• 2018-12-04 03:06:43
  • ព័ត៌មាន

ជិត​ដាច់​ឆ្នាំ សូ ដានីតា លេង​យក​ឈ្មោះ​ខ្លួន​ឯង​ចេញ​រក​ស៊ី​លើក​ដំបូង​តែ​ម្ដង

  • 2018-12-04 03:06:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មិន​ដល់​១​ខែ​ទៀត ដាច់​ឆ្នាំ​ចាស់ ផ្លាស់​ចូល​ឆ្នាំ​ថ្មី​នឹង​ចូល​មក​ដល់ សូដា នីតា ស្រាប់​តែ​ហក់​មក​រកស៊ី ដោយ​បង្កើត​ផលិតផល​ដាក់​ពាណិជ្ជ​នាម​ខ្លួន​ឯង​ជា​លើក​ដំបូង​បំផុត។

ផលិតផល​ថ្មី​ដែល​តារា​ស្រី នាំ​មក​ជូន​ប្រិយមិត្ត​ក្នុង​ស្រុក​នា​ពេល​នេះ មាន​យីហោ DNT ជា​ប្រភេទ​ផលិតផល​ថែ​រក្សា​សម្រស់ សារធាតុ​ដើម​នាំ​យក​ពី​ប្រទេស​កូរ៉េ និង​វេច​ខ្ចប់​សម្រេច​នៅ​ប្រទេស​ថៃ។ តារា​ស្រី​ដែល​ជាប់​មន្ទិល​ស្នេហ៍​ជាមួយ យ៉ែម សំអូន បញ្ជាក់​ថា ផលិតផល​របស់​នាង​ខាង​លើ មាន​ចែក​ជា​៤​មុខ​ទៀត គឺ ១.ឈុត​មុខ​ជាំ អាចម៍​រុយ មុន នឹង​មុខ​ស ទី​២.ឈុត​កាហ្វេ​ទឹកដោះ​គោ សម្រក​ទម្ងន់ ទី​៣. ឈុត​កាហ្វេ​ក្រាប​ស្បែក​ស និង​ទន់​ថ្លា និង​ទី​៤.ឈុត​ល្មៀត​ក្រាប​ស្បែក​បែប​ធម្មជាតិ។

ក្រោយ​រំលេច​បាន​សមិទ្ធផល​ខាង​លើ សូដា នីតា បញ្ជាក់​ថា នាង​កំពុង​មាន​គម្រោង​ពង្រីក​តំបន់​គ្រប​ដណ្ដប់​បន្ថែម​ទៀត ដើម្បី​ធានា​បាន​ផលិតផល​ថ្មី​របស់​នាង ទៅ​ដល់​ដៃ​បង​ប្អូន​ប្រជាពលរដ្ឋ​បាន​កាន់​តែ​ច្រើន។ "ឥឡូវ​នេះ ខ្ញុំ​កំពុង​រក​តំណាង​ចែកចាយ​បន្ត​ទៀត ដែល​ពួក​គាត់​ចំណាយ​តិច​តែ​ចំណេញ​ច្រើន។ ម្យ៉ាង​ផលិតផល​នាង​ខ្ញុំ គឺ​មាន​ការ​ត្រួត​ពិនិត្យ​គុណភាព​ត្រឹម​ត្រូវ​ដោយ​ក្រសួង​សុខាភិបាល និង​មាន​ចេញ​វិញ្ញាបនបត្រ​ផលិត​ផល​ឲ្យ​ផង!”។

មិន​មាន​ការ​បញ្ជាក់​អំពី​តួលេខ​នៃ​ខ្ទង់​ចំណាយ​លើ​ការ​បង្កើត​ផលិតផល​ប្រើ​ឈ្មោះ​ខ្លួន​ឯង​ឡើយ ប៉ុន្តែ​តាម​ការ​បញ្ជាក់​ថា​របស់ តារា​ម៉ូដែល​ខាង​លើ នេះ​គឺ​ជា​លើក​ដំបូង​បំផុត​ដែល​នាង​ចេញ​រក​ស៊ី​ដោយ​ដាក់​ឈ្មោះ​ខ្លួន​ឯង។ នីតា បញ្ជាក់​ថា ពី​មុន​មក​នាង​ធ្លាប់​រកស៊ី​ជា​ច្រើន​មុខ​របរ​រួច​មក​ហើយ ប៉ុន្តែ​មិន​ដែល​ប្រើ​ឈ្មោះ​ខ្លួន​ឯង​ឡើយ។ យ៉ាង​នេះ​ក្ដី តារា​ស្រី មិន​បាន​បញ្ជាក់​ពី​មុខ​ជំនួញ​ទាំង​ឡាយ​ក្នុង​អតីតកាល​នោះ​ទេ។

និយាយ​ពី​សិល្បករ​ចេញ​រកស៊ី​ដោយ​យក​ឈ្មោះ​ខ្លួន​ឯង​បង្កើត​ជា​ពាណិជ្ជ​នាម​លើ​ផលិតផល សូដា នីតា មិន​មែន​ជា​បុគ្គល​ដំបូង​នោះ​ទេ។ កន្លង​មក អេឡិច ច័ន្ទត្រា គង់ ចាន់​ស្រី​មុំ សុខ សោម៉ាវត្តី ឱក សុគន្ធ​កញ្ញា ជា​ដើម សុទ្ធ​តែ​មាន​ផលិតផល​ប្រើ​ឈ្មោះ​ខ្លួន​ឯង។ អេឡិច ច័ន្ទត្រា ស្រីមុំ និង​សុខ សោម៉ាវត្តី មាន​ផលិតផល​ទឹក​អប់​ប្រើ​ពាណិជ្ជ​នាម​ផ្ទាល់​ខ្លួន។ ដោយ​ឡែក ឱក សុគន្ធ​កញ្ញា ខុស​គេ ដោយ​នាង​បង្កើត​ផលិតផល​កាបូប​ទៅ​វិញ។

ក្រៅ​ពី​នេះ ទេព បូព្រឹក្ស ងួន ចាន់ដេវីដ និង​លី ច័ន្ទ​សីហា មាន​ផលិតផល​ថែ​រក្សា​សម្ផស្ស​ប្រើ​ឈ្មោះ​ខ្លួន​ឯង​រៀង​ៗ​ខ្លួន ដូច​នឹង សូដា នីតា នា​ពេល​នេះ​ដែរ។ ត្បិត​ថា សុទ្ធ​ជា​ផលិតផល​របស់​តារា​ល្បី​របស់​កម្ពុជា ប៉ុន្តែ​ផលិតផល​ទាំង​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា នៅ​មិន​ទាន់​ហក់​លោត​ខ្លាំង​ក្នុង​ទីផ្សារ​ជែង​ផលិតផល​នាំ​ចូល​ពី​បរទេស​នោះ​ទេ។ ងាក​មក នីតា ដែល​ហក់​ចូល​ក្រោយ​គេ ក៏​មិន​ទាន់​ច្បាស់ ត្បិត​ថា សាមី​ខ្លួន ក៏​មិន​បាន​បញ្ជាក់​ពី​រឿង​នេះ​ដែរ៕

រូបភាព៖ ហ្វេសប៊ុក សូ ដានីតា

អត្ថបទ៖ ទារិកា

មតិយោបល់