ក្រៅពី​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ តារា​ស្រី​ចិន​រូបនេះ​ ក៏​លេច​មុខ​ជារឿយៗ​ក្នុង​កម្មវិធី​ជា​ច្រើន​ម្នាក់​ឯង​ទាំង​ក្នុង​ប្រទេស​កូរ៉េ និង​ប្រទេស​ចិន។ នាង​សម្រេច​ចាក​ចេញ​ពី​ JYP កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៦ ហើយ​មិន​យូរ​ប៉ុន្មាន​នាង​ក៏បាន​ទៅ​​ចុះ​កុងត្រា​ជាមួយ​ ផលិតកម្ម​ចិន​ Banana Culture Music។

១០. តារា​ចម្រៀង​ Jay Park

លោក​ត្រូវ​បាន​គ្រប់​គ្នា​ស្គាល់​ច្បាស់​ពេល​លេច​មុខ​ដំបូង​ក្នុង​នាម​ជា​ មេក្រុម​ 2PM កាល​ពី​ឆ្នាំ ២០០៨។ ត្រឹម​ ២​ឆ្នាំ Jay Park ក៏​បាន​ចេញ​ពី​ក្រុម​ និង​ផលិតកម្ម​ ក្រោយ​លោក​សរសេរ​ពី​ប្រទេស​កូរ៉េ​ក្នុង​នាម​ជា​យុវជន​ម្នាក់ នៅ​លើ​បណ្ដាញសង្គម​ MySpace។ បន្ទាន់​ពី​ជួប​បញ្ហា​នេះ​ លោក​ក៏​បាន​អភិវឌ្ឍ​ខ្លួន​ក្នុង​វិស័យ​ចម្រៀង​អាស៊ី និង​អាមេរិក។ ឆ្នាំ ២០១០ លោក​ក៏​បាន​ចុះ​កុងត្រា​ជាមួយ SidusHQ។ Jay Park បាន​បង្កើត​ផលិតកម្ម​តូច​ដោយ​ខ្លួន​ឯង​ក្នុង​ឆ្នាំ ២០១៣ ជាមួយ​តារា​ហ៊ីបហប​ Simon Dominic, Loco, Gray ជា​ដើម៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់