• 2018-12-12 05:09:50
  • ព័ត៌មាន

អាណិត រឿន ណាត Live ទាំង​យំ​ពី​ប្រទេស​ថៃ​មក រឿង​អ្នក​គាំទ្រ​នាង​ជេរ​បេក្ខនារី​អាមេរិក!

  • 2018-12-12 05:09:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា រឿន ណាត បាន​អួល​ដើម​ក យំ​ខ្សឹកខ្សួល ក្នុង​វីដេអូ Live ពី​ប្រទេស​ថៃ​មក​នៅ​វេលា​ថ្ងៃ​ត្រង់​នេះ ក្រោយ​ពី​មាន​ការ​យល់​ច្រឡំ​ធំ​មួយ​ក្នុង​រង្វង់​អ្នក​គាំទ្រ​របស់​នាង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​មិត្ត​ក្នុង​ប្រកួត​ជនជាតិ​អូស្ត្រាលី​របស់​នាង​ឈឺ​ចាប់​រហូត​ដល់​ស្រក់​ទឹក​ភ្នែក។

ការ​យល់​ច្រឡំ​នេះ បាន​កើត​ក្រោយ​ពី​ការ​លេច​ធ្លាយ​វីដេអូ​មួយ​ចេញ​ពី​ការ​ប្រកួត Miss Univers ដែល​តាម​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន បាន​លើក​ឡើង​ថា បវរកញ្ញា​តំណាង​ប្រទេស​អូស្ត្រាលី​បាន​និយាយ​មាក់ងាយ បវរកញ្ញា​កម្ពុជា រឿន ណាត ថា​អត់​ចេះ​ភាសា​អង់គ្លេស។ អ្នក​គាំទ្រ​កញ្ញា រឿន ណាត នៅ​កម្ពុជា មួយ​ចំនួន​បាន​ចូល​ទៅ Comment ជេរ​ប្រមាថ​បេក្ខនារី​ប្រទេស​អូស្ត្រាលី ដែល​ធ្វើ​ឲ្យ​សាមី​ខ្លួន​ឈឺ​ចាប់​រហូត​ដល់​យំ​សស្រាក់។

“ក្រោយ​ពី​គាត់(បវរកញ្ញា​អូស្ត្រាលី) បាន​ឃើញ Fan ខ្មែរ​ជេរ​គាត់ គាត់​បាន​យំ​នៅ​នឹង​មុខ​ខ្ញុំ ហេតុ​អី​អ្នក​គាំទ្រ ធ្វើ​បែប​ហ្នឹង"។ រឿន ណាត បញ្ជាក់​ថា ភ្លាមៗ នាង​ក៏​យំ​តាម​មិត្ត​អូស្ត្រាលី​របស់​នាង​ដែរ ព្រោះ​តែ​ការ​អាណិត ត្បិត​មិត្ត​របស់​នាង ពិត​មិន​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​នាង​សោះ​ឡើយ។

“គាត់​យំ ហើយ​បាន​មក​សុំ​ទោស​ខ្ញុំ ទាំង​ដែល​គាត់​អត់​បាន​ធ្វើ​ខុស​ផង​ហ្នឹង...ខ្ញុំ​យំ​អាណិត​គាត់...អីចឹង​ខ្ញុំ​ស្នើ Fan ខ្មែរ ឈប់​យល់​ច្រឡំ​ចំពោះ​គាត់​ត​ទៅ​ទៀត ព្រោះ​ក្នុង​ចំណោម​បេក្ខនារី​ទាំង មាន​តែ​កាត់ និង​បវរកញ្ញា​អាមេរិក​ប៉ុណ្ណោះ ដែល​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ជាង​គេ ទៅ​ណា ពួក​គាត់​តែង​តែ​អូស​ដៃ​ខ្ញុំ​ទៅ​ជាមួយ កុំ​យល់​ច្រឡំ​លើ​គាត់​អី!”។

រំលឹក​រឿង​ការ​អធិប្បាយ​របស់​បេក្ខនារី​អូស្ត្រាលី អំពី រឿន ណាត នោះ សាមី​ខ្លួន​ដែល​ជា​បេក្ខនារី​តំណាង​កម្ពុជា បាន​ឲ្យ​ដឹង​ថា នាង(បវរកញ្ញា​អូស្ត្រាលី) គ្រាន់​តែ​ឆ្លើយ​តប​នឹង​សំណួរ​ដែល​ថា អំពី​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ក្នុង​ចំណោម​បេក្ខនារី​ទាំង​អស់​ប៉ុណ្ណោះ ក្នុង​នោះ​មិត្ត​អូស្ត្រាលី បាន​លើក​ឧទាហរណ៍​អំពី រឿន ណាត និង​វៀតណាម ដែល​ហាក់​ឯកា ដោយ​សារ​តែ​មិន​អាច​ទំនាក់ទំនង​ជា​ភាសា​អង់គ្លេស​ទៅ​អ្នក​ផ្សេង​បាន​ល្អ​ប៉ុណ្ណោះ។

រឿន ណាត សង្កត់​ថា ការ​លើក​ឡើង​របស់​មិត្ត​នារី​អូស្ត្រាលី​របស់​នាង គឺ​គ្រាន់​តែ​ក្នុង​ន័យ​អាណិត​នាង​ប៉ុណ្ណោះ។ "ដូច​គាត់​និយាយ​អីចឹង ខ្ញុំ​ឯកា ឯកា​មែន​ព្រោះ​ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​គេ តែ​និយាយ​មិន​កើត ហើយ​ពេល​គាត់​និយាយ​នោះ គឺ​ខ្ញុំ​នៅ​មុខ​គាត់​ហ្នឹង អីចឹង...សូម​អ្នក​គាំទ្រ​ទាំង​អស់​គ្នា ឈប់​មាន​ការ​យល់​ច្រឡំ​ចំពោះ​គាត់​ត​ទៅ​ទៀត..."

បេក្ខនារី​កម្ពុជា​បញ្ជាក់​ថា ពេល​នេះ​មិត្ត​នារី​អូស្ត្រាលី ហាក់​លែង​សូវ​ហ៊ាន​មាន​ទំនាក់ទំនង​ជាមួយ​នាង​ទៀត​ហើយ ព្រោះ​តែ​មិត្ត​នាង មាន​អារម្មណ៍​ខ្លាច​ខុស​ចំពោះ​អ្នក​គាំទ្រ​របស់​នាង។ " នាង​ខ្ញុំ សូម​បង​ប្អូន​លុប​វីដេអូ​ទាំង​នោះ​ចេញ ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​ដែល​ស្រឡាញ់​យើង បែរ​ទទួល​ការ​ខក​ចិត្ត​អីចឹង​ទេ...ព្រោះ​ដូច​ខ្ញុំ​និយាយ​អីចឹង មាន​តែ​គាត់​ប៉ុណ្ណោះ​ដែល​ស្រឡាញ់​ខ្ញុំ​ជាង​គេ!”។

រឿន ណាត និង​បេក្ខនារី​តំណាង​ប្រទេស​ផ្សេង​ទៀត កំពុង​ស្ថិត​នៅ​ប្រទេស​ថៃ ចូល​រួម​ប្រកួត​ប្រជែង Miss Univers ២០១៨។ ណាត បញ្ជាក់​ថា នៅ​ពេល​នេះ រឿង​អ្នក​គាំទ្រ​ខ្មែរ​ជេរ​បេក្ខនារី​អូស្ត្រាលី បាន និង​កំពុង​ត្រូវ​គេ​លើក​យក​មក​និយាយ​ក្ដៅគគុកក្នុង​កម្មវិធី៕

អត្ថបទ៖ ទារិកា

មតិយោបល់