• 2018-12-05 06:45:11
  • ស្ទីលតារា

ទូតខ្មែរនៅថៃ បង្ហាញឈុតបុរាណបង្កប់អត្តសញ្ញាណជាតិជ្រាលជ្រៅឲ្យបរទេសបានស្គាល់

  • 2018-12-05 06:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈុត​បុរាណ​ខ្មែរ​មួយ​ឈុត​ពណ៌​ទឹក​សមុទ្រ រំលេច​ដោយ​ក្បូរ​ក្បាច់​ររចនា​ល្អ​ឯក ត្រូវ​​បាន​​បង្ហាញ​​ក្នុង​​កម្មវិធី​ដើរ​ម៉ូដ​មួយមាន​ឈ្មោះ​ថា The 8th Celebration of Silk, Thai Silk Road to the World 2018 នៅ​ប្រទេស​ថៃ ​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោកស្រី ឡាយ ច័ន្ទរស្មី ទីប្រឹក្សា​នៃ​ស្ថាន​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ គឺ​ជា​អ្នក​គ្រង​នូវ​សម្លៀក​បំពាក់បុរាណ​ខ្មែរ​ដ៏​ស្រស់​ស្អាត បង្កប់​ដោយ​អត្ថន័យ បង្ហាញ​ក្នុង​កម្មវិធី​ខាង​លើ។ លោកស្រី​ថា ក្នុង​នាម​ជា​អ្នក​ការទូត​នៅក្រៅ​ប្រទេស ក្រៅ​ពី​ការងារ​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​ជាមួយ​ប្រទេស​ម្ចាស់​ផ្ទះ និង​ការងារ​បម្រើ​ផល​ប្រយោជន៍​ជាតិ លោកស្រី​ក៏​បាន​ចូលរួម​ចំណែក​ទោះ​តិច ឬ​ច្រើន​ក្នុង​បង្ហាញ​វប្បធម៌​ប្រពៃណី​ឲ្យ​បរទេស​បាន​ស្គាល់។ លោកស្រី​ពិត​ជាមាន​មោទកភាព​ក្នុង​នាម​ជា​កូន​ខ្មែរ ក្នុង​ការ​លើក​ស្ទួយ​វប្បធម៌​ជាតិ ជាពិសេស​បង្ហាញ​ទង់ជាតិ​កម្ពុជា​លើ​ឆាកអន្តរជាតិ។​

លោកស្រី ឡាយ ច័ន្ទរស្មី បង្ហាញម៉ូដក្នុងឈុតបុរាណខ្មែរ

ឈុត​ដែល​លោកស្រី ឡាយ ច័ន្ទរស្មី គ្រង​នោះ​ច្នៃ​ដោយ​អ្នក​ច្នៃម៉ូដ​ដ៏​ចំណាន អ្នកស្រី លី កូឡាប បង្កប់​​ដោយ អត្ថន័យ​ជ្រាល​ជ្រៅ ដោយ​ផ្នែក​ខាងលើ​រំលេច​រូប​នាគ​ព័ន្ធ​ជុំវិញ តំណាង​ឲ្យ​ព្រះនាង​នាគ ឬ​ព្រះនាង​សោមា ចំណែក​ឯ​ពណ៌​ទឹក​សមុទ្រ ឬ​ពណ៌​ខៀវ​ខ្ចី តំណាង​ឲ្យ​មហា​សាគរ ដែល​ជា​ដើម​កំណើត​ទឹក​ដី​ខ្មែរ។ ឯ​សត្វដំរី​មួយ​គូ​តំណាង​ឲ្យអំណាច ភាព​រឹង​មាំ មហិច្ចតា និង​សេចក្តី​សុខ​ក្សេមក្សាន្ត ហើយ​ក៏​តំណាង​ឲ្យ​ធនធាន​សត្វព្រៃ-ធម្មជាតិក្នុង​ដែន​ដីខ្មែរ។

លោកស្រី ឡាយ ច័ន្ទរស្មី (រូបស្តាំដៃ)

ផ្នែក​ខាង​ក្រោម​វិញ រចនា​ឡើង​តាម​លំនាំ​នៃ​ក្បាច់​រចនា​នៃ​រូប​ទេពអប្សរា តំណាង​ស្ត្រី​បរិសុទ្ធ និង​ជា​ស្រីសួគ៌ ដែលមាន​ឆ្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត។ គ្រឿង​អលង្ការ​លម្អ​រចនា​ក្បាច់​តាម​សិល្បៈ​ខ្មែរ​ពិតៗ និង​មាន​ស្នៀត​សក់​​រូប​​ផ្ការំដួល តំណាង​ឲ្យ​បុប្ផា​ជាតិ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។

កម្មវិធី The 8th Celebration of Silk, Thai Silk Road to the World 2018 មាន​ការ​ចូលរួម​បង្ហាញ​ពីបណ្តា​អង្គទូត​បរទេស និង​តំណាង​ស្ថាន​ទូត​នានា​ចំនួន ៤៨ ប្រទេស រួម​ទាំង​អ្នក​ច្នៃម៉ូដ​ពី ៤៣ ប្រទេស រួម​ទាំងកម្ពុជា​ ជា​ពិសេស​មាន​ការ​ចូលរួម​ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ និង​​បវរកញ្ញា ឆ្នាំ ២០១៧ ពីប្រទេសជាច្រើន។

អត្ថបទ៖ ដេត ធន្នី

មតិយោបល់