• 2018-11-16 04:24:42
  • ព័ត៌មាន

រកឃើញម្ចាស់ពានមាសពីមហោស្រពជាតិភាពយន្តខ្លីកម្ពុជា ទទួលបានទឹកប្រាក់ ១២ លានរៀល

  • 2018-11-16 04:24:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពជាតិភាពយន្តខ្លីកម្ពុជាលើកទី ២ បានបញ្ចប់ទៅកាលពីរាត្រីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ជាមួយការសារទរម្ចាស់ជយលាភីពានមាស ទទួលទឹកប្រាក់រង្វាន់ ១២លានរៀល គឺខ្សែភាពយន្តខ្លីរឿង «ម្ចាស់របាំងមុខ» របស់ផលិតករ ឡុង ឡយ។

ផលិតកររឿង «ម្ចាស់របាំងមុខ» ឡុង ឡយ ជយលាភីពានមាស

ភាពយន្តខ្លីមួយនេះ មានរយៈពេល៩នាទី បង្កប់ដោយអត្ថន័យបែបសិល្បៈបុរាណ និងស្នេហា។ អ្វីដែលពិសេសនោះផលិតករ និងអ្នកដឹកនាំរឿង ឡុង ឡយ ក៏បានលើកពីល្ខោនខោលក្នុងសម័យទំនើបមកបង្ហាញ ជាមួយការរៀបចំឈុតឆាក បច្ចេកទេសថត សម្ដែងជាច្រើនទើបធ្វើឱ្យ ឯកឧត្ដម ម៉ៅ អាយុទ្ធ ទីប្រឹក្សាក្រសួងវប្បធម៌ និងជាគណៈកម្មការនៃកម្មវិធី ទទួលស្គាល់ ថែមទាំងវាយតម្លៃជាភាពយន្តចំណាត់ថ្នាក់លេខ ១ ។

ឯកឧត្ដម ម៉ៅ អាយុទ្ធ ថ្លែងក្នុងពិធីបិទមហោស្រពជាតិភាពយន្តខ្លីកម្ពុជាលើកទី ២

ក្រៅពីភាពយន្តខ្លី «ម្ចាស់របាំងមុខ» ដែលជាប់ជម្រើសក្នុងភាពយន្ត ៤១ ចំណងជើង ប្រកួតក្នុងវគ្គចុងក្រោយជាមួយសាច់រឿង ៥ ចំណងជើងទៀត ក៏មានខ្សែភាពយន្ត ៣ ចំណងជើងទៀត ដែលឈ្នះជយលាភី លេខ ២ លេខ ៣ និងជយលាភីប្រជាប្រិយដែលមានការបោះឆ្នោតពីមហាជនដែលចូលរួមទស្សនា។

លោក ស្វាយ លីម៉េង ផលិតករភាពយន្តដែលជាប់ចំណាត់ថ្នាក់ លេខ ២

ភាពយន្តដែលជាប់ចំណាត់ថ្នាក់ លេខ ២ មានចំណងជើងថា «នារីសក់ខ្លី» ផលិតដោយ លោក ស្វាយ លីម៉េង ទទួលបានពានប្រាក់ ជាមួយទឹកប្រាក់ ៨ លានរៀល។ «នារីសក់ខ្លី» រៀបរាប់ពីការរៀបការដោយបង្ខំក្នុងសម័យខ្មែរក្រហម រម្លឹកជាសៀវភៅ និងស្រាយឡើងវិញដោយបងប្អូនស្រីប្រុស ២ នាក់។

ផលិតករ ជ័យ វិសាល ជយលាភីពានសំរិទ្ធ ម្ចាស់រឿង «ផ្តើមស្នេហ៍លើឡានក្រុង»

ភាពយន្តទទួលចំណាត់ថ្នាក់លេខ ៣ ជយលាភីពានសំរិទ្ធ ជាមួយទឹកប្រាក់ ៤លានរៀល ចំណងជើងថា «ផ្តើមស្នេហ៍លើឡានក្រុង» ផលិតដោយយុវជន ជ័យ វិសាល។ ភាពយន្តខ្លីនេះ បង្ហាញពីទិដ្ឋភាពស្នេហាបែបយុវវ័យ រៀបរាប់ពីចំណងស្នេហាលើឡានក្រុង។ ភាពយន្តនេះទទួលបានការគាំទ្រច្រើនបំផុតពីមហាជន ទទួលបាន រង្វានកាមេរ៉ាមួយគ្រឿង មានចំណងជើងថា «ថ្ងៃបុណ្យនៃក្តីស្រឡាញ់របស់ខ្ញុំ» ផលិតដោយយុវជន វង្ស បញ្ញាវ័ន្ត។

ក្រៅពីរឿងល្អៗទាំងប៉ុន្មានខាងលើ ក៏នៅមានភាពយន្តខ្លី ៣ ចំណងជើងទៀតដែលទទួលបានរង្វាន់លើកទឹកចិត្ត ចំនួន ៣០០ ដុល្លារ មានចំណងជើងថា «បងប្អូនប្រុស» ផលិតដោយយុវជន យន់ សេងហួរ, រឿង «ចាប់ជំរិត» ផលិតដោយយុវនារី សុធា អ៊ីណែស និងរឿង «ដើមត្នោត» ផលិតដោយ ពៅ ពិសិដ្ឋ & សួង រដ្ឋា ៕

អត្ថបទ៖ Sunny

មតិយោបល់