• 2018-11-18 04:04:40
  • ព័ត៌មាន

ស្ងាត់ពីសិល្បៈច្រើនឆ្នាំឥឡូវ ឈឿន ឧត្ដម លេចមុខដើរច្រៀងតាមកម្មវិធីមង្គលការ

  • 2018-11-18 04:04:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ដែល​តារា​ចម្រៀង​ ឈឿន ឧត្ដម បង្ហាញ​ខ្លួន​​​ច្រៀង​តាម​កម្មវិធី​មង្គលការ​ ឬ ជប់​លៀង​ផ្សេង​ក្នុង​ក្រម​របស់​ ហង្ស ឧត្ដមម៉ានី ក្រោយ​ពី​ស្ងប់​ស្ងាត់​​ក្នុង​ពិភព​សិល្បៈ​អស់​រយៈ​ពេល​​ច្រើន​ឆ្នាំ​មក​នេះ។

ជាក់​ស្ដែង​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ ហង្ស ឧត្ដមម៉ានី បាន​បង្ហោះ​កាល​ពី​ពេល​ថ្មី​​ៗ​នេះ​​ប្រម៉ូដ​ក្រុម​តន្ត្រី​សម័យ​របស់​ខ្លួន​ក៏​មាន​រូប​ ឈឿន ឧត្ដម នៅ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​នោះ​ផង​ដែរ។ ជា​ហេតុ​ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​យល់​ថា ម្ចាស់​បទ​"ឱបស្រមោល" រូប​នេះ​ចាប់​ផ្ដើម​លេច​មុខ​ដើរ​ច្រៀង​​កម្មវិធី​មង្គលការ​ជាមួយ​ ហង្ស ឧត្ដមម៉ានី ហើយ​ក្រោយ​ពី​អវត្តមាន​​មិន​បាន​បង្ហើរ​សំនៀង​ច្រើន​ឆ្នាំ​នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ និង​ឆាក​តន្ត្រី​ធំៗ។​

​ទោះ​បី​ជា​មាន​ការ​លើក​ឡើង​ចំពោះ​រូប​ភាព​នៅ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​ដូច្នេះ​ក្ដី​​ទាំង​ ឈឿន ឧត្ដម និង ហង្ស​ ឧត្ដមម៉ានី មិន​អាច​សុំ​បក​ស្រាយ​លម្អិត​បាន​ទេ ដោយ​ទូរស័ព្ទ​ហៅ​ចូល​មិន​មាន​អ្នក​ទទួល។

ការ​បង្ហាញ​មុខ​ច្រៀង​តាម​កម្មវិធី​មង្គល​ការ​​របស់ ឈឿន ឧត្ដម សារ​ជា​ថ្មី​ធ្វើ​កើត​ឡើង​បន្ទាប់​ពី​អ្នក​នាង ស៊ិន ឧត្ដមផល្លា បាន​បក​ស្រាយ​​ប្រាប់​ពី​មូល​ហេតុ​ពិត​ដែល​លោក បាត់​មុខ​ពី​សិល្បៈ​ទៅ​កាន់​ហ្វេនៗ​​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​តុលា ឆ្នាំ២០១៨ កន្លង​ទៅ។

នាង​ថា ចំពោះ​ការ​អវត្តមាន​ ឈឿន ឧត្ដម ពី​ពិភព​សិល្បៈ​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ដោយ​សារ​តែ​លោក មិន​សូវ​មាន​ការ​អញ្ជើញ​​ឲ្យ​ឡើង​ច្រៀង​​តាម​ស្ថានីយ​ទូរទស្សន៍​ដូច​ពេល​មុន។ ម្យ៉ាង​ទៀត​ស្រប​ពេល​​ខ្លួន​​មាន​បញ្ហា​ច្រមុះ និង​បំពង់ក​ទៀត​នោះ​ទើប​ការងារ​សិល្បៈ​​ស្ងប់ស្ងាត់។

លោក ឈឿន ឧត្ដម ចូល​ប្រឡូក​ក្នុង​សិល្បៈ​នា​ឆ្នាំ ១៩៩៨ តាម​រយៈ​ការ​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី គន្លងតារា របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ថិ៍​លេខ៥ ដោយ​លោក​ទទួល​បាន​ជយលាភីលេខ ២ ក្រោយ​មក លោក​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ផលិតកម្ម រស្មីស្ទឹងសង្កែ តាម​រយៈ​បទ​មនោ​សញ្ចេតនា​ល្បីៗ​ជា​ច្រើន​បទ៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់