• 2019-01-02 03:02:37
  • ព័ត៌មាន

១ សន្លឹក​បើក​បង្ហាញ​ពី​ប្រវត្តិ​សម្ដែង​រួម​គ្នា​ដំបូងរបស់ អម្ពរ ទេវី និង​ទេព រិនដារ៉ូ កម្រ​មាន​អ្នក​ដឹង!

  • 2019-01-02 03:02:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់ ទេព រិន​ដារ៉ូ និង​អ្នក​នាង អម្ពរ ទេវី ត្រូវ​បាន​គេ​ថា ជា​កំពូល​តារា​សម្ដែង​សាក​សម​ទាំង​ទ្វេ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​របស់​ខ្មែរ ពិសេស​គឺ​ការ​សម្ដែង​ជា​គូ​ជាមួយ​គ្នា​តែ​ម្ដង។ ប៉ុន្តែ​ប៉ុន្មាន​នាក់ ដែល​ដឹង​ពី​ការ​ចាប់​ផ្ដើម​របស់​តារា​សម្ដែង​ជើង​ចាស់​ទាំង​ពីរ។

លោក ស៊ិន ច័ន្ទសាយ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ជា​អតីត​ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នោះ បាន​បើក​កកាយ​លើក​ដំបូង​បំផុត​ពី​ប្រវត្តិ​សម្ដែង​រួម​រវាង​សិល្បករ​ល្បី​ឈ្មោះ​ទាំង​ពីរ។ តាម​រយៈ​រូបភាព មួយ​សន្លឹក​បង្ហាញ​ពី​សិល្បករ​រៀម​ច្បង​ទាំង​ពីរ​នៅ​ជា​យុវវ័យ​នៅ​ឡើយ លោក សាយ៉ា ប្រាប់​ថា នេះ​គឺ​ជា​រូប​ភាព​ក្នុង​ការ​សម្ដែង​រួម​គ្នា​លើក​ដំបូង​បំផុត​របស់​លោក ដារ៉ូ និង​អម្ពរ ទេវី ក្នុង​ទសវត្សរ៍​ទី ៩០។

នោះ​គឺ​ជា​សម្ដែង​របស់​តារា​ទាំង​ពីរ​ក្នុង​រឿង "អាថ៌កំបាំង​កិច្ច​សន្យា"។ លោក បង្ហើប​ដូច្នេះ​ថា៖ "ចង​ចាំ​ថា​ជា រូបថត​ដែល​កំលោះ ទេព រិន​ដារ៉ូ និង​កញ្ញា អម្ពរ ទេវី សំដែង​ជា​តួឯក​រួម​គ្នា​លើក​ដំបូង​បង្អស់​ក្នុង​រឿង" អាថ៌កំបាំង​នៃ​កិច្ចសន្យា" នា​ឆ្នាំ1990"។ រឿង​នេះ គឺ​លោក ស៊ិន ច័ន្ទ​សាយ៉ា ជា​ផលិតករ​ប្រតិបត្តិ​ផ្ទាល់​តែ​ម្ដង។

បន្ទាប់​ពី​នោះ​មក ទេព រិនដារ៉ូ-អម្ពរ ទេវី ក៏​បាន​ក្លាយ​ជា​ដៃគូ​សាក​សម ក្នុង​នោះ​ចំណង​ដៃ​ភាគច្រើន​នៃ​ផលិតផល​ភាពយន្ត​ខ្មែរ​ពេញ​និយម​ការ​សម្ដែង​ជា​គូ​របស់​អ្នក​ទាំង​ពីរ។ រឿង​ដែល ទេព រិនដារ៉ូ និង អម្ពរ ទេវី សម្ដែង​រួម​គ្នា​កាល​ពី​អតីតកាល​នា​ទសវត្សរ៍ ៨០ និង ៩០ មាន​ដូច​ជា​រឿង "សម្ដី​ចុង​ក្រោយ" រឿង "សាក​មើល​សិន" និង​រឿង "ឃ្លាំង​ជីវិត" ជា​ដើម។

យ៉ាង​ណា ក្រោយ​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក​ឆ្លង​កាត់​ស្ថានភាព​ដួល​ហើយងើបក្នុង​អំឡុង​ឆ្នាំ ២០០០ ពិសេស​បន្ទាប់​ពី​អ្នក​នាង អម្ពរ ទេវី បាន​ចេញ​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​មក ការ​សម្ដែង​រួម​គ្នា​របស់​ពួក​គេ​ទាំង​ពីរ ក៏​ត្រូវ​អាក់ខាន។

ពួក​គេ​ទាំង​ពីរ ទើប​នឹង​វិល​មក​ការ​សម្ដែង​រួម​គ្នា​ជា​ថ្មី កាល​ពី​ឆ្នាំ ២០១៧ ក្នុង​រឿង "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី" របស់​អ្នក​និពន្ធ ពាន់ ភួង​បុប្ផា។ ក្រោយ​ពី​លេច​មុខ​ក្នុង​រឿង​ថ្មី​ជាមួយ​គ្នានោះ​មក ពួក​គេ ក៏​ត្រូវ​បាន​ទាក់​ទង​មក​សម្ដែង​រួម​គ្នា​ជា​ថ្មី​ទៀត ក្នុង​រឿង "ឆន្ទា" វណ្ណកម្ម​ផលិតកម្ម "Red Picture” ដឹកនាំ​ដោយ​លោក ឌៀប សុវណ្ណារ៉ា នៅ​ក្នុង​ឆ្នាំ ២០១៨៕

អត្ថបទ៖ ទារិកា

មតិយោបល់