• 2018-10-16 06:43:42
  • ជីវិតតារា

ក្រោយល្បីមានមុខស្រដៀងជំទាវ ស្រីតូច ចំណាន កញ្ញាឯក​ធម្មជាតិ ទេព ម៉ាយ៉ារ៉ែត ក្លាយ​ជា​ថៅកែ​ផ្ទះ​ល្វែង​​​រាប់​រយ​ល្វែង

  • 2018-10-16 06:43:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត ទេព ម៉ាយ៉ារ៉ែត ដែល​ល្បី​មាន​មុខ​មាត់​ស្រដៀងនឹងជំទាវ​ ស្រី​តូច ចំណាន បន្ទាប់​ពី​ជាប់​ជា​កញ្ញា​ឯក​ធម្មជាតិ​​​កាល​អំឡុង​ឆ្នាំ ២០១៧ ការងារ​សិល្បៈ​ហាក់​ដូច​មិន​សូវ​ចេញ​មុខ​ច្រើន​ឡើយ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់​សម្គាល់​វិញ តារា​ស្រី​រូប​នេះ​បែរ​ជា មាន​មុខ​​​ច្រើន​លើ​វិស័យ​ជំនួញ​​​ទៅ​វិញ។ បច្ចុប្បន្ន​នាង​កំពុង​តែ​បោះ​ទុន​វិនិយោគ​លើ​​ជំនួញ​ផ្ទះ​ល្វែង​​រាប់​រយ​ល្វែង ជា​មួយ​អនាគត​​បេះដូង​របស់​នាង ដោយ​ប្រើ​ទុន​រាប​សិប​លាន​ដុល្លារ​ឯណោះ។

សំណង់​ផ្ទះ​ល្វែង​ដែល ស្រី​ស្អាត ទេព ម៉ាយ៉ារ៉ែត កំពុង​តែ​វិនិយោគ​នេះ គឺ​ស្ថិត​នៅ​​តំបន់​បែក​ចាន ដែល​បច្ចុប្បន្ន​កំពុង​តែ​សម្រុក​សាងសង់ ក្នុង​នោះ​មាន​ល្វែង​មួយ​ចំនួន​បាន​សាង​សង់​ជិត​រួច​ទៅ​ហើយ។ ការ​វិនិយោគ​នេះ មិន​មែន​មាន​តែ​នាង​ និង​គូស្នេហ៍​នោះ​ទេ​ គឺ​មាន​ភាគ​ហ៊ុន​​មួយ​ចំនួន​ទៀត​បាន​ចូល​រួម។ អតីត​សិស្ស​សាលា​ផ្នែក​របាំ​នៅ​សាលា​វិចិត្រ​សិល្បៈ​រូប​នេះ មិន​បាន​ប្រាប់​ពី​ទុន​វិនិយោគ​សរុប​ឡើយ ប៉ុន្តែ​នាង​បាន​បង្ហើប​ថា ផ្ទះ​ល្វែង​នោះ​មាន​ទាំង​អស់​រហូត​ដល់​ទៅ​៥០០ល្វែង ក្នុង​នោះ​នាង​ និង​អនាគត​ស្វាមី គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ធំ​លើ​វិនិយោគ​នេះ។

អនាគត​​បេះដូង​របស់ ស្រី​ស្អាត ម៉ាយ៉ារ៉ែត ត្រូវ​បាន​ប្រភព​មួយ​ទម្លាយ​ឲ្យ​ដឹង​ថា គឺ​ជា​អ្នក​ជំនួញ​ធំ​ម្នាក់​ហើយ​ថែម​ទាំង​មាន​​តួនាទី​ក្នុង​រដ្ឋាភិបាល​ផង​ដែរ ប៉ុន្តែ​បែប​នេះ​ក្ដី​តារា​ស្រី​ដែល​មាន​កំណើត​មក​ពី​ខេត្ត​កំពង់ឆ្នាំង​វ័យ​​៣០ឆ្នាំ​រូប​នេះ មិន​បាន​ទម្លាយ​ឲ្យ​ដឹង​ឡើយ ដោយ​នាង​គ្រាន់​តែ​ប្រាប់​ថា ពួក​គេ​បាន​ស្រលាញ់​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​គ្រោង​ចូល​រោង​ជ័យ​នៅ​ដើម​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​។

ក្រៅ​ពី​ជំនួញ​ផ្ទះ​ល្វែង​ដែល​បាន​លើក​ឡើង​ខាង​លើ ស្រី​ស្អាត ទេព ម៉ាយ៉ារ៉ែត​ ក៏​ល្បី​ខាង​លក់ ផលិតផល​តាម​អនឡាញ​ផង​ដែរ បច្ចុប្បន្ន​នាង​កំពុង​តែ​​កុម្ម៉ង់​ផលិតផល​ថែ​រក្សា​សម្រស់​​ពី​រោង​​ចក្រ​ផ្ទាល់ ដោយ​ដាក់​ស្លាកយីហោ​ផ្ទាល់​ខ្លួន​ថែម​ទៀត​ផង ហើយ​ឆាប់ៗ​នេះ​នាង និង​អនាគត​ស្វាមី​ គ្រោង​នឹង​បើក​ហាង​ផឹក​ស៊ី​ធំ​មួយ​ថែម​ទៀត ដែល​នេះ​គឺ​ជា​ជោ​ជ័យ​ធំ​គួរឲ្យ​​​​កត់សម្គាល់។

ទោះបី​ជា​មមាញឹក​លើ​ការ​​ជំនួញ​បែប​នេះ​ក្ដី តារា​ស្រី​ដែល​មាន​មុខ​ដូច​ជំទាវ​ ស្រី​តូច ចំណាន​​រូប​នេះ មិន​បាន​បោះ​បង់​ការងារ​សិល្បៈ​ឡើយ រាល់​ថ្ងៃ​គឺ នៅ​តែ​ឆ្លៀត​ទៅ​ថត​​ម្ដង​ម្កាល ដែល​ការងារ​ញឹកញាប់​ជាង​គេ គឺ​ថត​សម្អាងការ ហើយ​ឆាប់ៗ​ខាង​មុខ​នេះ គ្រោង​ថត​រឿង​​ភាគ​ឲ្យ​​ផលិតកម្ម​មួយ​ផង​ដែរ។ ស្រី​ស្អាត ទេព ម៉ាយ៉ារ៉ែត បាន​ថ្លែង​​ជា ចុង​ក្រោយ​ថា ទោះបី​ជា​ថ្ងៃ​ក្រោយ​​ខ្លួន​មាន​ទ្រព្យ​ច្រើន​បែប​ណា​ក្ដី ចំពោះ​ការងារ​សិល្បៈ​វិញ​​​នាង​​មិន​បោះ​បង់​ចោល​ឡើយ ព្រោះ​វា​​គឺ​ជា​អាជីព​ដែល​ស្រលាញ់​តាំង​ពី​ដឹង​ក្ដី ម្យ៉ាង​នាង​គិត​ថា ការ​ងារ​សិល្បៈ​នេះ​ប្រសិន​បើ​​ខ្លួន​​​ចេញ​មុខ​កាន់​តែ​ច្រើន​នោះ​ក៏​ជា​ចំណែក​មួយ​ជួយ​ឲ្យ​ការងារ​រក​ស៊ី​នាង​កាន់​តែ​ជោគជ័យ​ផង​ដែរ ៕

រូបភាព៖ ហ្វេសប៊ុក ទេព ម៉ាយ៉ារ៉ែត

អត្ថបទៈ ស៊ុនហួត

មតិយោបល់