• 2018-12-12 03:35:38
  • ព័ត៌មាន

និយាយ​លេង​សើច​អី! ឡាយ លក្ខិណា ត្រូវ​គេ​ចាប់​ផ្គូ​ជាមួយ​តារា​ចម្រៀង​កាណាដា

  • 2018-12-12 03:35:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​បេសកកម្ម​នៅ​ក្រៅ​ប្រទេស ឡាយ លក្ខិណា ត្រូវ​បាន​គេ​ចាប់​ផ្គូ​ជាមួយ​តារា​ចម្រៀង​សញ្ជាតិ​កាណាដា​ម្នាក់ ដែល​នេះ​ជា​យុទ្ធ​សាស្ត្រ​មួយ​របស់​ម្ចាស់​ឧបត្ថម្ភ​ដែល​មាន​ជំនឿ​ថា នឹង​ជួយ​ឲ្យ​តារា​ចម្រៀង​ទាំង​ពីរ​ហក់​លោត​ខ្លាំង ពិសេស ឡាយ លក្ខិណា ផ្ទាល់​តែ​ម្ដង។ នេះ​បើ​តាម​អ្នក​ស្រី ចៅ សណ្ដាប់ ចាងហ្វាង​ផលិតកម្ម Sandap C Production អ្នក​នាំ​លក្ខិណា ទៅ​ពី​កម្ពុជា។

តាម​ចាងហ្វាង​ផលិតកម្ម​ដដែល តារា​ចម្រៀង​ប្រុស​កាណាដា​រូប​នោះ មាន​ឈ្មោះ​ថា Clarence ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​មួយ​រូប​នៅ​ប្រទេស​កំណើត​របស់​គេ។ កិច្ច​សហការ​រវាង​តារា​ចម្រៀង​ខ្មែរ និង​កាណាដា ទាំង​ពីរ អ្នក​ស្រី សណ្ដាប់ អះអាង​ថា នឹង​ប្រកាស​ជា​ចំហ​នៅ​ក្នុង​វិធី​ថ្ងៃ​ទី ២៩ ធ្នូ ២០១៨​ខាង​មុខ។ "កម្មវិធី​ហ្នឹង ធ្វើ​ដើម្បី​អបអរ​ឆ្នាំ​ថ្មី ហើយ​យើង​នឹង​ប្រកាស​ពី​ការ​ចាប់​ដៃគូ​គ្នា​រវាង​ពួក​គេ​តែ​ម្ដង។ ប៉ុន្តែ​ពី​នោះ​មក លក្ខិណា និង Clarence នឹង​ចាប់​ផ្ដើម​ការងារ​របស់​ពួក​គេ!”។

តាម​ផែន​ការ Clarence និង​តារា​ស្រី​ទៅ​ពី​កម្ពុជា ឡាយ លក្ខិណា នឹង​ចាប់​ផ្ដើម​ច្រៀង​រួម​គ្នា​ក្នុង​បទ​ចម្រៀង​មួយ​បទ​នៅ​ពេល​មិន​យូរ​ខាង​មុខ។ យ៉ាង​ណា​ចំណង​ជើង​បទ​ចម្រៀង នៅ​មិន​ទាន់​ទម្លាយ​ចេញ​ជា​ផ្លូវ​ការ​ទេ។ ក្រៅ​ពី​នេះ លក្ខិណា ក៏​នឹង​មាន​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​មួយ​បទ​ដែល​ត្រូវ​ថត​ដែរ។

អតីត​បុប្ផា​៤ទង ឡាយ លក្ខិណា បាន​ទៅ​ដល់​ប្រទេស​កាណាដា​កាល​ពី​ចុង​ខែ​តុលា ដើម្បី​បេសកកម្ម​សិល្បៈ​របស់​នាង ជាមួយ​លោក នៅ ស៊ីនឿន។ យ៉ាង​នេះ​ក្ដី ការ​ចាប់​ផ្គូ​ជាមួយ​តារា​ចម្រៀង​កាណាដា​ខាង​លើ ដើម្បី​ថត​បទ​ចម្រៀង​អន្តរជាតិ​រួម​គ្នា គឺ​ជា​ហេតុផល​ចម្បង​មួយ​ដែល​នាំ​វត្តមាន​តារា​ស្រី​ទៅ​ដល់​ទឹក​ដី​អឺរ៉ុប​មួយ​នេះ តាម​ការ​ផ្ចុងផ្ដើម​របស់ Sandap C Production។

បើ​ទោះ​ជា​បាន​ទៅ​ដល់​ទឹក​ដី​កាណាដា​តាំង​ពី​ថ្ងៃ​ទី ២៣ តុលា ២០១៨ ក្ដី ប៉ុន្តែ​ចំណង​កិច្ចសហការ លក្ខិណា និង​តារា​ចម្រៀង​កាណាដា ទើប​គ្រោង​នឹង​ប្រកាស​នៅ​ចុង​ខែ​នេះ​ប៉ុណ្ណោះ។ ភាព​យឺតយ៉ាវ​នេះ អ្នក​ស្រី ចៅ សណ្ដាប់ បញ្ជាក់​ថា ដោយ​សារ​តែ លក្ខិណា នៅ​ជាប់​ដៃ​ជាមួយ​លោក នៅ ស៊ីនឿន បម្រើ​អារម្មណ៍​បង​ប្អូន​ខ្មែរ​នៅ​ទី​នោះ​នៅ​ឡើយ ក្នុង​រយៈ​ពេល​កន្លង​មក។ ដូច្នេះ​ហើយ ទើប​ផែនការ​ចាប់​ផ្គូ លក្ខិណា និង Clarence ផ្លូវ​ការ ត្រូវ​លើក​មក​ធ្វើ​នា​ចុង​ខែ​នេះ​វិញ។

កម្មវិធី​នោះ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន តុង​ប៉ោ នា​ថ្ងៃ​ទី 29ខែ12ឆ្នាំ2018នៅ​ទី​ក្រុង ម៉ុងត្រេអាល់ ប្រទេស​កាណាដា។ “ក្រោយ​ពី​ការ​ប្រកាស​ពី​ការ​ចាប់​ដៃ​គ្នា​រវាង លក្ខិណា និង Clarence នៅ​រង្វង់​ខែ​១​ឆ្នាំ​ក្រោយ​នឹង ពួក​គាត់​នឹង​ចាប់​ផ្ដើម​ថត​បទ​ចម្រៀង​ជាមួយ​គ្នា។ ដំបូង​ខ្ញុំ​ឲ្យ​គាត់​ច្រៀង​ជាមួយ​គ្នា​ជា​ភាសា​បារាំង​១​បទ​សិន ហើយ លក្ខិណា ១​បទ។ តាម​ផែន​ការ​របស់​ខ្ញុំ គឺ​ឲ្យ​ពួក​គេ សហការ​ជាមួយ​គ្នា ២-៣​ដង​ក្នុង​១​ឆ្នាំ”។

រូបភាព៖ ផ្ដល់​ដោយ សណ្ដាប់

សព្វ​ថ្ងៃ លក្ខិណា និង​ដៃគូ​ចម្រៀង​កាណាដា កំពុង​ហាត់​សម​ជាមួយ​គ្នា ត្រៀម​ធ្វើ​ឲ្យ​សម្រាប់​ការ​សម្ដែង​ជាមួយ​គ្នា​នៅ​​ថ្ងៃ​ទី ២៩ ធ្នូ ខាង​មុខ។ ដូច្នេះ​ហើយ​អ្នក​ស្រី សណ្ដាប់ ស្នើ​បង​ប្អូន​ខ្មែរ​នៅ​កាណាដា ចូល​រួម​ឱ្យ​បាន​ច្រើន​កុះករ និង​រាំ​លេង​សប្បាយ​ទាំង​អស់​គ្នា៕

អត្ថបទ៖ ទារិកា

មតិយោបល់