• 2018-10-20 05:05:39
  • ភាពយន្ត

រឿង"កូនក្រក" Trailer សាហាវខ្លាំងពេកត្រូវ Youtube និងFacebook បិទមិនឲ្យផ្សាយ

  • 2018-10-20 05:05:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​រឿង”កូន​ក្រក” ជា​ស្នាដៃ​ថ្មី​របស់​អ្នក​​ដឹក​នាំរឿង និង​ជា​តារា​កំប្លែង​​នាយ ពែកមី ត្រូវ Facebook និង​ Youtube បិទ ដែល​ទំនង​ជា​ស្នាដៃ​នេះ​មាន​​ភាព​រន្ធត់​ខ្លាំងពេក​អាច​ប៉ះពាល់​ដល់​អ្នក​ទស្សនា។

លោក លៀក លីណា អ្នក​គ្រប់គ្រង​ការ​ផលិត​របស់​ផលិតកម្ម LD Picture បាន​លើក​ឡើង​ថា ស្នាដៃ​ថ្មី​របស់​នាយ ពែកមី គឺ​បាន​សម្រិតសម្រាំង​គុណភាព ខ្លាំង​ជាង​​មុន ហើយ​ស្នាដៃ​នេះ​គឺ​បង្ហាញ​ពី​ឈុត​ឆាក និង​ភាព​ភ័យ​រន្ធត់​ខ្លាំង​ជាង​​បណ្ដា​ភាពយន្ត​មុន​ៗ​​ជា​ប្រការ​ធ្វើ​ឱ្យ​បណ្ដាញ​សង្គម​ទាំង​ពីរ​មិន​អនុញ្ញាត​ឱ្យ​ផ្សព្វផ្សាយ។

លោក លៀក លីណា

លោក​បាន​បញ្ជាក់​ថា៖”ខ្ញុំ​មិន​ដឹង​ថា​មក​ពី​ឈុត​ឆាក​ក្នុង​សាច់​រឿង​វា​សាហាវ​ខ្លាំង​ដល់​ថ្នាក់​គេ​មិន​ឱ្យ​ផ្សព្វផ្សាយ ឬ​យ៉ាង​ណា​ទេ។ ក៏ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​ដាក់​ផ្សព្វផ្សាយ​វា​មិន​អនុញ្ញាត​​​​ឱ្យ​យើង​ផ្សព្វផ្សាយ”។

អ្នក​គ្រប់គ្រង​ការ​ផលិត​រូប​នេះ បន្ត​ថា​បើ​ទោះ​ជា​បណ្ដាញ​សង្គម Facebook និង Youtube មិន​អនុញ្ញាត​​ឱ្យ​ផ្សព្វ​​ផ្សាយ​​ក្ដី ក៏ប៉ុន្តែ​លោក​នៅ​តែ​មាន​ការ​រំពឹង​ខ្ពស់​ថា​ភាពយន្ត​រឿង​”កូនក្រក” នឹង​ក្លាយ​ជា​ចំណី​អារម្មណ៍​ប្លែក​​សម្រាប់​អ្នក​ទស្សនា។ ជា​ពិសេស​ទស្សនិកជន​ចូលចិត្ត​ទស្សនា​រឿង​បែប​ភ័យ​រន្ធត់។

ទន្ទឹម​នឹង​ការ​រំពឹង​លោក លៀក លីដា ក៏​សំណូមពរ​ទស្សនិកជន​ចូល​ទស្សនា​ស្នាដៃ​ថ្មី​របស់​នាយ ពែកមី ឱ្យ​បាន​ច្រើន​កុះករ ដែល​ជា​ការ​ជួយ​លើក​កម្ពស់​វិស័យ​​ភាពយន្ត​ខ្មែរ​កំពុង​ធ្លាក់​ចុះ។ ក្នុង​នោះ​ផលិតកម្ម LD Picture តែង​តែ​រក​វិធី​ថ្មី និង​ប្លែក​ជា​ពិសេស​គុណ​ភាព​រឿង​តែ​ម្ដង​ដើម្បី​ឆ្លើយ​តប​តាម​ការ​ចង់​បាន​ពី​ទស្សនិកជន។

ស្នាដៃ​ថ្មី​របស់​តារា​កំប្លែង និង​ជា​អ្នក​ដឹក​នាំ​រឿង​ គឺ​រឿង”កូនក្រក” នឹង​ដាក់​បញ្ចាំង​ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា​​ឆ្នាំ​២០១៨ ខាង​មុខ​នៅ​គ្រប់​រោង​ភាពយន្ត​ទូទាំង​ប្រទេស៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់