• 2018-10-11 03:09:21
  • ព័ត៌មាន

វិល​ទៅ​រក​អាជីព​កាល​​ពី​អតីតកាល​ដូច​គ្នា​មែន ប៉ុន្តែ អេនឌី ខុស​ពី ស៊ិន ឧត្តម​ផល្លា ដាច់​ប៉ិត

  • 2018-10-11 03:09:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ងាត់​ពី​ការ​ធ្វើ​បទ Original Song ខ្លួន​ឯង លោក អេនឌី បាន​វិល​ទៅ​រក​អាជីព​ចាស់​កាល​ពី​ជិត​១០​ឆ្នាំ​មុន​ជា​តារាចម្រៀង​នា​ពេល​រាត្រី ជាមួយ​រៀម​ច្បង ស៊ិន ឧត្តម​ផល្លា ប៉ុន្តែ​អ្នក​ទាំង​ពីរ​មាន​ស្ថានភាព​ខុស​គ្នា​ដាច់​ប៉ិត​តែ​ម្ដង។

ស៊ិន ឧត្តម​ផល្លា ប្រាប់​ថា នាង​វិល​ទៅ​ធ្វើ​ជា​អ្នក​ចម្រៀង​តាម​ភោជនីយដ្ឋាន​វិញ ក្រោយ​បោះ​បង់​ប្រមាណ ២០ឆ្នាំ​នោះ គឺ​ដោយ​សារ​ថា វា​ជា​ឱកាស​ប៉ុណ្ណោះ ខណៈ​នាង​មិន​មាន​បញ្ហា​ជីវភាព​រហូត​ត្រូវ​ទៅ​ចេញ​រក​លុយ​ទាំង​យប់​អាធ្រាត្រ​ដូច្នេះ​ឡើយ។ ជាក់​ស្ដែង នាង​ក៏​មិន​បាន​ត្រៀម​ខ្លួន​ទៅ​រក​អាជីព​នេះ​វិញ​ដែរ ប៉ុន្តែ​នៅ​សុខៗ ក៏​ត្រូវ​ថៅកែ​កោះ​ហៅ ក៏​សម្រេច​ចិត្ត​ទៅ​តែ​ម្ដង។

វិល​មក អេនឌី វិញ ឲ្យ​ដឹង​ថា លោក​ក៏​ត្រូវ​ថៅកែ​កោះ​ហៅ​ដូច​គ្នា ប៉ុន្តែ​ខុស​ត្រង់​ថា តារា​ចម្រៀង​ស្រី​ខាង​លើ មិន​មាន​បញ្ហា​ជីវភាព​ឡើយ ប៉ុន្តែ​លោក​មាន​ការ​ប្រឈម​ផ្នែក​ជីវភាព​នា​រយៈ​ចុង​ក្រោយ។ “និយាយ​ឲ្យ​ចំ​ទៅ គឺ​ដើម្បី​ជីវភាព​បង...មួយ​រយៈ​នេះ ពិបាក​រក​លុយ​ណាស់...ជ្រុល​នៅ​ផ្ទះ​គេង​មិន​លក់​ដដែល ទៅ​ធ្វើ​ការ​ទៅ ក្រែង​បាន​លុយ​ខ្លះ!” អេនឌី ថ្លែង។

ម្ចាស់​បទ "ទី​បំផុត​ទើប​ដឹង​ថា​គេ​កុហក" ត្អូញត្អែរ​ថា ការងារ​សិល្បៈ​របស់​លោក​មួយ​រយៈ​ចុង​ក្រោយ​នេះ គឺ​ថយ​ចុះ​ច្រើន ងាក​ទៅ​មុខ​ជំនួញ​លក់​ខោអាវ​នៅ​ផ្សារ​ផេនសល់​មុខ​សណ្ឋាគារ​កាបូឌីយ៉ាណា ក៏​កាន់​តែ​ស្ងប់ស្ងាត់​ទៀត។ ដូច្នេះ​ហើយ ទើប​លោក​បង្ខំ​ចិត្ត​ត្រូវ​ទៅ​ច្រៀង​នៅ​ភោជនីយដ្ឋាន​បន្ថែម ដើម្បី​បាន​ប្រភព​ចំណូល​ថ្មី មក​ទប់​ទល់​ជីវភាព។

អេនឌី និង ស៊ិន ឧត្តម​ផល្លា គឺ​ជា​តារា​ចម្រៀង​នៅ​ភោជនីយដ្ឋាន "ពិភព​រាត្រី​" ជាមួយ​គ្នា ប៉ុន្តែ​តារា​ប្រុស បាន​ចូល​ទៅ​កាន់​អាជីព​នេះ​១​ខែ​មុន ឯ​អ្នក​មេម៉ាយ​រូប​ស្រស់​ខាង​លើ ទើប​ចូល​ខ្លួន​ទៅ​តាម​ក្រោយ​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ។ ទាំង អេនឌី និង​ផល្លា សុទ្ធ​ជា​អតីត​តារា​ចម្រៀង​តាម​ភោជនីយដ្ឋាន និង​រង្គសាល​ដូច​គ្នា។

ពី​អតីតកាល ស៊ិន ឧត្តម​ផល្លា ធ្លាប់​ច្រៀង​នៅ​ឈូក​ទិព្វ បុប្ផា​ទិព្វ លី ឡាយ និង​ប៉ាស៊ីហ្វិក​ឃីស ជា​ដើម។ ដោយ​ឡែក អេនឌី ធ្លាប់​ជា​អតីត​តារា​ចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន តាតា ត្រើយ​ម្ខាង និង​ក្លឹប​យូធូ ជា​ដើម។ វិល​មក​កាន់​អាជីព​ចាស់​ជា​ថ្មី អេនឌី ប្រាប់​ថា លោក​ច្រៀង​ប្រចាំ​នៅ​ភោជនីយដ្ឋាន​ខាង​លើ​ជាមួយ​តារា​ចម្រៀង​ផ្សេង​ទៀត រៀងរាល់​ថ្ងៃ ចាប់​ពី​ម៉ោង ៨:០០ ដល់​ម៉ោង ១២:៣០ រំលង​អាធ្រាត្រ៕

រូបភាព៖ ហ្វេសប៊ុក អេនឌី

អត្ថបទ៖ ទារិកា

មតិយោបល់