• 2018-11-19 03:34:00
  • ជីវិតតារា

​តារា​ល្បី​ៗ​ជំនាន់​៩០​ទាំង​នេះ បច្ចុប្បន្ន ជីវិតប្រែប្រួល​យ៉ាង​ណា​ខ្លះ​ហើយ?

  • 2018-11-19 03:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ៗ​ជំនាន់ ៨០ និង ៩០ ប្រាកដ​ណាស់​ជា​បាន​ស្គាល់ ហើយ​អ្នក​ខ្លះ​ក៏​ជា​អ្នក​គាំទ្រ​ពេញ​ទី​របស់​តារា​ចម្រៀង​អន្តរជាតិ​ល្បី​ៗ ដូច​ជា Westlife, M2M និង Britney Spears ជា​ដើម។ មក​ទល់​បច្ចុប្បន្ន​នេះ តារា​ចម្រៀង​ខ្លះ​ក៏​នៅ​បន្ត​អាជីព​របស់​ពួកគេ ខណៈ​មួយ​ចំនួន​ទៀត​បាន​បែក​ក្រុម និង​រស់​នៅ​ជីវិត​​សាមញ្ញ​ជា​លក្ខណៈ​​ឯកជន។

ក្រុម​ចម្រៀង Westlife

Westlife គឺ​ជា​ក្រុម​ចម្រៀង​មួយ​ដែល​មាន​កិត្តិនាម​ល្បីល្បាញ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៨ មក​ម្ល៉េះ។ បទ​ចម្រៀង​របស់​ពួកគេ​ដូច​ជា​បទ "My Love”, “I Lay My Love On You” និង "Soledad” ជា​ដើម គឺ​នៅ​តែ​ដិត​ជាប់​ក្នុង​ចិត្ត​អ្នក​គាំទ្រ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

ខាង​ក្រោម​នេះ ជា​ស្ថានភាព​គ្រួសារ​របស់​សមាជិក​នីមួយ​ៗ​ក្នុង​ក្រុម​ចម្រៀង​ដ៏​ល្បី​មួយ​នេះ៖

១. តារា​ចម្រៀង Shane Fillan

Shane Fillan បច្ចុប្បន្ន​មាន​អាយុ ៣៩​ឆ្នាំ​។ លោក​បាន​រៀបការ​ជាមួយ​​មិត្ត​ភក្ដិ​ពី​កុមារភាព​របស់​លោក Gillian Walsh ក្នុង​ឆ្នាំ ២០០៣ ហើយ​ទទួល​បាន​កូន​ចំនួន ៣ នាក់​ជា​ចំណង​ដៃ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៀត​នោះ ភរិយា​របស់​តារា​ចម្រៀង​រូប​នេះ ត្រូវ​ជា​បង​ប្អូន​ជីដូនមួយ​នឹង​សមាជិក​ក្រុម Westlife មួយ​រូប​ទៀត​គឺ​តារា​ចម្រៀង Klan Egan។

២. តារា​ចម្រៀង Markus Feehilly

Markus Feehilly ជា​សមាជិក​ក្រុម Westlife មួយ​រូប​ដែល ត្រូវ​បាន​ឲ្យ​ដឹង​ថា​លោក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​ឆ្នាំ ២០០៥ ហើយ​បាន​ចាប់ផ្ដើម​ទាក់ទង​គ្នា​ជាមួយ​ជាង​ថត​រូប​ម្នាក់​ឈ្មោះ Kevin McDald នៅ​ខែ​មករា ក្នុង​ឆ្នាំ​ដដែល​នោះ។ គូ​ស្នេហ៍​មួយ​គូ​នេះ បាន​ទាក់ទង​គ្នា​យ៉ាង​យូរ រហូត​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​នឹង​គ្នា​ក្នុង​ឆ្នាំ ២០១០។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១១ តារា​ចម្រៀង Markus បាន​ប្រកាស​ថា ពួកគេ​បាន​ចែក​ផ្លូវ​គ្នា។​

បច្ចុប្បន្ន Markus មាន​អាយុ ៣៨​ឆ្នាំ ហើយ​នៅ​តែ​បន្ត​ធ្វើ​បទ​ចម្រៀង​របស់​លោក​ដដែល ជាក់​ស្ដែង​នៅ​ចុង​ឆ្នាំ​មុន​នេះ លោក​បាន​បញ្ចេញ​​អាល់ប៊ុម​សម្រាប់​រដូវ​កាល​បុណ្យ​ណូអែល​មួយ​ដែល​មាន​ឈ្មោះ​ថា "Christmas”។

៣. តារា​ចម្រៀង Nicky Byrne

Nicky Byrne ជា​សមាជិក​ដែល​មាន​អាយុ​បង​គេ​ប្រចាំ​ក្រុម។ បច្ចុប្បន្ន​លោក​មាន​វ័យ ៤០ ឆ្នាំ​ហើយ រួម​ទាំង​មាន​គ្រួសារ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ​ទៀត។ តារា​ចម្រៀងNicky Byrne បាន​រៀបការ​ជាមួយ​មិត្ត​កាល​ពី​កុមារភាព​របស់​លោក Georgina Ahern ក្នុង​ឆ្នាំ ២០០៣ និង​មាន​កូន​ប្រុស​ភ្លោះ រួម​នឹង​កូន​ស្រី​ម្នាក់​ទៀត​ ទុក​ជា​ចំណង​ដៃ។

៤. តារា​ចម្រៀង Klan Egan

Klan Egan បច្ចុប្បន្ន​មាន​អាយុ ៣៨ ឆ្នាំ។ លោក​បាន​រៀបការ​ជាមួយ​តារា​ចម្រៀង Jodi Albert ក្នុង​ឆ្នាំ ២០០៩។ ពួកគេ​មាន​កូន​ប្រុស​ចំនួន​ ៣ នាក់។ ក្រោយ​ចាកចេញ​ពី​ក្រុម​ចម្រៀង Westlife តារា​ចម្រៀង Klan បាន​ចេញ​អាល់ប៊ុម​ចម្រៀង​ទោល​មួយ ប៉ុន្តែ​ការងារ​ប្រចាំ​ទូរទស្សន៍​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ភាព​ជោគជ័យ​ជាង​ការងារ​ជា​អ្នក​ចម្រៀង​នេះ។ បច្ចុប្បន្ន លោក​ជា​គណៈកម្មការ​មួយ​រូប​ប្រចាំ​កម្មវិធី "The Voice Ireland”។

៥. តារា​ចម្រៀង Brian McFadden

Brian McFadden ជា​សមាជិក​ដំបូង​ដែល​បាន​ដើរ​ចេញ​ពី​ក្រុម​ Westlife ក្នុង​ឆ្នាំ ២០០៤។ បច្ចុប្បន្ន លោក​មាន​អាយុ ៣៨​ឆ្នាំ។ ក្នុង​ឆ្នាំ ២០០២ លោក​បាន​រៀបការ​ជាមួយ​តារា​ចម្រៀង Kerry Katona ហើយ​មាន​កូន​ស្រី​ចំនួន ២ នាក់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គូ​ស្នេហ៍​មួយ​គូ​នេះ បាន​សម្រេច​ចិត្ត​លែង​លះ​គ្នា​ក្នុង​ឆ្នាំ ២០០៤។

ក្រោយ​លែង​លះ​រួច​មក តារា​ចម្រៀង Brian បាន​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​ជាមួយ​តារា​ចម្រៀង​ល្បី​ប្រចាំ​ប្រទេស​អូស្ត្រាលី Delta Goodrem។ ពួកគេ​បាន​លង់​ស្រឡាញ់​គ្នា នៅ​ចន្លោះ​ឆ្នាំ ២០០៤ រហូត​ដល់ ២០១១ រហូត​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា។

មិន​យូរ​ប៉ុន្មាន អតីត​សមាជិក​ក្រុម Westlife រូប​នេះ ក៏​បាន​ផ្លាស់​ខ្លួន​មក​ទាក់ទង​តារា​ម៉ូដែល​សញ្ជាតិ​អ៊ែក​ឡង់ Vogue Williams ភ្លាម ក្នុង​ឆ្នាំ​តែ​មួយ​ដែល​លោក​បាន​ចែក​ផ្លូវ​គ្នា​ពី​តារា​ចម្រៀង Delta។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ពួកគេ​ក៏​បាន​រៀបការ​ជាមួយ​គ្នា ក្នុង​ប្រទេស​អ៊ីតាលី ប៉ុន្តែ​បាន​លែងលះ​គ្នា​វិញ​ក្នុង​ឆ្នាំ ២០១៥។

ក្រុម​ចម្រៀង Backstreet Boys

Backstreet Boys ក៏​ចាត់​ចូល​ជា​ក្រុម​ចម្រៀង​ជើង​ចាស់​មួយ​រូប​ដែល​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង មិន​ខុស​ពី Westlife នោះ​ទេ។ បទ​ចម្រៀង​ដែល​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​របស់​ពួកគេ​មាន​ដូច​ជា​បទ​ "As Long as You Love Me”, “I Want It That Way” និង "Shape Of My Heart” ជា​ដើម។

១. តារា​ចម្រៀង AJ McLean

AJ McLean បច្ចុប្បន្ន​មាន​អាយុ ៤០​ឆ្នាំ និង​ត្រូវ​ជា​ឪពុក​របស់​ក្មេង​ស្រី​ចំនួន ២ នាក់។​ តារា​ចម្រៀង​រូប​នេះ បាន​រៀបការ​ជាមួយ​អ្នក​ច្នៃ​ម៉ូដ Rochelle Deanna Karidls ក្នុង​ឆ្នាំ ២០១១។

២. តារា​ចម្រៀង Howie Dorough

បច្ចុប្បន្ន តារា​ចម្រៀង​រូប​នេះ មាន​អាយុ ៤៥ ឆ្នាំ។ លោក​បាន​រៀបការ​ជាមួយ​ស្ត្រី​ម្នាក់​មាន​ឈ្មោះ​ថា Leigh Boniello ក្នុង​ឆ្នាំ ២០០៧ និង​បាន​បង្កើត​គ្រួសារ​ដ៏​កក់ក្ដៅ​មួយ​រួម​គ្នា។

៣. តារា​ចម្រៀង Nick Carter

បច្ចុប្បន្ន Nick Carter មាន​អាយុ ៣៨​ឆ្នាំ។ ក្នុង​ឆ្នាំ ២០១៤ លោក​បាន​រៀបការ​​ជាមួយ​គ្រូ​បង្វឹក​ម្នាក់​ឈ្មោះ Lauren kitt ហើយ ២ ឆ្នាំ​ក្រោយ​មក ពួកគេ​ទាំង​២ ក៏​ទទួល​បាន​កូន​ប្រុស​ម្នាក់​ជា​ចំណង​ដៃ។

៤. តារា​ចម្រៀង Kevin Richardson

មិន​ខុស​ពី​សមាជិក​ដទៃ Kevin Richardson ក៏​មាន​គ្រួសារ​ពេញលេញ​មួយ​ដូច​គ្នា។ លោក​បាន​រៀបការ​ក្នុង​ឆ្នាំ ២០០០ ជាមួយ​ភរិយា​របស់​លោក​ឈ្មោះ Kristin Kay Willits ហើយ​ក៏​ទទួល​បាន​កូន​ប្រុស​ចំនួន ២ រូប​រួម​គ្នា។ Kevin ជា​សមាជិក​ច្បង​ប្រចាំ​ក្រុម ហើយ​បច្ចុប្បន្ន​ លោក​មាន​អាយុ ៤៧​ឆ្នាំ។

៥. តារា​ចម្រៀង Brian Littrell

Brian Littrell បច្ចុប្បន្ន​មាន​វ័យ ៤៣ ឆ្នាំ។ លោក​បាន​ជួប​គ្នា​ជាមួយ​តារា​ម៉ូដែល Leighanne Wallace ក្នុង​ស្ទូឌីយោ​ថត​បទ "As Long as You Love Me” ក្នុង​ឆ្នាំ ១៩៩៧។ ៣ ឆ្នាំ​ក្រោយ​មក ពួកគេ​ក៏​បាន​រៀបការ​ជាមួយ​គ្នា និង​ទទួល​បាន​កូន​ប្រុស​ម្នាក់​ជា​ចំណង​ដៃ​ក្នុង​ឆ្នាំ ២០០២។

ក្រុម​ចម្រៀង M2M

បើ​និយាយ​ពី​តារា​ចម្រៀង​ស្រី​កាល​ពី​ជំនាន់ ៩០​វិញ M2M គឺ​ជា​ក្រុម​មួយ​ដែល​លេច​ធ្លោ​ជាង​គេ​ក្នុង​ជំនាន់​នោះ។ បទ​ចម្រៀង​ដែល​ទទួល​បាន​ការ​ពេញ​និយម​មាន​ដូច​ជា​បទ "Do not Say You Love Me” និង "The Day You Went Away”។

១. តារា​ចម្រៀង Marit Larsen

​បច្ចុប្បន្ន Marit Larsen មាន​អាយុ ៣៥ ឆ្នាំ។ ក្រោយ​ក្រុម​ចម្រៀង​ M2M បាន​រំសាយ តារា​ចម្រៀង Marit បាន​បន្ត​អាជីព​ជា​អ្នក​ចម្រៀង​ទោល។ នាង​បាន​ចេញ​អាល់ប៊ុម​ចម្រៀង​ទោល​ចំនួន ៤ អំឡុង​ឆ្នាំ​នោះ ប៉ុន្តែ​ឥឡូវ Marit បាន​បញ្ឈប់​អាជីព​ជា​អ្នក​សិល្បៈ​បាត់​ទៅ​ហើយ។

ក្នុង​ឆ្នាំ ២០១៦ នាង​បាន​រៀបការ​ជាមួយ​មិត្ត​ប្រុស Alexander Buchmann ក្រោយ​ទាក់ទង​គ្នា​បាន ២ ឆ្នាំ។

២. តារា​ចម្រៀង Marion Raven

Marion Raven បច្ចុប្បន្ន​មាន​អាយុ ៣៤ ឆ្នាំ។ នាង​នៅ​តែ​បន្ត​អាជីព​ជា​តារា​ចម្រៀង​ទោល ក្រោយ​ក្រុម​ចម្រៀង​របស់​ខ្លួន​បាន​រំសាយ ប៉ុន្តែ​ការងារ​របស់​នាង​បែរ​ជា​មិន​ទទួល​បាន​ភាព​ជោគជ័យ។ អាល់ប៊ុម​ចុង​ក្រោយ​របស់​នាង​មាន​ចំណង​ជើង​ថា "Scandal Vol.2” ដែល​បាន​ចេញ​កាល​ពី​ឆ្នាំ ២០១៥។

បើ​និយាយ​ពី​ជីវិត​ផ្ទាល់​ខ្លួន​វិញ នាង​​បាន​រៀបការ​ជាមួយ​តារា​ចម្រៀង Andreas Wiig បាន​រយៈពេល ២ ឆ្នាំ ក្រោយ​សម្រេច​ចិត្ត​លែង​លះ​គ្នា ក្នុង​ឆ្នាំ ២០១៥​ដដែល។

តារា​ចម្រៀង Britney Spears

បើ​និយាយ​ពី​តារា​ចម្រៀង​ស្រី​ដែល​មាន​សំឡេង​ពីរោះ និង​រូបរាង​សិច​ស៊ី​ស្រស់​ស្អាត​នោះ ប្រាកដ​ណាស់​ក្មេង​ៗ​ជំនាន់ ៩០ នឹក​ភ្នក​ទៅ​លើ​តារា​ចម្រៀង Britney Spears មុន​គេ។ Britney Spears ជា​តារា​ចម្រៀង​ស្រី​ជើង​ចាស់​មួយ​រូប​ ដែល​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ជាមួយ​បទ​ចម្រៀង​ដ៏​ពេញ​និយម​របស់​នាង មាន​ដូច​ជា​បទ "Baby One More Time”, “Crazy” និង "Oops! I Did It Again” ជា​ដើម។

ពាក់ព័ន្ធ​នឹង​ជីវិត​ផ្ទាល់​ខ្លួន​វិញ តារា​ចម្រៀង Britney Spears បាន​ធ្លាក់​ក្នុង​ស្ថានភាព​មិន​ប្រក្រតី ក្រោយ​ចំណង​អាពាហ៍ពិពាហ៍​របស់​នាង​ជាមួយ​ស្វាមី​ទី​២ Kevin Federlineត្រូវ​បាន​បែក​បាក់។

ក្រោយ​ជីវិត​របស់​នាង​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​សូន្យ បូករួម​ទាំង​ក្លាយ​ជា​ប្រធានបទ​រឿង​អាស្រូវ​ប្រចាំ​បណ្ដាញ​សារព័ត៌មាន​ផង​នោះ Britney Spears បាន​ធ្លាក់​ក្នុង​ជំងឺ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ចន្លោះ​ពី​ឆ្នាំ ២០០៦ ដល់ ២០០៧។ នាង​ទទួល​រង​សម្ពាធ​ផ្លូវ​ចិត្ត​នេះ រហូត​ដល់​កោរ​សក់​របស់​នាង​ចោល​អស់។

ក្នុង​ឆ្នាំ ២០០៨ តារា​ចម្រៀង​រូប​នេះ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត ហើយ​ក៏​ទទួល​បាន​លំនឹង​ជីវិត​របស់​នាង​ត្រឡប់​មក​វិញ។

ក្រោយ​ទទួល​បទ​ពិសោធ​នៃ​ការ​ប៉ះ​ទង្គិច​ច្រើន​បែប​នេះ តារា​ចម្រៀង Britney Spears បច្ចុប្បន្ន​កំពុង​មាន​ទំនាក់ទំនង​ជាមួយ Sam Asghari ដែល​ជា​គ្រូ​បង្វឹក​កីឡា និង​តារា​ម៉ូដែល​មួយ​រូប មាន​វ័យ​ក្មេង​ជាង​នាង​រហូត​ដល់ ១១ ឆ្នាំ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់