• 2018-11-27 04:17:20
  • ព័ត៌មាន

ប្រភព​កំបាំង​មុខ​៖ "បង​អ្ហើយ ក្នុង​សិល្បៈ​អ្នក​ណា​មាន​ជាង ខាត់ សុឃីម ទៀត​!”

  • 2018-11-27 04:17:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា មាន​សិល្បករ ​មួយ​ចំនួន​ហក់​លោត​ខ្លាំង​ខាង​មុខ​ជំនួញ​តូច​ធំ​រៀង​ខ្លួន​ក៏​ពិត​មែន ប៉ុន្តែ​មាន​ប្រភព​កំបាំង​មុខ​មួយ​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា នៅ​ក្នុង​សិល្បៈ​ខ្មែរ​បច្ចុប្បន្ន មាន​តែ​តារា​ប្រជាប្រិយ ខាត់ សុឃីម ប៉ុណ្ណោះ ដែល​មាន​ទ្រព្យ និង​អចលនទ្រព្យ​ច្រើន​ជាង​គេ​បំផុត។

"ណ្ហើយ​បង​អ្ហើយ...ក្នុង​សិល្បៈ​រាល់​ថ្ងៃ​នេះ អ្នក​ណា​មាន​ជាង ខាត់ សុឃីម ទៀត​នោះ!"។ ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ​រូប​ថ្លែង។ អះអាង​បែប​នេះ ប្រភព​ដដែល​បាន​លើក​ឡើង​បន្ថែម​ថា តារា​ប្រជាប្រិយ​ខាង​លើ ជា​មនុស្ស​ពូកែ​រក មិន​សូវ​ទំនេរ ក្នុង​នោះ​មិន​ថា​ការងារ​សិល្បៈ និង​ការងារ​រកស៊ី​ផ្សេង​ៗ​នោះ គឺ​នាង​មិន​ឲ្យ​រំលង​មួយ​ឡើយ។ ចំណុច​នេះ ដូច​អ្វី​ដែល​សាមី​ខ្លួន​ធ្លាប់​ប្រាប់​មុន​នេះ​ដែរ​ថា នាង​ស្ដាយ​ពេល​វេលា ទើប​មិន​សូវ​មាន​ពេល​ជួប​ជុំ​មិត្ត​ភក្ដិ​ទេ ពោល​គឺ ពេល​វេលា​ដែល​មាន​ទាំង​ប៉ុន្មាន គឺ​ដើម្បី​តែ​សកម្មភាព​បង្កើត​ចំណូល​ប៉ុណ្ណោះ។

បន្ថែម​ពី​លើ​នេះ ប្រភព​បាន​គូស​បញ្ជាក់​ថា ក្រៅពី​ពូកែ​ប្រឹង​រក​លុយ​មិន​ឈប់​ហើយ​នោះ ខាត់ សុឃីម ក៏​មិន​មែន​ជា​អ្នក​ចូល​ចិត្ត​ចាយ​វាយ​ផ្ដេសផ្ដាស​នោះ​ដែរ។ ដូច្នេះ​ហើយ ទើប​បច្ចុប្បន្ន​កូន​ច្បង​ត្រកូល ខាត់ រូប​នេះ មាន​ទ្រព្យ​រឹង​មាំ​ជា​ច្រើន​ក្នុង​ដៃ។ "អានេះ​តាម​តែ​ខ្ញុំ​ដឹង​ទេ នាង​មាន​ផ្ទះ​នៅ​ជិត​ផ្សារ​ដេប៉ូ​តម្លៃ​ក្បែរ​លាន​ដុល្លារ នៅ​ចោមចៅ នៅ​ស្ទឹងមានជ័យ ហើយ​ដី​ក៏​មាន​ច្រើន​ដែរ ទាំង​នៅ​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​ទៀត...បង​ឯង​គិត​មើល​ទៅ ប៉ុន្មាន? នេះ​អ្វី​ដែល​យើង​ដឹង​ផង!”។

នេះ​មិន​ទាន់​និយាយ​ដល់​ចលនទ្រព្យ​របស់ សុឃីម ដូច​ជា​រថយន្ត​ស៊េរី​ទំនើប​​ៗ​របស់​នាង​មាន​ដូច​ជា Ford Raptor នោះ​ជា​ដើម​​ផង។

ជុំវិញ​បញ្ហា​នេះ ខាត់ សុឃីម អស់​សំណើច​ខ្លី មុន​ពេល​​ផ្ដល់​ចម្លើយ​អវិជ្ជមាន​ចំពោះ​ការ​លើក​ឡើង​ខាង​លើ។ "ខឹក...ខ្ញុំ​សុំ​មិន​និយាយ​អ្វី​ទេ​ពី​រឿង​នេះ តាម​តែ​គេ ឬ​តាម​តែ​បង​ប្អូន​មើល​ឃើញ​ហ្នឹង​ទៅ...ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​និយាយ​បាន​នោះ គឺ​ថា​រាល់​ថ្ងៃ រក​មួយ​រៀល​ដាក់​ផ្ទះ​គ្មាន​ទេ!(សើច!) គឺ​អត់​តែ​ម្ដង ខ្ញុំ​និយាយ​មែន...ខ្ញុំ​មិន​ដែល​អត់​លុយ​ឯណា​ដូច​ឆ្នាំ​នេះ​ទេ គឺ​អត់​ហ្មង!”។

បែប​នេះ​ក្ដី តារា​ប្រជាប្រិយ​ទទួល​ស្គាល់​ថា នាង​ពិត​មាន​ផ្ទះ និង​ដី​ច្រើន​កន្លែង​ពិត​មែន តែ​នាង​សុំ​មិន​និយាយ​លម្អិត​ពី​តួលេខ ពិត​ប្រាកដ។ "មែន បើ​និយាយ​ពី​ផ្ទះ និង​ដី ខ្ញុំ​មាន​ច្រើន​មែន...ប៉ុន្តែ​កុំ​អោយ​ខ្ញុំ​និយាយ​ថា​មាន​ប៉ុន្មាន ប៉ុន្មាន​អី...កុំ​អី ពេល​ដែល​នៅ​មាន​ឱកាស​ចេះ​តែ​ខំ​ទៅ ហើយ​ពេល​រក​បាន​ក៏​ចេះ​តែ​ឆ្លៀត​ទិញ​នេះ ទិញ​នោះ​ទុក​អីចឹង​ទៅ...កុំ​ឲ្យ​ចាស់​ទៅ​វា​ពិបាក!”។

និយាយ​ពី​បុព្វហេតុ​នៃ​ការ​កកើត​អចលនទ្រព្យ​ដូច​លើក​ឡើង​ខ្លះ​ៗ​​ខាង​លើ របស់ ខាត់ សុឃីម ត្រូវ​បាន​គេ​ដឹង​ថា បាន​មក​ពី​ប្រភព​ជា​ច្រើន ដូច​ជា​ជំនួញ​ទទួល​បម្រើ​ភ្លេង​ការ ភ្លេង​ខ្មែរ​ដែល​កាក់​កប​បំផុត​រដូវ​បុណ្យ​ទាន កឋិន ឬ​រដូវ​ការ​នេះ​តែ​ម្ដង ដែល​អាច​ឲ្យ​នាង​រក​ចំណូល​បាន​រាប់​ពាន់ រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​ៗ ដែល​ចាត់​ជា​ប្រភព​ចំណូល​ធំ​របស់​នាង។ ក្រៅ​ពី​នេះ ការងារ​សិល្បៈ​ច្រៀង(បុរាណ-សម័យ) សម្ដែង ជាដើម ក៏​កៀរគរ​ចំណូល​មិន​ស្ទើរ​ដែរ​ប្រចាំ​ខែ បូក​រួម​ទាំង​ការងារ​ទិញ​លក់​ដី​មួយ​ចំនួន​ទៀត សុទ្ធ​ជា​ប្រភព​លុយ​ម៉ឺន​ៗ​ដុល្លារ​របស់​នាង។

ខាត់ សុឃីម ទើប​ប្រកាស​ថ្មី​ៗ លក់​ដី​របស់​នាង​មួយ​កន្លែង​នៅ​ខេត្ត​កំពត មាន​ទីតាំង​នៅ​ផ្លូវ​ក្រវាត់​ក្រុង​កំពត​ផ្លូវ​រីសត​ឌ្រីមលែន​លក់​ក្នុង​តម្លៃ ១០ម៉ឺន​ដុល្លារ​អាមេរិក​ទៀត​ផង៕

អត្ថបទ៖ ទារិកា

មតិយោបល់