• 2018-12-07 12:09:28
  • ព័ត៌មាន

អាសូរ​ណាស់! អាប៉ោយ​ចៅ​តា ស្ថានភាព​កាន់​តែ​គួរ​ធ្ងន់ធ្ងរ​ខ្លាំង ដង្ហោយ​ចង់​ជួប​អ្នក​សិល្បៈ​មួយ​ចំនួន

  • 2018-12-07 12:09:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាព​របស់​អា​ប៉ោយ​ចៅ​តា ដែល​កំពុង​ដេក​ឈឺ​ជំងឺ​តម្រង់​នាម និង​ខ្វះ​ឈាម​នោះ បាន​វិវត្ត​កាន់​តែ​គួរ​ឲ្យ​បារម្ភ ខណៈ​វិនាទី​នេះ រូប​គេ​បាន​ដង្ហោយ​រក​មិត្តភ័ក្ដិ​សិល្បៈ​មួយ​ចំនួន។ នេះ​បើ​តាម​អ្នក​នាង ខាត់ សុឃីម ដែល​បាន​ទៅ​សួរ​សុខ​ទុក្ខ​ផ្ទាល់​នៅ​មន្ទីរ​ពេទ្យ​ព្រឹក​នេះ។

“ហ៊ឺ...មើល​ទៅ​ដូច​ជា​មិន​ថយ​ក្រោយ​ទេ...មាន​តែ​ទៅ​មុខ...គ្នា​អ្នក​អត់​ណាស់ ម្ដាយ​លក់​អស់​ហើយ លក់​នេះ​លក់​នោះ លក់​ម៉ូតូ​ទៅ អី​ទៅ ផ្សែ​ផ្សំ​មក​អស់​ហើយ ហើយ​ឥឡូវ​ហ្នឹង​សួរ​រក​តែ​អ្នក​សិល្បៈ​ដែល​ធ្លាប់​សម្ដែង​ជាមួយ​ដូច​ជា សិរីមន្ត អា​ព្រែក សុបិន អី​ហ្នឹង...សួរ​រក​រហូត!”។

អា​ប៉ោយ​ចៅ​តា ដែល​មាន​ឈ្មោះ​ដើម ញឹក កុសល បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​តម្រង់​នោម និង​ខ្វះ​ឈាម​ប្រមាណ​ជា​មក​ខែ​ហើយ​នៅ​មន្ទីរ​ពេទ្យ​ព្រះកេតុមាលា។ ពាក់​ព័ន្ធ​នឹង​ការ​ធ្លាក់​ខ្លួន​ឈឺ​របស់​តារា​កម្សត់​នេះ ខាត់ សុឃីម ត្រូវ​ជា​បង​ប្អូន​ជីទួត​មួយ​នឹងគ្នា​នោះ បាន​រៀបរាប់​ថា កាល​ពី​នៅ​តូច អាប៉ោយ​ចៅ​តា ធ្លាប់​ត្រូវ​រ៉ឺម៉ក​ម៉ូតូ​បើក​កិនជើង​ខាង​ស្តាំ​ហើយ​ប៉ះ​តម្រង់​នោម និង​ក្រលៀន។

គ្រោះ​ថ្នាក់​នោះ បាន​បណ្ដាល​អោយ​ហើម​ជើង និង​នោម​មិន​ចេញ​។ តែ​ពេល​នោះ​ក៏​បាន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ជួយ​សង្គ្រោះ​ ដោយ​បាន​ព្យាបាល​ជា​ទៅ​ហើយ ហើយ​ក៏​លែង​ចាប់​អារម្មណ៍ មិន​នឹក​ស្មាន​ថា​មក​ដល់​ពេល​នេះ​ជំងឺ​វា​បាន​ធ្វើ​ទុក្ខ​ឡើង​វិញ​​សោះ។ ខាត់ សុឃីម បន្ថែម​ថា ស្ថានភាព​របស់​អាប៉ោយ​ចៅ​តា​នា​ពេល​នេះ កាន់​តែ​អស់​សង្ឃឹម​ហើយ ព្រោះ​ខូច​តម្រង់​នោម និង​ក្រលៀន​ ឈាន​ដល់​ដំណាក់​កាល​លាង​ឈាម​ទៅ​ហើយ។

“តាម​មើល​ទៅ ទំនង​មិន​ថយ​ក្រោយ​ទេ​ ប្រហែល​កាន់​ទៅ​មុខ​ហើយ...គ្រូ​ពេទ្យ​ថា តម្រង់​នោម​វា​ខូច​ខ្ទេច​អស់​ទៅ​ហើយ កែ​មិន​បាន​ទេ ហ៊ឺ...គ្នា​អត់​ផង!!!”។ ដោយ​សារ​តែ​បែប​នេះ តារា​ប្រជាប្រិយ លើក​ឡើង​បន្ត​ថា សម្រាប់​បង​ប្អូន​សិល្បៈ​ដែល​រាប់​អាន ពិសេស​អ្នក​ដែល អ្នក​ជំងឺ​ដង្ហោយ​រក បើ​អាច សូម​ទៅ​សួរ​សុខ​ទុក្ខ​គ្នា​ផង ព្រោះ​ស្ថានភាព​របស់​អាប៉ោយ ស្ថិត​ក្នុង​ដំណាក់​កាល​គួរ​ឲ្យ​បារម្ភ​ខ្លាំង។

បច្ចុប្បន្ន ញឹក កុសល ហៅ អាប៉ោយ​ចៅ​តា កំពុង​សម្រាក​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​ព្រះកេតុមាលា ហៅ​ពេទ្យ​១៧៩ ឬ​ពេទ្យ​ទាហាន ស្ថិត​នៅ​ខាង​ជើង​វត្ត​ភ្នំ៕

អត្ថបទ៖ ទារិកា

មតិយោបល់