• 2018-12-05 11:49:32
  • ព័ត៌មាន

ខេម អន់​ចិត្ត​ខ្លាំង​ឃើញ​សំរាម​អណ្ដែត​លើ​ទឹក រហូត​ដល់​ធ្លោយ​មាត់​ដាក់​បង​ប្អូន​មួយ​ចំនួន

  • 2018-12-05 11:49:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សកម្មភាព​អង្គុយ​សម្លឹង​សំរាម​អណ្ដែត​នៅ​លើ​ផ្ទៃ​ទឹក តារា​ចម្រៀង​ ខេម បាន​ចេញ​សកម្មភាព​សារ​មួយ បង្ហាញ​ពី​ការ​អន់ចិត្ត​ចំពោះ​សកម្មភាព​ខ្វះ​សណ្ដាប់​ធ្នាប់​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​ចោល​​សំរាម​ផ្ដេសផ្ដាស ធ្វើ​ឲ្យ​បរិស្ថាន​សង្គម​ខ្វះ​ភាព​ស្អាត​ស្អំ។

តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ឆ្នាំង បាន​លើក​ឡើង​ថា បរិស្ថាន​ល្អ​មាន​អនាម័យ មាន​សណ្ដាប់​ធ្នាប់ គឺ​ផ្ដល់​ផល​វិជ្ជមាន​ជា​ច្រើន។ ដូច្នេះ​ហើយ ទើប​រាល់​ពេល​ដែល​យើង​ទាំង​អស់​គ្នា​មាន​ទុក្ខ​កង្វល់ តែង​រត់​រក​កន្លែង​មាន​ខ្យល់​អាកាស​ល្អ​បរិសុទ្ធ មាន​អនាម័យ ដើម្បី​បន្ធូរ​ភាព​តាន​តឹង​ក្នុង​អារម្មណ៍។ ប៉ុន្តែ​អ្វី​ដែល​លោក​ឆ្ងល់ ហេតុ​អ្វី​ក៏​បង​ប្អូន​បណ្ដោយ​ឲ្យទឹក ដី និង​ខ្យល់​រង​គ្រោះ​ដោយ​សារ​ការ​ទុក​ដាក់​សំរាម​របស់​ខ្លួន​ទៅ​វិញ។

លោក ថា៖ "ហេតុអ្វី​បង​ប្អូន​មួយ​ចំនួន​ចូល​ចិត្ត​ធ្វើ​បែប​នេះ​ម្ល៉េះ ឬ​មួយ​ក៏​ភ្លេច​ខ្លួន!”។ ខេម ថ្លែង​ជាមួយ​សកម្មភាព​អង្គុយ​សម្លឹង​សំរាម​មួយ​ចំនួន​កំពុង​អណ្ដែត​ផ្ទៃ​ទឹក​ក្បែរ​ថ្ម​ប៉ប្រះ​ទឹក។ "ពេល​ពិបាក​ចិត្ត​រត់​រក​សមុទ្រ រត់​រក​ធម្មជាតិ​ឲ្យ​ជួយ តែ​ពេល​បាន​សប្បាយ ឬ​បាន​ធូរ​ស្បើយ​បែរ​ជា​បំផ្លាញ​ធម្មជាតិ​ទៅ​វិញ!” លោក ខេម ថ្លែង។

រូបភាព៖ ទំព័រ​ហ្វេសប៊ុក​របស់ ខេម

ជំនួស​ឲ្យ​ការ​ស្ដី​បន្ទោស​នរណា​ម្នាក់​បន្ថែម តារា​ចម្រៀង​របស់​ផលិតកម្ម​ថោន ស្នើ​បង​ប្អូន​ប្រជាពលរដ្ឋ​ចូល​រួម​ថែ​រក្សា និង​ការពារ​ធម្មជាតិ បរិស្ថាន​ទាំង​អស់​គ្នា។ "គ្មាន​នរណា​ស្រឡាញ់​ប្រទេស​របស់​យើង ជាង​យើង​នោះ​ទេ"។ ខេម បន្ថែម៕

អត្ថបទ៖ ទារិកា

មតិយោបល់