• 2018-09-20 03:42:57
  • ព័ត៌មាន

មាន​រឿង​អី? ក្រោយ​លេច​មុខ​ធ្វើ​ជា​តារា​ស្រី​អង្គរសង្ក្រាន្ត​ ស្រី​ស្អាត ចន្ធី វល័ក្ខ បាត់​ស្ងាត់​ឈឹង​តែ​ម្ដង

  • 2018-09-20 03:42:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត ចន្ធី វល័ក្ខ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ ខ្លាំង​កាល​ឡើង​កូដ​ធ្វើ​ជា​តារា​ស្រី​តំណាង​អង្គសង្ក្រាន្ត​ឆ្នាំទី​២ ប៉ុន្តែ​បន្ទាប់​ពី​នោះ​មក បន្តិច​ម្ដង​ៗ នាង​បាន​បន្សាត់​បាត់​ខ្លួន​ពី​សិល្បៈ​ឈឹង​តែ​ម្ដង។

ចន្ធី វល័ក្ខ គឺ​ជា​តារា​ស្រី​ប្រចាំ​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៤ មក​ដល់​កម្មវិធី​ដដែល​នា​ឆ្នាំ​បន្ទាប់ នាង​នៅ​តែ​មាន​វត្តមាន ប៉ុន្តែ​ជា​តួ​ម្ដាយ​មាន​កូន​២​នាក់​ក្នុង​ការសម្ដែង​អម​កម្មវិធី ដោយ​ឡែក​តំណែង​ជា​តារា​ស្រី​ធំ​របស់​កម្មវិធី បាន​ទៅ​លើ​តារា​ចម្រៀង​ខ្មែរ-អាមេរិក ឡូរ៉ា​នា​ពេល​នោះ។ បន្ទាប់​ពី​នោះ​មក នាង​វិល​មក​ធ្វើ​ជា​តារា​សម្ដែង​វិញ។

ការ​សម្ដែង​រឿង​ចុង​ក្រោយ​​របស់​នាង គឺ​រឿង "ទឹក​ចិត្ត​ប្រពន្ធ" របស់​ផលិតកម្ម​មហាហង្ស។ ក្រៅ​ពី​នេះ នាង​មាន​សកម្មភាព​ខ្លះ​ៗ​ជាមួយ​ស្ប៉ត​ពាណិជ្ជកម្ម ដូច​ជា​ស្ប៉ត​របស់​ផ្សារ​ទំនើប​អ៊ីអន និង​ថត​ខារ៉ាអូខេ​មួយ​ចំនួន​ឲ្យ​ផលិតកម្ម​ហង្សមាស​ជា​ដើម។ ប៉ុន្តែ​ក្រោយ​ពី​នោះ​មក នាង​ស្រាប់​បាត់​មុខ​ឈឹង​តែ​ម្ដង ដោយ​មិន​មាន​មូលហេតុ​ច្បាស់​លាស់។

វល័ក្ខ បាន​ដក​ខ្លួន​ឆ្ងាយ​ពី​សិល្បៈ ប្រមាណ​ជាង​១​ឆ្នាំ​មក​ហើយ ក្នុង​នោះ​ទាំង​ក្នុង​ស្ប៉តពាណិជ្ជកម្ម សម្ដែង​រឿង និង​ខារ៉ាអូខេ មិន​មាន​ឃើញ​វត្តមាន​របស់​នាង​ឡើយ ដោយ​នៅ​ត្រឹម​សកម្មភាព​សប្បាយ​​ៗ​ជាមួយ​មិត្ត​រួម​អាជីព​ខ្លះ​ៗ​ប៉ុណ្ណោះ។ ប៉ុន្តែ​ទើប​ថ្មី​ៗ​នេះ ទើប​លេច​តម្រុយ​ថា នាង​យក​ខ្លួន​នាង​ចេញ​ឆ្ងាយ​ពី​សិល្បៈ ដោយ​សារ​តែខ្វះ​ការ​ឲ្យ​តម្លៃ និង​គាំពារ​វិស័យ​សិល្បៈ ពិសេស​ភាពយន្ត​ខ្មែរ។

“នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ ចាក​ចេញ​ពី​សិល្បៈ" ចន្ធី វល័ក្ខ បាន​សរសេរ​សារ​ឆ្លើយ​តប​នឹង​អ្នក​ដឹកនាំ​រឿង​ម្នាក់​ដែល​ត្អូញថ្ងូរ​ពី​វាសនា​សិល្បៈ​ភាពយន្ត​ខ្មែរ​ថា​អាច​នឹង​រលំដួលដេក​សា​ជា​ថ្មី​ឬ​យ៉ាង​ណា។

ជុំវិញ​បញ្ហា​ខាង​លើ​ដែរ សាមី​ខ្លួន បាន​ឆ្លើយ​ប្រាប់ Sabay ថា បាន​ផ្អាក​ពី​សិល្បៈ​មែន ប៉ុន្តែ​មិន​ឈប់​រហូត​ទេ។ ចំពោះ​មូលហេតុ ដោយ​សារ​នាង​ចង់​បញ្ចប់​ការ​សិក្សា​ឲ្យ​ចប់​ចុង​ចប់​ដើម​សិន។ "​អត់​ទេ ខ្ញុំ​អត់​ឈប់​ទេ​បង គ្រាន់​តែចង់​រៀន​ឲ្យ​ចប់ និង​មាន​ការងារ​រឹង​មាំមួយ​ជា​មុន​សិន​បង"។

ស្រី​ស្អាត​ដដែល​បញ្ជាក់​ថា សម្រាប់​នាង ការងារ​សិល្បៈ​ជា​ជម្រើស​ទី​២​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ នាង​នឹង​វិល​វិញ ក្រោយ​នាង​បញ្ចប់​កិច្ចការ​ខាង​លើ​សិន។ បច្ចុប្បន្ន ចន្ធី វល័ក្ខ កំពុង​សិក្សា​បរិញ្ញាបត្រ​អក្សសាស្ត្រ​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ ហើយ​ថា នាង​គ្រោង​នឹង​បញ្ចប់ការងារ​សិក្សា​ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន​ខាង​មុខ​នេះ៕

រូបភាព៖ ហ្វេសប៊ុក ចន្ធី វល័ក្ខ

អត្ថបទ៖ ទារិកា

មតិយោបល់