• 2018-12-14 06:36:11
  • ព័ត៌មាន

អឹម ជីវ៉ា រៀបរាប់​ពី​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​យប់​មិញ ​បណ្ដាល​ឲ្យ​ស្លាប់​តៃ​កុង​ម្នាក់​

  • 2018-12-14 06:36:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ ​ពេល​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​បុណ្យ​សមុទ្រ​ ឡាន​របស់​លោក អឹម ជី​វ៉ា ​មាន​បញ្ហា​ខូច​តាម​ផ្លូវ នៅ​ម្ដុំ​អណ្ដូង​ទឹក ក្នុងខេត្តកោះកុង ធ្វើ​ឲ្យ​លោក​សម្រេច​ជួល​ឡាន​អូស​មក​ភ្នំពេញ​វិញ។ លោក ​បញ្ជាក់​ថា ​បាន​ជិះ​​រថយន្ត​ផ្សេង​មួ​យ​ទៀត​​ទាំង​យប់ ធ្វើ​ដំណើរ​មក​កោះ​កុង ហើយ​​ឲ្យ​តម្លៃ​ឈ្នួល​ សម្រាប់អូស​រថយន្ត​ខូច​មក​ភ្នំពេញ​ ចំនួន ១៥០​ដុល្លារ និង​២០​ ដុល្លារ ​ទៀត សម្រាប់​តៃ​កុង​ឡាន​។ ​

​តែ​ចៃដន្យ ​ពេល​កំពុង​អូស​រថយន្ត​ពី​កន្លែង​កើត​ហេតុ​មក​ភ្នំពេញ​វិញ ​​​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ ក្រឡាប់​រថយន្ត ​នៅ​ស្រែ​អំបិល បណ្ដាល​ឲ្យ​​តៃ​កុង​ឡាន​នោះ​ស្លាប់ យ៉ាង​អាណោចអាធ័ម។ ​នេះ​បើ​តាម​ការ​ បញ្ជាក់​ ពី​លោក ​អឹម ជីវ៉ា រៀប​រាប់​លម្អិត​ពី​រឿង​រ៉ាវ ​គ្រោះ​ថ្នាក់​ចរាចរណ៍​ កាល​ពី​យប់​មិញ។

​លោក អឹម ​ជី​វ៉ា ​មាន​អារម្មណ៍​សោក​ស្ដាយ ​និង​នៅ​ភ័យ​រន្ធត់​នៅ​ឡើយ ចំពោះ​ហេ​តុ​ការណ៍​នេះ ហើយ​លោក ​មិន​មែន​ជា​ជន​បង្ក ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ឡើយ។

​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ TV FB ​ឲ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៤ ខែ​ធ្នូ ឆ្នាំ២០១៨ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ រថយន្ត​ពីរ​គ្រឿង​សណ្ដោង​អូស​គ្នា ស្រាប់​តែ​បើក​ធ្លាក់​ផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប់​មួយ​គ្រឿង នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤៨ ចន្លោះ​បង្គោល​គី​ឡូ​លេខ ២២-២៣ ស្ថិត​ក្នុង​ភូមិ​ជី​ខ ឃុំ​ជី​ខ​លើ ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង។

រថយន្ត​ទី​១ ម៉ាក LEXUS ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-9069 ពណ៌​ខ្មៅ និង​រថយន្ត​ទី​២ ម៉ាកLEXUS ពណ៌​ទឹក​មាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP-9487 បាន​សណ្ដោង​អូស​គ្នា​ពី​កោះ​កុង ទៅ​ភ្នំពេញ ពេល​មក​ដល់​ចំណុច​ខាង​លើ ស្រាប់​តែ​រថយន្ត​ទាំង​ពីរ​បាន​ធ្លាក់​ថ្នល់ បណ្ដាល​ឲ្យ​ក្រឡាប់ ១គ្រឿង ពណ៌​ទឹក​មាស ស្លាប់​បុរស​ម្នាក់ ឈ្មោះ ញន ប្រុស​ អាយុ ៤៩ឆ្នាំ ជន​ជាតិ​ខ្មែរ មាន​ទី​លំ​នៅ​ភូមិ​៤ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង​ (អ្នក​បើក​បរ​រថយន្ត​ទឹក​មាស)​ រី​ឯ​អ្នក​បើក​បរ​រថយន្ត ពណ៌​ខ្មៅ​ គេច​ខ្លួន​បាត់ ។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច បាន​ចុះ​វាស់​វែង និង​ស្ទូច​យក​រថយន្ត​ទាំង​ពីរ​គ្រឿង ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ស្រែ​អំបិល ដើម្បី​រង់​ចាំ​ដោះ​ស្រាយ​ពេល​ក្រោយ៕ ​​​​​​​

​​

​​​​​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់