• 2018-09-26 14:36:07
  • ព័ត៌មាន

ឆេះស្ដែងៗ ភ្លើង​ឆាបឆេះ​ក្រុម​អ្នក​ថត​កុន បណ្ដាល​ឲ្យ​តួ​សម្ដែង​រង​របួស​ទាំង​អស់ ៣១​នាក់(វីដេអូ)

  • 2018-09-26 14:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ចំនួន ៣១​នាក់ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​រង​របួស​ឆេះ​លើ​រាងកាយ ក្នុងហេតុការណ៍​អគី្គភ័យ​លើ​ក្រុម​អ្នក​ថត​ភាពយន្ត​សម្រាប់​អបអរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជនជាតិ​ចិន​នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​ចំណង​ជើង​ថា "Amazing Spring"។

ហេតុការណ៍​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រមាណ៧ព្រឹក​ថ្ងៃ​ច័ន្ទ។ តារា​សម្ដែង​ជើង​ចាស់​ហុងកុង Sharon Yeung Pan វ័យ ៥៩ឆ្នាំ តារា​សម្ដែង​ម៉ាឡេស៊ី Joey Leong និង​តារា​ប្រុស Cedric Loo វ័យ ៣០​ឆ្នាំ ស្ថិត​ក្នុង​ចំណោម​អ្នក​រង​របួស​ក្នុង​ដោយ​សារ​អគ្គីភ័យ​អំឡុង​ពេល​កំពុង​ថត​ភាពយន្ត​នៅ​ក្នុង​តំបន់ Bandar Bukit Puchong នៃ​ខេត្ត Selangor របស់​ម៉ាឡេស៊ី។ នេះ​បើ​យោង​តាម The Star។

ព័ត៌មាន​ពី​គ្រូ​ពេទ្យ តារា​សម្ដែង​ហុងកុង ត្រូវ​ភ្លើង​ឆាប​ឆេះ​លើ​ផ្ទៃ​មុខ​ផ្នែក​ខាង​ឆ្វេង ដៃ​ស្ដាំ និង​ជើង​ទាំង​ពីរ។ ដោយ​ឡែក តារា​វ័យ​ក្មេង​ម៉ាឡេស៊ី រង​របួស​លើ​ជើង​ទាំង​ពីរ​ដែល​ត្រូវ​ការ​ពេល ៣សប្ដាហ៍​ដើម្បី​ព្យាបាល។

លោក Jack Lim អ្នក​គ្រប់​គ្រង​ការ​ផលិត បាន​ពន្យល់​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​ក្រោយ​គ្រោះចៃដន្យ​ថា តាម​ផែនការ ផ្ទះ​ភ្លើង​ឆេះ​ចំនួន​៣​ត្រូវ​​បាន​គ្រោង​ដើម្បី​ថត​។ ជាមួយ​គ្នា ភ្នាក់​ងារ​អគ្គីភ័យ​ដែល​ប្រចាំ​ការ​នៅ​កន្លែង​ថត ក៏​បាន​ប្រាប់​ឲ្យ​ក្រុម​អ្នក​ថត​ទាំង​អស់​ឲ្យ​ឈរ​នៅ​ឆ្ងាយ​ពី​ភ្លើង​ដែរ។ ប៉ុន្តែ​រឿង​នឹក​ស្មាន​មិន​ដល់​នៅ​តែ​កើត​ឡើង ដោយ​សារ​តែ​ភ្លើង​បាន​ឆេះ​រាល​ដល់​កន្លែង​ក្រុម​តារា​សម្ដែង​ឈរ​ទៅ​ទៀត។

ជុំវិញ​ហេតុការណ៍​នេះ នាយកដ្ឋាន​បង្ការ​អគ្គីភ័យ​បាន​បើក​ការ​សើប​អង្កេត និង​បាន​រក​ឃើញ​ថា ឧប្បទ្ទវហេតុ​នេះ បណ្ដាល​មក​ពី​ក្រុម​ការងារ​ថត​កុន បាន​ចាក់​ឲ្យ​ហៀរ​ប្រេង​ក្នុង​ផ្ទះ​ឈើ​ដែល​ប្រើ​សម្រាប់​ថត​កុន ជា​ហេតុ​ធ្វើ​ឲ្យ​មាន​គ្រោះ​អាក្រក់​កើត​ឡើង​តែ​ម្ដង នៅ​ពេល​ថត​ប្លង់​ភ្លើង​ឆេះ ដែល​ជា​ប្លង់​ដំបូង​នៃ​សាច់​រឿង​ខាង​លើ៕

ប្រភព៖ nextshark ប្រែ​សម្រួល៖ ទារិកា

មតិយោបល់