• 2018-08-26 04:44:21
  • ព័ត៌មាន

ទើប​ទៅ​ដល់អាមេរិក ខាន់ ជេមស៍ ពោល​ថា ជោគជ័យ​​ហួស​ការ​​ស្មាន

  • 2018-08-26 04:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​នេះ តារា​ចម្រៀង​លោក ខាន់ ជេមស៍ បាន​​កំពុងតែ​ច្រៀង​បម្រើ​អារម្មណ៍​បង​ប្អូន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ដោយ​លោក​បាន​ចេញ​ទៅ​តាំង​ពី​ថ្ងៃ​ទី២០ ខែ សីហា កន្លង​ទៅ ​នេះ។ លោក​ថា គ្រាន់​តែ​ច្រៀង​​២ទៅ៣ កម្មវិធី​ប៉ុណ្ណោះ មាន​អ្នក​គាំទ្រ​ច្រើន​​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ​​ដោយ​​សន្ទុះ​នៃ​ការ​គាំទ្រ​នេះ តារា​ចម្រៀង​រូប​នេះ​​បាន​វាយ​តម្លៃ​ថា ​ខ្លាំង​ជាង​កាល​​ដែល​លោក​ទៅ​​ច្រៀង​​លើ​​មុន​ទៅ​ទៀត។

ម្ចាស់​បទ​"​បុប្ផា​ក្រពុំ​" ​រូប​នេះ​ធ្លាប់​បាន​ទៅ​ច្រៀង​នៅ​ទឹក​ដី​មហាអំណាច​នេះម្ដង​​រួច​​ក​ហើយ​កាល​​អំឡុង​ឆ្នាំ ២០១១ ដោយ​កាល​ណោះ​លោក​ទៅ​ច្រៀង​មាន​រយៈ​ពេល​៣ខែ ប៉ុន្តែ​ការ​ចេញ​ទៅ​លើក​ទី​២នេះ ​លោក ខាន់ ជេមស៍ ទៅ​តែ​ចំនួន​២ខែ​ប៉ុណ្ណោះ។ លោក​ថ្លែង​ឲ្យ​ដឹង​ថា បង​ប្អូន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ពិត​ជា​ស្រលាញ់​ និង​ចូល​ចិត្ត​លោក​ខ្លាំង​ណាស់ គ្រប់​កម្មវិធី​ដែល​​លោក​​ទៅ​ច្រៀង គឺ​​មាន​អ្នក​​គាំទ្រ​លោក​ពេញ​ៗ​ហាង​ស្ទើរ​មិន​មាន​កន្លែង​អង្គុយ​ឡើយ។

អ្វី​ដែល​ពិសេស​​​​ជាង​នេះ​ទៅ​ទៀត​លោក​ថា គ្រប់​បទ​ចម្រៀង​ល្បីៗ​របស់​លោក​កាល​នៅ​ផលិតកម្ម ​Rock ដូច​ជា​បទ​ "របាំ​ចង​ស្នេហ៍" បទ​បុប្ផា​​ក្រពុំ" និង បទ"ស្នេហ៍​អូន​ជា​និច្ច"  បង​ប្អូន​នៅ​ទី​នោះ​ស្ទើរ​គ្រប់​គ្នា​សុទ្ធតែ​ចេះ​ច្រៀង​បទ​របស់​លោក និង​បាន​​ច្រៀង​អម​ជា​មួយ​ពេល​ដែល​លោក​​ឡើង​ច្រៀង។ ជា​​មួយ​នឹង​ការ​គាំទ្រ​នេះ លោក ខាន់ ជេមស៍ ក៏​ទទួល​បាន​ប្រាក់​ធីប​ដែល​បង​ប្អូន​ខ្មែរ​នៅ​ទី​នោះ​ស្រលាញ់​​សុំ​ថត​ជា​មួយ ឲ្យ​ជា​បន្ត​បន្ទាប់​ផង​ដែរ បែប​​នេះ​ក្ដី តារា​ចម្រៀង​នេះ​មិន​បាន​បង្ហើប​ឲ្យ​ដឹង​ពី​​ចំនួន​នោះ​ឡើយ ដោយ​លោក​ថា គ្រាន់​តែ​ជា​ទឹក​ចិត្ត​តិច​តូច​ដែល​បង​ប្អូន​ជូន ២០ ឬ ៥០ ដុល្លារ ទៅ​តាម​ទឹក​ចិត្ត​ប៉ុណ្ណោះ។

តាម​គម្រោង ​លោក ខាន់ ជេមស៍ នឹង​ត្រូវ​ច្រៀង​ចំនួន​១៥​លើក​ទៀត ពោល​គឺ​នឹង​ត្រូវ​ច្រៀង​ស្ទើរ​គ្រប់​រដ្ឋ​ទាំង​អស់ ក្នុង​សហរដ្ឋ​អាមេរិក​ក្នុង​រយៈ​ពេល​២​ខែ​​នេះ ។ កម្មវិធី​ធំ ដែល​លោក​នឹង​ត្រូវ​ច្រៀង គឺ​នៅ​ថ្ងៃ​បុណ្យ​​ភ្ជុំ​ធំ​ នៅវត្ត "​ខន្តី​រាម" នៃ​រដ្ឋ ហ្វរីដា ហើយ​ក្រោយ​បញ្ចប់​ការ​ច្រៀង​រួច​លោក​នឹង​​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​នៅ​ថ្ងៃ​ទី០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨​នេះ ។

ចាប់​តាំង​ពី​ចាប់​អាជីព​​ជា​តារា​ចម្រៀង​​មក លោក ខាន់ ជេមស៍ ធ្លាប់​បាន​ទៅ​ច្រៀង​៥ ប្រទេស​ផ្សេង​ទៀត​ផង​ដែរ ក្នុង​នោះ​​មាន ប្រទេស​អូស្ត្រាលី ក្នុង​ឆ្នាំ២០០៨ ប្រទេស កាណាដា ក្នុង​ឆ្នាំ២០១០ ប្រទេស ជប៉ុន ក្នុង​ឆ្នាំ២០១៣ ប្រទេស​កូរ៉េ និង បារាំង មិន​ចាំ​ឆ្នាំ។ មុន​ចេញ​ទៅ​​ទទួល​បាន​សិទ្ធិចេញ​ទៅ​ច្រៀង នៅ​សហរដ្ឋ​អាមេរិក​នេះ លោក​ត្រូវ​បាន​ប្រទេស​កាណាដា ផ្ដល់​សិទ្ធិ​ឲ្យ​ទៅ​ច្រៀង​រហូត​ដល់​ទៅ ៥ឆ្នាំ ឯណោះ ខណៈ​ដែល​លោក​​ស្នើ​សុំ​តែ​១ខែ​​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​ពេល​គេ​ហៅ​នោះ ចំ​ពេល​លោក​​រវល់​ក្នុង​ការងារ​ក្នុង​ស្រុក​ច្រើន​ពេល​ លោក​​មិន​ទាន់​សម្រេច​ចិត្ត​ទៅ​នៅ​ឡើយ។ ទិដ្ឋាការ​របស់​លោក​ក្នុង​ការ​ចេញ​ទៅ​ច្រៀង​នៅប្រទេស​កាណាដា ​ផុត​កំណត់​នៅ​ឆ្នាំ ២០២០ ដោយ​ក្នុង​រយៈពេល​នេះ​ លោក​ចង់​ទៅ​ច្រៀង​នៅ​ពេល​ណា​ក៏​បាន​ដែរ។

​លោក ខាន់ ជេមស៍ ប្រាប់​ថា បន្ទាប់​ពី​ត្រលប់​ពី​ការ​ច្រៀង​នៅអាមេរិក​ជា​លើក​ទី២​នេះ លោក​ប្រហែល​ជា​នឹង​លៃ​ពេល​វេលា​ណា​មួយ​ទៅ​ច្រៀង​នៅ ប្រទេស​កាណាដា​ម្ដង​ទៀត​ឲ្យ​ទាល់​តែ​បាន៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់