• 2018-10-23 07:00:46
  • ព័ត៌មាន

មេ​ក្រុម​ចម្រៀង The East Light បង្ហាញ​ស្លាក​ស្នាម​​ក្រោយ​រង​ទារុណកម្ម​ ពី​​ម្ចាស់​ផលិតកម្ម

  • 2018-10-23 07:00:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៩​ ខែ​តុលា មេ​ក្រុម The East Light តារា​ចម្រៀង Lee Seokcheol បាន​ធ្វើ​សន្និសីទ​កាសែត​មួយ ដើម្បី​បកស្រាយ​រឿង​ពិត​ដែល​ក្រុម​ចម្រៀង​របស់​លោក​ទទួល​រង​ទុក្ខ​វេទនា​កន្លង​មក។

បញ្ហា​មួយ​នេះ​បាន​ក្លាយ​ជា​រឿង​ដ៏​​ធ្ងន់ធ្ងរ​មួយ ខណៈ​តារា​ចម្រៀង Lee Seokcheol និង​ប្អូន​ប្រុស​របស់​លោក Lee Seunghyun កំពុង​សិក្សា​ក្នុង​ឆ្នាំ​ទី ៣ និង​ទី ១ នៃ​ថ្នាក់​វិទ្យាល័យ​នៅ​ឡើយ ហើយ​ចំពោះ​​សមាជិក​ដ​ទៃ​ទៀត​ក្នុង​ក្រុម​ក៏​សុទ្ធ​តែ​នៅ​ជា​អនីតិជន​ផង​ដែរ។ បើ​តាម​ការ​ពិត​ដែល​បាន​បង្ហាញ​ថា ការ​ធ្វើ​ទារុណកម្ម​នោះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល ៤ ឆ្នាំ​មក​ហើយ​នោះ ដូច​នេះ សមាជិក​ក្នុង​ក្រុម​មួយ​ចំនួន​អាច​នឹង​កំពុង​សិក្សា​​ថ្នាក់​បឋម ឬ អនុ​វិទ្យាល័យ​នៅ​ឡើយ​ទេ។

មេ​ក្រុម​ចម្រៀង​រូប​នេះ បាន​បង្ហាញ​ទៀត​ថា ប្អូន​ប្រុស​របស់​លោក​គឺ​នៅ​តែ​កំពុង​ស្ថិត​ក្នុង​ការ​ភ័យ​ខ្លាច​ពី​ការ​ធ្វើ​ទារុណកម្ម​នោះ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ហើយ​គេ​នៅ​តែ​​មមើមមាយ​និយាយ​ពាក្យ "ជួយ​ខ្ញុំ​ផង" ដដែល រាល់​ពេល​ដែល​គេ​ដេក​លក់។

ផលិតករ Moon Young IL ត្រូវ​បាន​ឲ្យ​ដឹង​ថា បាន​ប្រើប្រាស់​វត្ថុ​រឹង​ជា​ច្រើន​ដូច​ជា ដង​វាយ​កូន​បាល់ ដង​ក្រណាត់​ជូត​ឥដ្ឋ និង​ជើង​ទម្រ​ក្បាល​មីក្រូ​ជា​ដើម​ក្នុង​ការ​ធ្វើ​ទារុណកម្ម​កូន​ក្រុម​ចម្រៀង​របស់​លោក។ រាល់​សមាជិក​ទាំង​អស់​ត្រូវ​បាន​វាយ​ដំ​នឹង​វត្ថុ​ទាំង​នោះ ដោយ​ហេតុផល​ផ្សេង​ៗ​គ្នា។ Lee Seokcheol បញ្ជាក់​ទៀត​ថា មាន​ពេល​មួយ សមាជិក​ទាំង​អស់ ត្រូវ​បាន​ផលិតករ​រូប​នេះ​វាយ​ដំ​ជា​ច្រើន​លើក​ច្រើន​សារ​ជាមួយ​ដង​វាយ​កូន​បាល់ ដោយ​សារ​តែ​ពួកគេ​ចេញ​ទៅ​ញ៉ាំ​អី​ខាង​ក្រៅ​ដោយ​មិន​បាន​ប្រាប់​មុន។

អំពើ​ដ៏​ឃោរឃៅ​ដែល​មិន​អាច​ទទួល​យក​បាន​មួយ​ទៀត​គឺ ផលិតករ​រូប​នេះ​បាន​យក​ខ្សែ​ហ្គីតា​មក​ចង​ក​របស់ Seokcheol ហើយ​ទាញ​រឹត​រហូត​លោក​មិន​អាច​ដក​ដង្ហើម​បាន នៅ​ពេល​ដែល​លោក​បាន​បង្ក​កំហុស​មួយ​អំឡុង​ពេល​ហ្វឹកហាត់។ មេ​ក្រុម​ចម្រៀង​រូប​នេះ បាន​បន្ថែម​ទៀត​ថា លោក​ទទួល​រង​ស្នាម​ជាំ និង​របួស​​នៅ​លើ​ក ដោយ​សារ​តែ​កំហុស​មួយ​នោះ។

​Seokcheol បន្ត​បកស្រាយ​ទៀត​ថា ទោះ​បី​ជា​សមាជិក​ទាំងអស់​ធ្លាប់​ទទួល​រង​ទារុណកម្ម​ដ៏​ឃោរឃៅ​នេះ​ក៏​ដោយ ប៉ុន្តែ​វា​គឺ​ពិបាក​ទទួល​យក​ខ្លាំង​ណាស់​សម្រាប់​កូន​ក្រុម​ដែល​មាន​វ័យ​ក្មេង​ជាង​គេ។ ពួកគេ​ត្រូវ​បាន​វាយដំ​យ៉ាង​ខ្លាំង រហូត​ដល់​ថ្នាក់​រត់​ទៅ​ក្អួត​ក្នុង​បន្ទប់​ទឹក។ ក្រោយ​ត្រឡប់​មក​ពី​ក្អួត​វិញ ផលិតករ​រូប​នោះ នៅ​តែ​មិន​ឈប់​វាយ​ដំ​ពួកគេ​ឡើយ។

ខណៈ​​ព័ត៌មាន​លម្អិត​កាន់​តែ​បើក​បង្ហាញ រឿង​នេះ​បាន​ធ្វើ​​​ឲ្យ​មាន​ការ​ខឹង​សម្បារ​ជា​ខ្លាំង​ពី​សំណាក់​ប្រជា​ជន​ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​ហិង្សា​ដាក់​ក្មេងៗ​បែប​នេះ។ ប្រការ​នេះ​ហើយ​ ទើប​មហាជន​នាំគ្នា​ ដាក់​ញត្តិ​ស្នើ​ដល់​រដ្ឋាភិបាល​ ឲ្យ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​យក​ចិត្ត​ទុកដាក់៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់